
កាលពីថ្ងៃពុធលោក Sheikh Ahmed bin Dalmook បានឱ្យដឹងថាលោក Joum Al-Maktoum បានពិភាក្សាជាមួយលោក ស៊ុយ សែម ធ្វើការជាមួយគ្នាដើម្បីស្វែងរកការវិនិយោគប្រេង និងឧស្ម័ននៅកម្ពុជា។ សហការី
ភ្នំពេញៈ អេមីរ៉ាតអារ៉ាប់រួម (UAE) បានបង្ហាញចំណាប់អារម្មណ៍លើការផលិតប្រេងនៅកម្ពុជាជាលើកដំបូង ខណៈសមាជិកមួយរូបរបស់គ្រួសាររាជវង្សកំពុងកាន់អំណាចរបស់ប្រទេសនេះកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
ចំណាប់អារម្មណ៍ធ្វើឡើងក្នុងជំនួបរវាងព្រះអង្គម្ចាស់ Amed Dalmook Al Maktoum របស់ UAE ជាមួយរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីឱកាសពាណិជ្ជកម្មក្នុងវិស័យនេះ ដែលភាគីទាំង ២ បង្ហាញចំណាប់អារម្មណ៍រួមលើការងាររួមគ្នា ដើម្បីស្វែងរកមធ្យោបាយសម្រាប់ការវិនិយោគប្រេង និងឧស្ម័ននៅកម្ពុជា។ នេះបើយោងតាមលោក ជៀប សួរ អ្នកនាំពាក្យ MME។
ខណៈមិនមានកិច្ចព្រមព្រៀង ឬការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនៅជំនួបនេះ លោក សួរ បានឲ្យដឹងថា ភាគីទាំង ២ បានបង្ហាញការប្ដេជ្ញាចិត្តធ្វើការងាររួមគ្នា។ លោកថ្លែងថា៖ «វាជាលើកដំបូង ដែល UAE បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យប្រេង និងឧស្ម័នកម្ពុជា»។
លោកបន្តថា៖ «យើងបង្កើតចំណុចទំនាក់ទំនងនេះ ដើម្បីធ្វើឲ្យកាន់តែងាយស្រួលក្នុងការទាក់ទងជាមួយគ្នាទៅវិញទៅមក និងធ្វើការងារកាន់តែជិតដិត»។
UAE ជាសមាជិកផលិតប្រេងនៃអង្គការប្រទេសនាំចេញប្រេង (OPEC) ដ៏សំខាន់មួយ ដែលផលិតប្រេងឆៅប្រហែល ៣ លានបារ៉ែលក្នុង ១ ថ្ងៃ។
ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum កាលពីថ្ងៃអង្គារ បានជួបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងបានសន្យាផ្ដល់កម្ចីប្រភេទ credit line ៥០០ លានដុល្លារដល់កម្ពុជា ដើម្បីនាំចូលទំនិញពីបណ្ដាប្រទេស អារ៉ាប់៕ LA