ក្រុង​តូក្យូៈ​ Toyota ​ដែល​ជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​ឈាន​មុខ​គេ​របស់​​​ជប៉ុន និង​មូលនិធិ​វិនិយោគ​ SoftBank Vision Fund កាល​ពី​ថ្ងៃ​សុក្រ​​បាន​បង្ហាញ​​ការ​​វិនិយោគ​ដែល​​មាន​តម្លៃ​ ​១ ​ពាន់​លាន​ដុល្លារ​ទៅ​លើ​ក្រុមហ៊ុន​អាមេរិក​ Uber ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេវា​​ហៅ​តាក់ស៊ី​ជិះ​ដោយ​ស្វ័យ​បើកបរ។

ការ​ចាក់​បញ្ចូល​ទឹក​ប្រាក់​ចុង​ក្រោយ​បំផុត​ដែល​រំពឹង​ថា នឹង​​បញ្ចប់​​ក្នុង​ត្រី​មាស​ទី​៣​ ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​ចំ​​ពេល​មាន​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ចំពោះ​ការ បោះ​ផ្សាយ​មូលបត្រ​សាធារណៈ​ជា​លើក​ដំបូង​របស់​ Uber ដោយ​ត្រូវ​គេ​​រំពឹង​ថា គឺ​ជា​ការ​បោះផ្សាយ​​មូលបត្រ​សាធារណៈ​ធំ​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​រយៈពេល​ប៉ុន្មាន​​​ឆ្នាំ​​​នេះ​។​

Toyota បាន​​វិនិយោគ​ ៥០០ ​លាន​ដុល្លារ​រួច​ហើយ​ទៅ​លើ​ក្រុមហ៊ុន​ Uber ដោយសារ​​ក្រុមហ៊ុន​នេះ​ប្រកួត​ប្រជែង​​ជាមួយ Waymo ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​​ដោយ​ក្រុមហ៊ុន​ Google និង​ក្រុមហ៊ុន​​ជា​ច្រើន​​ទៀត​ ដែល​រួម​ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​សំខាន់ៗ​ ដើម្បី​អភិវឌ្ឍ​រថយន្ត​ស្វ័យ​បើកបរ​។​

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​វិនិយោគ​ចុង​ក្រោយ​បំផុត​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ DENSO ​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​របស់​ប្រទេស ជប៉ុន​ នឹង​ផ្ដល់​ឲ្យ​​ក្រុមហ៊ុន Advanced Technologies Group ​របស់​ Uber ​ដើម្បី «​បង្កើន​ល្បឿន​ការ​អភិវឌ្ឍ និង​​ការ​ធ្វើ​ឲ្យ​ទៅ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៃ​ការ​ហៅ​តាក់ស៊ី​ជិះ​ដោយ​ស្វ័យប្រវត្តិ​»។​

Toyota និង​ DENSO កំពុង​ចំណាយ​ប្រាក់ ​៦៦៧ ​លាន​ដុល្លារ និង​មូលនិធិ SoftBank Vision Fund ដែល​ជា​សាខា​វិនិយោគ​របស់​ក្រុមហ៊ុន SoftBank របស់​មហាសេដ្ឋី​ប្រទេស ​ជប៉ុន ​លោក Masayoshi នឹង​ចាក់​បញ្ចូល​សាច់​ប្រាក់ ​៣៣៣ ​លាន​ដុល្លារ​​ទៅ​ក្នុង​ការ​វិនិយោគ​រួម​នេះ។ ​ក្រុមហ៊ុន​នេះ​ជា​ភាគទុនិក​ឈាន​មុខ​គេ​​​នៅ​ក្នុង​ក្រុមហ៊ុន​ Uber ដែល​គ្រប់គ្រង​ភាគហ៊ុន​ចំនួន​ ១៦ ​ភាគរយ​។​

ក្រុមហ៊ុន​រថយន្ត​របស់​ប្រទេស ជប៉ុន ​​​​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​រួម​ចំណែក ​«​៣០០ ​លាន​ដុល្លារ​បន្ថែម​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ខាង​មុខ ដើម្បី​ជួយ​រ៉ាប់រង​​លើ​​ការ​ចំណាយ​ដែល​ជាប់​ទាក់ទង​នឹង​​សកម្មភាព​ទាំង​នេះ»។​

លោក Dara Khosrowshahi ​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Uber បាន​ប្រាប់​ឲ្យ​​​ដឹង​ថា រថយន្ត​ស័្វយ​បើកបរ​នឹង «ផ្លាស់ប្តូរ​ការ​ដឹក​ជញ្ជូន​ដូច​ដែល​យើង​ដឹង​ ដែល​ធ្វើ​ឲ្យ​ផ្លូវ​របស់​យើង​កាន់​តែ​មាន​សុវត្ថិភាព ហើយ​ទីក្រុង​​​យើង​អាច​រស់​នៅ​បាន​កាន់​តែ​ច្រើន​​»។

ក្រុមហ៊ុន Uber ​កំពុង​មាន​បំណង​ទៅ​​ឲ្យ​ហួស​ពី​ការ​ហៅ​រថយន្ត​តាក់ស៊ី​ជិះ ដើម្បី​ក្លាយជា​ ​«​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ Amazon »​នៅ​ពេល​អនាគត ដែល​ប្រជាជន​អាច​ចែក​រំលែក​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​​រថយន្ត​ផ្ទាល់​ខ្លួន​។​

ប្រសិន​បើ​អ្វីៗ​ទាំង​អស់​ដំណើរការ​តាម​ផែនការ អ្នក​ធ្វើ​ដំណើរ​អាច​ជិះ​អ៊ីស្គូតធើរ (e-scooter) ទៅ​ស្ថានីយ​រថភ្លើង​ ​បន្ទាប់​មក​ជិះកង់​អគ្គិសនី ចែក​រំលែក​ការ​ជិះកង់​ ឬ​ជិះ​អ៊ីស្គូតធើរ​ទៅ​​ស្ថានីយ​ ដោយ​ការ​ធ្វើ​ដំណើរ​​ទាំង​អស់​ប្រើ​កម្មវិធី Uber លើ​ស្មាតហ្វូន​។​

ក្រុមហ៊ុន​ Uber​ កំពុង​មើល​ឃើញ​កំណើន​ភាព​ជោគជ័យ​ជាមួយ​នឹង​សេវា «​ញ៉ាំ» ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​រក​​ប្រាក់​តាមរយៈ​​ការ​ដឹកជញ្ជូន​អាហារ​ ដែល​បាន​បញ្ជា​ទិញ​ពី​ភោជនីយដ្ឋាន។

ការ​ចែក​រំលែក​សេដ្ឋកិច្ច​

កាល​ពី​សប្ដាហ៍​មុន​ក្រុមហ៊ុន Uber បាន​បំពេញ​ឯកសារ​ផ្លូវ​ការ​សម្រាប់​ការ​​បោះផ្សាយ​មូលបត្រ​សាធារណៈ​លើក​ដំបូង​ជា​មួយ​នឹង​ការ​​រំពឹង​ទុក​ដ៏​​​ខ្ពស់​។​

ឯកសារ​នៅ​គណៈកម្មការ​មូលបត្រ​ បាន​​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​នេះ​ប្រតិបត្តិការ​​នៅ​លើ​ទ្វីប​ចំនួន​ ​៦​ ដោយ​មាន​ការ​ធ្វើ​​ដំណើរ​​ប្រហែល​ ១៤ ​លាន​ដង​ក្នុង ​១ ​ថ្ងៃ ហើយ​សរុប​រួម​មាន​​ជាង ១០ ​ពាន់​​លាន​ដង​ ចាប់​តាំង​ពី​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០១០។​

កាសែត​ Wall Street Journal បាន​ឲ្យ​ដឹង​កាល​ពី​ដើម​ខែ​នេះ​ថា ​ក្រុមហ៊ុន Uber ​កំពុង​ស្វែងរក​​ការ​បង្កើន​មូលនិធិ​ ១០ ​ពាន់​លាន​ដុល្លារ ជា​អ្វី​ដែល​​​​ជា​ការ​បោះ​ផ្សាយ​មូលបត្រ​សាធារណៈ​ឈាន​មុខ​គេ​​ប្រចាំ​ឆ្នាំ​នេះ​​។​

ប្រព័ន្ធ​ព័ត៌មាន​រាយការណ៍​ថា ​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​ឈាន​មុខ​គេ​មួយ​នេះ ទំនង​ជា​នឹង​ស្វែងរក​តម្លៃ​ទីផ្សារ​ជិត​​ដល់ ​១០០ ​ពាន់​លាន​ដុល្លារ​។​

Uber ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៃ​ ​«​ក្រុមហ៊ុន​បង្កើត​ថ្មី» ឬ​ក្រុមហ៊ុន​គាំទ្រ​ដោយ​ការ​វិនិយោគ​រួម​ ដែល​មាន​តម្លៃ​​យ៉ាង​ហោច​ណាស់​ ១ ពាន់​លាន​ដុល្លារ​ ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​តំបន់​ហិរញ្ញវត្ថុ Wall Street និង​ជា​ក្រុមហ៊ុន​ដ៏​សំខាន់​​នៅ​ក្នុង «​សេដ្ឋកិច្ច​ចែក​រំលែក​» ដែល​ពឹង​ផ្អែក​លើ​ការ​ផ្ដល់​សេវា​​ក្នុង​ការ​​ជំនួស​ការ​គ្រប់គ្រង​រថយន្ត​ លំនៅឋាន និង​សេវា​ផ្សេង​ទៀត​។​​

ប្រាក់​ចំណូល​របស់ Uber ​បាន​កើន​ឡើង​ ៤២ ​ភាគរយ​កាល​ពី​ឆ្នាំ​មុន ដល់​ ១១,​២ ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​​នេះ​បាន​បន្ត​ខាតបង់​ប្រាក់​ដោយសារ​​ប្រតិបត្តិការ​របស់​ខ្លួន។ ប្រាក់​ចំណេញ​​សុទ្ធ​ ត្រូវ​បាន​រាយការណ៍​សម្រាប់​ឆ្នាំ​នេះ គឺ​បាន​ពី​ការ​លក់​ទ្រព្យ​សកម្ម​ធំៗ ប៉ុន្តែ​ការ​ខាតបង់​ផ្នែក​ប្រតិបត្តិការ​មាន​ជាង​ ​៣ ​ពាន់​លាន​ដុល្លារ​។​

ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​បង្ហាញ​​ការ​ប្រុងប្រយ័ត្ន​លើ​ IPO នៅ​ពេល​ខាង​​មុខ ដោយសារ​តែ​ការ​ចាប់​ផ្ដើម​ដំបូង​ដ៏​ទន់ខ្សោយ​សម្រាប់ Lyft ដែល​ជា​​​ក្រុមហ៊ុន​ដៃគូ​ប្រកួត​ប្រជែង​របស់​អាមេរិក​ដ៏​សំខាន់​​។​​

លោក Khosrowshahi បាន​សន្យា​​ថា នឹង​មាន​តម្លាភាព​កាន់​តែ​ខ្លាំង ខណៈ​លោក​ស្វែងរក​ការ​ស្ដារ​ទំនុក​ចិត្ត​នៅ​ក្នុង​​ក្រុមហ៊ុន​នាំ​មុខ​ការ​ហៅ​តាក់ស៊ី​ជិះ​ពិភព​លោក​មួយ​នេះ ដែល​រង​ផល​ប៉ះពាល់​ដោយ​រឿង​អាស្រូវ​កំហុស​ឆ្គង​​ជា​ច្រើន​។​

កាល​ពី​ខែ​តុលា ​ក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន SoftBank បាន​ប្រកាស​ពី​ការ​បង្កើត​ការ​វិនិយោគ​រួម​គ្នា ដើម្បី​ឈាន​ទៅ​បង្កើត ​«សេវា​ចល័ត​ថ្មី»​ ដែល​រួម​ទាំង​រថយន្ត​ស្វ័យ​បើកបរ និង​​​សេវា​ជា​ច្រើន​ដូច​ជា​ការ​ដឹក​ជញ្ជូន​អាហារ​​​ជា​ដើម​៕​​​ AFP/LA