ភ្នំពេញៈ ​គណៈកម្មការ​សេដ្ឋកិច្ច ​និង​សង្គម​សម្រាប់​តំបន់​​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ (ESCAP​) ​របស់​​អង្គការ​សហ​ប្រជាជាតិ​កាល​​ពី​ម្សិលមិញ ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​គម្រោង​​លើក​​កម្ពស់​សហ​គ្រិនភាព​​ស្ដ្រី​នៅ​​​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​។​

ESCAP ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​កិច្ច​ការ​បរទេស​​កាណាដា ​និង​រដ្ឋាភិបាល​កម្ពុជា​ គម្រោង​ថ្មី​មួយ​​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ ដើម្បី​គាំទ្រ​កំណើន​សហគ្រិន​​ភាព​ស្ដ្រី​​ជា​យុទ្ធសាស្ដ្រ​មួយ​​ក្នុង​​ការ​​កាត់​បន្ថយ​ភាព​ក្រីក្រ ​ដើម្បី​ទទួល​បាន​សុខុមាលភាព​សង្គម ​និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​​។​

គម្រោង​រយៈពេល ​៥ ​ឆ្នាំ ​ដែល​មាន​​ឈ្មោះ​ថា ​«​កាតាលីករ​សហគ្រិនភាព​របស់​ស្ដ្រី ​ការ​បង្កើត​​អេកូស៊ីស្ដែម​សហគ្រិន​ឆ្លើយ​តប​នឹង​យេនឌ័រ»​ មាន​គោល​បំណង​បង្កើត​សមត្ថភាព​គោល​នយោបាយ​ និង​បរិយាកាស​អាជីវកម្ម ដែល​លើក​កម្ពស់​​លទ្ធភាព​ទទួល​បាន​មូលធន​របស់​​សហគ្រិន​ស្ដ្រី ​តាមរយៈ​យន្តការ​ហិរញ្ញប្បទាន​នវានុវត្តន៍ ​ការ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ (ICT)​ ​និង​ដំណោះ​ស្រាយ​ឌីជីថល​របស់​ពួក​គេ​។​

លោក​ស្រី ​Armida ​Alisjahbana ​ អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ ​និង​ជា​លេខាធិការ​ប្រតិបត្តិ​នៅ​ ESCAP ​បាន​ថ្លែង​ថា ​បច្ចុប្បន្ន​ការ​វិនិយោគ​លើ​សហគ្រិន​ស្ដ្រី​កំពុង​​​កើន​ឡើង​ខ្លាំង​។​​ ​លោក​ស្រី​ថ្លែង​ថា​៖​ «​ពួក​គេ​ជា​​ភ្នាក់ងារ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ ​ដែល​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ​អាច​លើក​កម្ពស់​​ក្រុមហ៊ុន ​សហគមន៍ ​និង​ប្រទេស​»។ ​លោក​ស្រី​​បន្ត​ថា​៖ «​យើង​ប្ដេជ្ញា​ក្នុង​ការ​កែ​លម្អ​ចក្ខុវិស័យ​របស់​ពួក​គេ​ដើម្បី​​បង្ហាញ​សក្ដានុពល​ពេញលេញ​​របស់​សហគ្រិន​ស្ដ្រី​»។​

អាជីវកម្ម​គ្រប់គ្រង​ដោយ​ស្ដ្រី ​បាន​កើន​ឡើង​ក្នុង​រយៈពេល ​២០ ​​ឆ្នាំ​មក​នេះ​នៅ​ក្នុង​តំបន់​​។ នៅ​​​​ប្រទេស ​កម្ពុជា ប្រហែល​ ៦៥ ​ភាគរយ​នៃ​​អាជីវកម្ម​​ខ្នាត​តូច​​ត្រូវ​បាន​ដឹកនាំ​ដោយ​ស្រ្ដី។​ នេះ​បើ​យោង​តាម​ ESCAP។​

ប៉ុន្តែ​សហគ្រិន​ស្ដ្រី​ទូទាំង​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឈម​នឹង​​ឧបសគ្គ​កាន់​តែ​ខ្ពស់​ខ្លាំង​ រួម​មាន​​ក្រប​ខ័ណ្ឌ​ច្បាប់​ដែល​រើសអើង​ លទ្ធភាព​ទទួល​បាន​​ហិរញ្ញប្បទាន ​និង ICT ​នៅ​មាន​កម្រិត​ កង្វះ​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​បទដ្ឋាន ​និង​ការ​រើសអើង​ដោយសារ​តែ​​វប្បធម៌​សង្គម​។

លោក​ស្រី​ Donica Pottie​ ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​​សមត្ថភាព​របស់​ប្រទេស ​កាណាដា ​ប្រចាំ​នៅ​ប្រទេស ​ថៃ ​កម្ពុជា ​និង​ឡាវ​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​កាណាដា ​មាន​មោទនភាព​​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជា​មួយ​ ESCAP ក្នុង​ការ​ជួយ​ស្ដ្រី​ជម្នះ​លើ​ឧបសគ្គ​ទាំង​នេះ​ ដើម្បី​សម្រេច​បាន​សក្ដានុពល​ពេញ​លេញ​របស់​ពួក​គេ ​ដែល​រួមមាន​តាមរយៈ​ហិរញ្ញប្បទាន​នវានុវត្តន៍ និង​លទ្ធភាព​ក្នុង​ការ​ទទួល​​បាន​បច្ចេកវិទ្យា​ថ្មី​។​

លោក​ស្រី​ថ្លែង​ថា​៖ «​សហគ្រិន​​ស្ដ្រី ​គឺ​ជា​កត្តា​ដ៏​សំខាន់​នៃ​កំណើន​​សេដ្ឋកិច្ច ​ប៉ុន្តែ​ពួក​គេ​ប្រឈម​​បញ្ហា​ធំៗ ​នៅ​ក្នុង​ការ​ពង្រីក​​អាជីវកម្ម​របស់​ពួក​គេ​»​។​

លោក ​លី ​ធុច ​ទេស​រដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​​ទទួល​បន្ទុក ​ESCAP បាន​​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ​ការ​គាំទ្រ​ត្រូវ​បាន​រៀបចំ​ដើម្បី​ជួយ​សហគ្រិន​ស្ដ្រី ​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល ​តាមរយៈ​ការ​បំពាក់​ ICT​។​

លោក​ស្រី​បន្ត​ថា៖​ «​វិស័យ​ឯកជន​ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា ​និង​ការ​អភិវឌ្ឍ​សហគ្រាស​​ធុន​តូច ​និង​មធ្យម​ (MSM​E​) ​​គឺ​ជា​អាទិភាព​មួយ​នៃ​របៀបវារៈ​នៃ​ការ​​អភិវឌ្ឍ​វិស័យ​ឯកជន​របស់​រដ្ឋាភិបាល​»។

ESCAP​ និង​មូល​និធិ​អភិវឌ្ឍន៍​មូលធន​អង្គការ​សហ​ប្រជាជាតិ ​(UNCDF)​ ក៏​បាន​ដាក់​ឲ្យ​ដំណើរ​​ការ​ មូលនិធិ​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ (MSME) ​របស់​ស្រ្ដី​ផង​ដែរ​។​

មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​ក្រុមហ៊ុន​ ក្នុង​ការ​សាកល្បង​​ការ​ប្រើប្រាស់​ឌីជីថល​នវានុវត្តន៍​ ​និង​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ ដែល​​​ជួយ​កែ​លម្អ​លទ្ធភាព​ដល់ MSME​ ដែល​គ្រប់គ្រង​ដោយ​ស្ត្រី ជា​មួយ​នឹង​មូលនិធិ​ចាប់​ពី​ ២៥ ​០០០​ ទៅ ៥០ ​០០០ ​ដុល្លារ​អាមេរិក​។​

គម្រោង​ស្រដៀង​គ្នា​ថ្មី​​មួយ ​ដែល​គាំទ្រ​​ដោយ USAID ​ដែល​មាន​ឈ្មោះ​ថា «​ We Act »​នឹង​មាន​មូលនិធិ ១០ ​​លាន​ដុល្លារ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ខែ​មុន​ផង​ដែរ ​ដែល​​មាន​បំណង​គាំទ្រ​ និង​ផ្ដល់​អំណាច​​ដល់​ស្ដ្រី​វ័យ​ក្មេង​​នៅ​កម្ពុជា​ក្នុង​ភាព​ជា​សហគ្រិន ​និង​​មេ​ដឹកនាំ​៕​LA