បាងកកៈ ​ក្នុង​នាម​ជា​ប្រទេស​ឆ្លង​កាត់​មួយ ​ថៃ​គួរ​តែ​ដើរ​តួនាទី ដ៏​សំខាន់​ក្នុង​ការ​ជួយ​​ដល់​ឡាវ ជា​ប្រទេស​​ដែល​មិន​ជាប់​​សមុ​ទ្រ​​​ ក្នុង​ការ​កែ​លម្អ​កំណើន​សេដ្ឋកិច្ច​របស់​ពួក​គេ​ ដើម្បី​សម្រេច​​បាន​ទិសដៅ​​កម្មវិធី​សកម្មភាព​ទីក្រុង​វីយែន​ (VPoA) រយៈ​ពេល ​១០ ឆ្នាំ​ ចំពោះ​​បណ្ដា​ប្រទេស​​កំពុង​អភិវឌ្ឍន៍​ ដែល​​មិន​ជាប់​​​សមុទ្រ​សម្រាប់​ទសវត្សរ៍​ឆ្នាំ ២០១៤ ​ដល់​ឆ្នាំ ២០២៤​។ ​នេះ​​បើ​យោង​តាម​​ប្រធាន​របស់​​កម្មវិធី​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​ស្រង់​សម្តី​ដោយ​កាសែត​បាងកក​ ប៉ុស្តិ៍​។​

ការ​ស្នើសុំ​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​អំឡុង​​កិច្ច​​ប្រជុំ​​ប្រចាំ​តំបន់​អឺរ៉ុប​ និង​អាស៊ី​រយៈ​ពេល​ ​២ ថ្ងៃ​ ដើម្បី​ពិនិត្យ​ VPoA​ ឡើង​វិញ​ ដែល​បាន​រៀបចំ​ឡើង​នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​បាងកក​​កាល​ពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​។ ​មន្ដ្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ ​ក្រុម​អ្នក​ជំនាញ​​មក​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មិន​ជាប់​​សមុទ្រ ​ (LLDC)​ បណ្ដា​ប្រទេស​​កំពុង​អភិវឌ្ឍន៍​សម្រាប់​ការ​​ឆ្លង​កាត់​ និង​​ដៃ​គូ​អភិវឌ្ឍន៍​នានា​ បាន​ប្រមូល​ជួបជុំ​គ្នា​ ដើម្បី​​កំណត់​សញ្ញា​រីក​ចម្រើន​ ព្រម​ទាំង​​​បញ្ហា​​ប្រឈម​ចំពោះ​ការ​​អនុវត្ត​ VPo​A ​នៅ​អឺរ៉ុប​ និង​អាស៊ី​។​

លោក​ស្រី ​Fekitamoeloa ​''Utoikamanu អគ្គ​លេខាធិការ​​រង​អង្គការ​សហ​​ប្រជាជាតិ ​និង​ជា​តំណាង​​ជាន់​ខ្ពស់​ទទួល​បន្ទុក ​LLDC បណ្ដា​ប្រទេស​មាន​ការ​​អភិវឌ្ឍ​តិចតួច​បំផុត ​(LDC​)​ និង​​ប្រទេស​កំពុង​អភិវឌ្ឍ​កោះ (Sid) បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​ឡាវ បាន​បង្ហាញ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ​ហើយ​ប្រទេស​​នេះ​អាច​​មាន​លទ្ធ​ភាព​គេច​ផុត​ពី​ការ​ចាត់​ថ្នាក់​របស់​ខ្លួន​ជា​ LDC ​ក្នុង​រយៈ​ពេល ​៣ ​ឆ្នាំ​ ប្រសិន​បើ​អត្រា​សេដ្ឋកិច្ច​របស់​​ប្រទេស​នេះ​បន្ត​កើន​ឡើង​។​

ដើម្បី​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​របស់​​ខ្លួន​បន្ថែម​ទៀត ​ប្រទេស​​នេះ​ចាំបាច់​ត្រូវ​​មាន​ការ​គាំទ្រ​ពី​​បណ្ដា​ប្រទេស​ឆ្លង​កាត់​ ដូច​ជា​ប្រទេស ​ថៃ ដើម្បី​ជួយ​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​៕LA