ក្រុងប៉ារីសៈ ពិភពលោក​នឹង​ខកខាន​ឱកាស​របស់ខ្លួន​ក្នុងការ​ចៀស​ផុតពី​ការជួប​ប្រទះ​គ្រោះមហន្តរាយ ប្រសិន​បើ​គ្មាន​ការធ្លាក់ចុះ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ហ្វូស៊ីល​ឥន្ធនៈ​ភ្លាមៗ​ទេនោះ​។ នេះ​បើ​យោងតាម​អង្គការ​សហប្រជាជាតិ​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​អំពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ (UNEP) បាន​ឲ្យ​ដឹងថា ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ទូទាំង​ពិភពលោក​ចាំបាច់​ត្រូវ​ធ្លាក់ចុះ​ចំនួន ៧,៦ ភាគរយ​ ក្នុង​ ១ ​ឆ្នាំ ​រហូតដល់​ឆ្នាំ​ ២០៣០ ដើម្បី​កំណត់​ការកើនឡើង​សីតុណ្ហភាព​ពិភពលោក​ត្រឹម ១,៥ អង្សាសេ​។

ការពិត​នោះ​គឺថា ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​កើនឡើង​ជា​មធ្យម ១,៥ ​ភាគរយ​ ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​ឧស្ម័ន​កាបូនិច (​ឧស្ម័ន​កាបូន​) ឬ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​កើនឡើង​ដល់​ចំនួន ៥៥,៣ ពាន់​លាន​តោន​ ក្នុង​ឆ្នាំ​ ២០១៨ ពោល គឺ​រយៈពេល​ ៣ ​ឆ្នាំ​បន្ទាប់ពី​ប្រទេស​ចំនួន ១៩៥ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។

អង្គការ​បរិយាកាស​ពិភពលោក (World Meterological Organization) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​បរិយាកាស​បាន​កើនឡើងដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ ២០១៨​។

សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​បានកំណត់​ឲ្យ​ប្រទេស​នានា​កំណត់​ការកើនឡើង​សីតុណ្ហភាព​មិន​ឲ្យ​លើ​កម្រិត ២ ​អង្សាសេ និង​ដល់​កម្រិត​កាន់តែ​មាន​សុវត្ថិភាព​ជាង​នេះ ១,៥ អង្សាសេ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​។

ដើម្បី​សម្រេចបាន​ទិសដៅ​នេះ​ប្រទេស​ហត្ថលេខី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​ចំពោះ​តម្រូវការ​ជា​ចាំបាច់​នៅក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន និង​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ពិភពលោក​មួយ​ដែល​មាន​កម្រិត​ឧស្ម័ន​កាបូន​ទាប​នៅក្នុង​ទសវត្សរ៍​ខាង​មុខ​៕ KC