ភ្នំពេញៈ ជាមួយចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ អាចសម្រេចទៅបានលុះត្រាតែខ្លួនចេះទាញប្រយោជន៍ពីសក្ដានុពលនៃបច្ចេកវិទ្យាដើម្បីធ្វើឲ្យប្រសើរឡើង និងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ។ បើតាមរបាយការណ៍ចុងក្រោយបំផុតរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
របាយការណ៍នេះមានឈ្មោះថា ការសម្របខ្លួនតាម និងការអនុវត្តបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គភាពទំនាក់ទំនងគោលនយោបាយ (Policy Links Unit) (IfM ECS សាកលវិទ្យាល័យ Cambridge) និងបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃអង្គារ ដោយបង្ហាញថា ប្រទេសកម្ពុជាទទួលបាននូវការរីកចម្រើនយ៉ាងច្រើនទៅលើផ្នែកសេដ្ឋកិច្ច ដោយមានកំណើនក្នុងអត្រាលើសពី ៧ ភាគរយចាប់តាំងពីឆ្នាំ ២០១១ និងចំណែកប្រជាជនដែលរស់នៅក្នុងភាពក្រីក្រមានជាងពាក់កណ្ដាលនៅទសវត្សរ៍ចុងក្រោយនេះ។
របាយការណ៍នេះបន្តថា៖ «ដោយបានទទួលស្គាល់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ ២០១៥-២០២៥ ចក្ខុវិស័យនេះអាចសម្រេចបាន លុះត្រាតែបច្ចេកវិទ្យាថ្មីត្រូវបានប្រើប្រាស់ដើម្បីបង្កើនតម្លៃបន្ថែមឧស្សាហកម្មត្រូវធ្វើពិពិធកម្មលើការនាំចេញ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម (SME)»។
ផលិតកម្មរបស់ប្រទេសកម្ពុជាបានបង្កើនការរួមចំណែករបស់ខ្លួនដល់សេដ្ឋកិច្ចក្នុងរយៈពេល ២-៣ ទសវត្សរ៍ចុងក្រោយនេះ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យសម្លៀកបំពាក់ និងឧស្សាហកម្មស្បៀងអាហារ។
ការរួមចំណែកនៃផលិតកម្មដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា បានកើនឡើងពីក្រោម ១០ ភាគរយកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ជាង ១៦ ភាគរយកាលពីឆ្នាំ ២០១៨។ ឧស្សាហកម្មនេះនៅពេលនេះផ្ដល់ការងារ ១,៤ លាននាក់។
ទោះយ៉ាងណា ផលិតកម្មរបស់កម្ពុជាត្រូវបានផ្ដោតការយកចិត្តទុកដាក់លើវិស័យសំខាន់ ២ គឺវាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើង ស្បៀងអាហារ និងភេសជ្ជៈ។ ជាមួយគ្នានេះក្នុងចំណោមនោះ តម្លៃបន្ថែមផលិតកម្មមានចំនួន ៨០ ភាគរយ និងការនាំចេញរបស់ប្រទេសនេះមានចំនួន ៧៦ ភាគរយ។ នេះបើយោងតាមរបាយការណ៍នេះ។
របាយការណ៍បន្តថា៖ «កម្ពុជាមានឱកាសក្នុងការបង្កើតលក្ខខណ្ឌមួយចំនួនដើម្បីគាំទ្រការសម្របខ្លួនតាម និងការទទួលយកបច្ចេកវិទ្យាថ្មីៗ ដែលរួមទាំងបដិវត្តន៍ឧស្សាហកម្មទី ៤ ផងដែរ។ កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន ជាមួយលំហូរវិនិយោគផ្ទាល់បរទេស (FDI) ដែលកើនឡើង និងភាគលាភនៃប្រជាសាស្ដ្រដែលមានប្រជាជនវ័យក្មេង»។
របាយការណ៍បន្តថា៖ «គំនិតផ្ដួចផ្ដើមមួយចំនួនត្រូវបានដាក់ឲ្យដំណើរការ ដើម្បីលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រទេសនេះ ដែលរួមមានក្របខ័ណ្ឌការងារជាយុទ្ធសាស្ដ្រសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ មានឱកាសក្នុងការទាញយកធនធានបចេ្ចកវិទ្យាពី FDI ដើម្បីទាញយកភាពខ្លាំងពីការចូលរួមក្នុងចង្វាក់តម្លៃពិភពលោក និងដើម្បីអភិវឌ្ឍ និងបង្កើតភាពជាដៃគូសេដ្ឋកិច្ចអន្តរជាតិ»។
លោក Nick Beresford តំណាងប្រធានរបស់ UNDP ប្រចាំនៅកម្ពុជាបានថ្លែងក្នុងអំឡុងការដាក់ឲ្យដំណើរការរបាយការណ៍នេះថា របាយការណ៍នេះនឹងផ្ដល់ដល់រដ្ឋាភិបាលនូវផែនទីតម្រង់ទិសសម្រាប់ការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។
លោក Nick ថ្លែងថា៖ «សហគ្រាសតិចតួចបំផុតនៅកម្ពុជាមានការយល់ដឹង កុំថាឡើយការទទួលបានបដិវត្ដន៍ឧស្សាហកម្មទី ៤ នោះ។ ជាលទ្ធផល សេដ្ឋកិច្ចកំពុងបាត់បង់ការទទួលបានកំណើនផលិតភាពផលិតកម្មដ៏ធំ និងកម្មករកំពុងបាត់បង់ការងារជំនាញខ្ពស់ និងប្រាក់ខែខ្ពស់។ របាយការណ៍នេះគឺជាសមភាគីដ៏ល្អប្រសើរបំផុតចំពោះការងារដែលអនុវត្តដោយរាជរដ្ឋាភិបាល លើយុទ្ធសាស្ដ្រឌីជីថលរបស់ប្រទេសកម្ពុជា ហើយយើងចង់រួមបញ្ចូលទាំង ២ លើការងារនេះ»។
របាយការណ៍ឲ្យដឹងថា វិស័យសំខាន់ ៥ ត្រូវបានកំណត់ក្នុងការកែលម្អដើម្បីអនុញ្ញាតឲ្យកម្ពុជា សម្របខ្លួនតាម និងការអនុវត្តបដិវត្តន៍ ឧស្សាហកម្មទី ៤ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងឌីជីថល ក្របខ័ណ្ឌការងារស្ថាប័ន ការតភ្ជាប់បណ្ដាញ ការអភិវឌ្ឍជំនាញ និងសមត្ថភាពនវានុវត្តន៍។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី «គោលនយោបាយ និងទិសដៅសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា» កាលពីខែមីនាឆ្នាំមុន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា បច្ចេកវិទ្យាថ្មីៗផ្ដល់ឱកាសក្នុងការលោតផ្លោះ ដំណាក់កាលអភិវឌ្ឍន៍ធ្លាប់អនុវត្ត។
លោកថ្លែងថា៖ «នៅក្នុងបរិការណ៍នៃការធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្មពិភពលោក ពិតណាស់កម្ពុជាមិនអាចចៀសផុតពីផលប៉ះពាល់ដោយសារតែបដិវត្តន៍ឧស្សាហកម្មទី ៤ នោះទេ និងទាមទារឲ្យរដ្ឋាភិបាលត្រូវផ្ដោតការយកចិត្តទុកដាក់លើការចាប់យកឱកាស ខណៈដែលយើងក៏កំពុងគ្រប់គ្រងហានិភ័យផងដែរ»។
លោកបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានៅតែស្ថិតក្នុងដំណាក់កាលដំបូង។ កម្ពុជាអាចត្រូវចំណាយរយៈពេល ៥ ឆ្នាំដំបូងក្នុងការទទួលយកនូវធាតុសំខាន់ៗ ឬត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលឲ្យហើយ ហើយនឹងចំណាយរយៈពេល ៥ ឆ្នាំ ឬ ១០ ឆ្នាំផ្សេងទៀតដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន និងដើម្បីវិស័យបច្ចេកវិទ្យាជំរុញកំណើន។
កាលពីខែតុលា ឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីធ្វើការងារលើការចងក្រងសេចក្ដីព្រាងលើក្របខ័ណ្ឌការងារសម្រាប់សេដ្ឋកិច្ចឌីជីថល និងគោលនយោបាយដោយបង្កើតមូលនិធិ ៥ លានដុល្លារ ដើម្បីជំរុញក្រុមហ៊ុនឌីជីថលថ្មីៗ៕LA