ភ្នំពេញៈ អនុប្រធាន​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UNDP) ​បាន​ឲ្យ​ដឹងថា ប្រទេស​ កម្ពុជា ​នឹង​មាន​គណនេយ្យករ​ជំនាញ​ជាង​ ៥០០ ​នាក់ ​ត្រឹម​ឆ្នាំ​ ២០២១ ខណៈ​បច្ចុប្បន្ន​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​កង្វះ​អ្នកជំនាញ​គណនេយ្យ​។

លោកស្រី Sonali Dayaratne បាន​អះអាង​បែបនេះ​នៅក្នុង​ការដាក់​ឲ្យ​ដំណើរការ​គម្រោង «​ការណែនាំ​គុណវុឌ្ឍិ​អ្នកបច្ចេកទេស​គណនេយ្យ (ATQ) ជា​កម្មវិធី​រួមមួយ​របស់ UNDP ប្រចាំ​កម្ពុជា ក្រុមប្រឹក្សា​គណនេយ្យ​ជាតិ​ (NAC) វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ចក្រភព​អង់គ្លេស និង​ប្រទេស Wales (ICAEW) ​និង​វិទ្យាស្ថាន​កម្ពុជា​នៃ​គណនេយ្យករ និង​សវនករសាធារណៈ​វិញ្ញាបនបត្រ (KICPAA) កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ភ្នំពេញ​។

លោកស្រី​បន្តថា ចាប់តាំងពី​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និង​ពិភពលោក​មាន​តម្រូវការ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធុន​តូច និង​មធ្យម​ក្នុងស្រុក​សម្រាប់​អ្នកបច្ចេកទេស​គណនេយ្យ​ដែល​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​បង្កើន​ចំនួន​គណនេយ្យករ​ជំនាញ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រសើរឡើង​ស្ដង់ដា​គណនេយ្យ​របស់​ខ្លួន​ដល់​កម្រិត​របស់​បណ្ដា​ប្រទេស​ជិតខាង និង​ស្ដង់ដា​អន្តរជាតិ​។ លោកស្រី​បន្តថា​៖ «​មាន​កង្វះ​ធ្ងន់ធ្ងរ​នៃ​គណនេយ្យករ​ជំនាញ​សម្រាប់​វិស័យ​ឯកជន ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​»​។

លោកស្រី​បន្ថែមថា​៖ «​នេះ​គឺជា​របាំង​មួយ​សម្រាប់​សហគ្រាស​ក្នុង​ការទទួល​បាន​ហិរញ្ញវត្ថុ ជំនួយ​រដ្ឋាភិបាល ឬ​បច្ចេកវិទ្យា​ថ្មី​»​។ លោកស្រី​បន្តថា​ការស្ទង់មតិ​មួយ​ដោយ UNDP Cambodia ក្នុង​ចំណោម​បុគ្គលិក​ជាច្រើន​បង្ហាញ​ថា មាន​ការពិបាក​សម្រាប់​សហគ្រាស​ខ្នាតតូច​បំផុត និង​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ក្នុង​ការជួល​គណនេយ្យករ​អាជីព ដោយសារ​តែ​ចំនួន​ជំនាញ​នេះ​នៅក្នុង​ទីផ្សារ​នៅ​មាន​កម្រិត​»​។

លោក ងី តាយី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា គណនេយ្យ​ជាតិ (NAC) បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​នឹង​មាន​ឱកាស​ដ៏ធំ​មួយ​សម្រាប់​ការបង្កើន​អាជីព​ក្នុង​ស្រុក​ខាង​គណនេយ្យ​ដោយសារ​តែ​មាន​តម្រូវការ​ខ្ពស់​សម្រាប់ SME ក្នុងស្រុក​។

លោក​បាន​ថ្លែងថា​៖ «​ជំនាញ​គណនេយ្យ​របស់​កម្ពុជា​នឹង​កាន់តែ​រឹងមាំ ដោយសារ​យើង​បណ្ដុះបណ្ដាល​គណនេយ្យករ​ជំនាញ​កាន់តែ​ច្រើន​នេះ​ដែល​នឹង​បង្កើន​ទំនុកចិត្ត​សម្រាប់​ក្រុម​វិនិយោគិន​ក្នុង​ប្រព័ន្ធ​រាយការណ៍​គណនេយ្យ​និង​ហិរញ្ញវត្ថុ​របស់​យើង ដែល​វា​នឹង​ជួយ​ក្រុមហ៊ុន និង​ឧស្សាហកម្ម​មាន​អភិបាលកិច្ច​សាជីវកម្ម​ត្រឹមត្រូវ​សម្រាប់​ការអង្កេត​ប្រតិបត្តិការ​អាជីវកម្ម និង​ប្រតិបត្តិការ​របស់​ពួកគេ​»​។

ប៉ុន្តែ​លោកស្រី Sonali បាន​ពន្យល់ថា កង្វះ​អ្នកជំនាញ​គណនេយ្យ​គឺជា​ការបារម្ភ​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព ខណៈ​វា​ក៏​បង្ហាញ​ឱកាស​ដ៏អស្ចារ្យ​មួយ​ក្នុង​ការបង្កើត និង​ផ្ដល់​ការងារ​ប្រកប​ដោយ​គុណភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន​កម្ពុជា​វ័យក្មេង​ផងដែរ​។

លោកស្រី​បន្តថា​៖ «​ការចាប់យក​ឱកាស​នេះ UNDP បាន​ផ្ដួច​ផ្តើមគំនិត​ភាពជា​ដៃគូ​ជាមួយ NAC KICPAA និង ICAEW ដើម្បី​អភិវឌ្ឍ និង​ណែនាំ​កម្មវិធី​បណ្ដុះបណ្ដាល គុណវុឌ្ឍិ​អ្នក​បច្ចេកទេស​គណនេយ្យ​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ សម្រាប់​បុគ្គលិក​កំពុង​ស្វែងរក​ឱកាស​ក្នុង​ការធ្វើឲ្យ​ប្រសើរ​ឡើង​ជំនាញ ពួកគេ និង​ថ្នាក់​ការងារ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ផែនការ​នេះ​ត្រូវបាន​រំពឹងថា​នឹង​បង្កើន​អត្រា​ការងារ​ធ្វើ​នៅ​កម្ពុជា​តាមរយៈ​ឱកាស​សម្រាប់​និស្សិត​ដែល​ត្រូវ​បណ្ដុះបណ្ដាល​ជា​គណនេយ្យករ​ជំនាញ​នៅក្នុង​តម្លៃ​ទាប ហើយ​នៅក្នុង​អំឡុងពេល​ខ្លី អាច​នឹង​បង្កើត​គណនេយ្យករ​យ៉ាង​ហោចណាស់​ ៥០០ ​នាក់ ​ដែល​មាន​ការបណ្ដុះបណ្ដាល​កាន់តែ​ច្រើន​ត្រឹម​ឆ្នាំ​ ២០២១ សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដោះស្រាយ​តម្រូវការ​ជាបន្ទាន់​របស់ SME ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិឌ្ឍ​សេដ្ឋកិច្ច និង​ការប្រើប្រាស់​សេវា​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​សមត្ថភាព​ដែល​បម្រើ​ឧស្សាហកម្ម​គណនេយ្យ​»​។

គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥ បង្ហាញថា មានតែ​ ០,០២ ​ភាគរយ​ប៉ុណ្ណោះ ​នៃ​សហគ្រាស​ខ្នាតតូច​បំផុត ៣,៨៩ ​ភាគរយ​ នៃ​សហគ្រាស​ធុន​តូច និង​ ២៤,១១ ​ភាគរយ​ នៃ​សហគ្រាស​ធុន​មធ្យម​មាន​ឯកសារ​គណនេយ្យ​គ្រប់គ្រាន់​៕LA