ក្រុងញូវយ៉កៈ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជាទិញយន្តហោះ Airbus A321XLR ចំនួន ៥០ គ្រឿងតម្លៃប្រមាណ ៦,៥ ពាន់លានដុល្លារ ដើម្បីជំនួសយន្តហោះ Boeings ដែលចាស់ណាស់ទៅហើយ។
ក្រុមហ៊ុន United Airlines បានឲ្យដឹងថា យន្តហោះថ្មី Airbus ទាំងនេះដែលនឹងត្រូវប្រគល់ក្នុងឆ្នាំ ២០២៤ អាចនឹងឲ្យក្រុមហ៊ុនអាកាសចរណ៍ United បញ្ឈប់ការហោះហើរយន្តហោះ Boeing 757-200s ដែលមានអាយុចាស់ហើយ។
ការបញ្ជាទិញយន្តហោះ Airbus នេះជាការវាយប្រហារចុងក្រោយបំផុតដល់ក្រុមហ៊ុន Boeing ដែលបានជាប់ក្នុងវិបត្តិយ៉ាងជ្រៅរួចហើយជុំវិញបញ្ហាយន្តហោះ 737 MAX របស់ខ្លួន។
ក្រុមហ៊ុន Boeing ដែលយន្តហោះ 737 MAX របស់ខ្លួនត្រូវបានចតចោលទូទាំងពិភពលោក បន្ទាប់ពីការធ្លាក់យន្តហោះ ២ គ្រឿង បច្ចុប្បន្នមិនមានយន្តហោះថ្មីដើម្បីប្រកួតប្រជែងជាមួយយន្តហោះ Airbus A321XLR នៅក្នុងទីផ្សារតម្លៃមធ្យមឡើយ។
ក្រុមហ៊ុន Airbus បានដាក់បង្ហាញយន្តហោះ A321XLR តែនៅឆ្នាំនេះប៉ុណ្ណោះ នៅក្នុងពិព័រណ៍យន្តហោះទីក្រុងប៉ារីសកាលពីខែមិថុនា។
តម្លៃសម្រាប់យន្តហោះច្រកដើរតែមួយនេះខ្ពស់ជាងយន្តហោះ A321LR ដែលជាម៉ូដែលមុនរបស់ខ្លួន ១៥ ភាគរយដែលធ្វើឲ្យយន្តហោះនេះក្លាយជាយន្តហោះចំណាយទាបមួយជាជម្រើសចំពោះយន្តហោះតួខ្លួនធំរយៈចម្ងាយឆ្ងាយ។
ក្រុមហ៊ុនអាកាសចរណ៍ United បានឲ្យដឹងថា ខ្លួនមានបំណងប្រើប្រាស់យន្តហោះថ្មីនេះ ដើម្បីបម្រើទិសដៅអឺរ៉ុបបន្ថែមទៀតពីមជ្ឈមណ្ឌល East Coast របស់អាមេរិកនៅទីក្រុង Newark ឬទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន។
ប្រភពដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនអាកាសចរណ៍ United បានងាកទៅរកក្រុមហ៊ុន Airbus សម្រាប់ការទិញនេះ ដោយសារតែកង្វះយន្តហោះរបស់ក្រុមហ៊ុន Boeing នៅក្នុងទីផ្សារតម្លៃមធ្យម។
ប្រភពនេះឲ្យដឹងថា៖ «ថ្មីៗនេះមិនមានយន្តហោះដែលផ្ដល់ដោយក្រុមហ៊ុន Boeing ដែលអាចជំនួសយន្តហោះនោះទេ 757 បានទេ»៕ LA