
ភ្នំពេញៈ អ្នកជំនាញនិងមន្ដ្រីពន្ធកម្ពុជាបានយល់ព្រមជួយ អាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងបង្រ្កាបការគេចពន្ធដោយសហការជាមួយ ធនាគារក្នុងស្រុកដើម្បីប្រគល់ទិន្នន័យហិរញ្ញវត្ថុស្ដីពីពលរដ្ឋ និងពាណិជ្ជកម្មរបស់ជនជាតិ អាមេរិក នៅក្រៅប្រទេស។
ថ្លែងក្នុងវេទិការដ្ឋាភិបាល វិស័យឯកជនលើកទី ១៧ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា គោលបំណងរបស់រដ្ឋាភិបាលដើម្បីជួយ អាមេរិក ជាមួយនឹងច្បាប់ពន្ធដារថ្មីរបស់ អាមេរិក (FATCA) ដែលនឹងចូលជាធរមាននៅថ្ងៃ ទី១ ខែ កក្កដា។
សេវាប្រាក់ចំណូលផ្ទៃក្នុង (IRS) ជាសាខាប្រមូលពន្ធ អាមេរិក ព្យាករថា ការបាត់បង់ពន្ធ ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីគណនីធនាគារនៅក្រៅប្រទេស។
ទោះបីច្បាប់ FATCA មានជំនាញក្នុងការតាមរកអ្នកគេចពន្ធយ៉ាងហោចណាស់មាន ៥០ ០០០ ដុល្លារក៏ដោយរាល់ពលរដ្ឋ អាមេរិក មានគណនីធនាគារនៅ កម្ពុជា និងប្រទេសជាច្រើនទៀតនឹងប្រឈមនូវកម្រិតនៃការត្រួតពិនិត្យបន្ថែមទៀតផងដែរ។
លោក Clint O’Connell ដៃគូនៅក្រុមហ៊ុនច្បាប់ពន្ធ VDB/Loi មានមូលដ្ឋាននៅទីក្រុង ភ្នំពេញ បានឲ្យដឹងថា៖ «នេះគ្រាន់តែជាច្បាប់ដ៏សំខាន់មួយសម្រាប់អាមេរិកដើម្បីអាចតាមដានសកម្មភាពហិរញ្ញវត្ថុបរទេសរបស់ពលរដ្ឋរបស់ខ្លួនហើយយកពន្ធពួកគេទៅតាមនោះតែប៉ុណ្ណោះ»។ លោកបន្តថា៖ «ធនាគារ កម្ពុជា ត្រូវតែរាយការណ៍លម្អិតពីពលរដ្ឋ អាមេរិក ទាំងអស់ឲ្យ IRS ទោះបីជាពួកគេមានទ្រព្យសម្បត្តិតិចជាង ៥០ ០០០ ដុល្លារក៏ដោយ។ បន្ទាប់មក IRS ធ្វើការសម្រេចចិត្តថា តើពលរដ្ឋ អាមេរិក ប្រតិបត្តិតាមឬអត់?»។
វិធានការនេះក៏មើលទៅលើភាគលាភស្ដុកព័ត៌មានធានារ៉ាប់រង ការវិនិយោគ និងទិន្នន័យហិរញ្ញវត្ថុជាប់ពាក់ព័ន្ធផ្សេងទៀតដែលត្រូវបានធ្វើឡើងដោយគ្រឹះស្ថានហិរញ្ញវត្ថុបរទេស (FFI)។
ម៉្យាងទៀត មិនថាអ្នកជាពលរដ្ឋ អាមេរិក បង្រៀនភាសា អង់គ្លេស ហើយរកបានប្រាក់ ២០ ០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំនៅទីក្រុង ភ្នំពេញ មានម៉ូតូមួយគ្រឿង និង iPad មួយឬ ជានាយកប្រតិបត្តិពាណិជ្ជកម្ម អាមេរិក មានប្រាក់ជាង ១០០ ០០០ ដុល្លារ ជាទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុក្តី ធនាគារបរទេសដូចជា អេស៊ីលីដា និង ANZ Royal ត្រូវផ្ដល់ឈ្មោះអ្នកទាំងពីរនេះ ហើយត្រូវបញ្ជូនព័ត៌មានហិរញ្ញវត្ថុរបស់គេឲ្យទៅ IRS នៅក្រោយថ្ងៃ ទី១ ខែ កក្កដា។
លោក អ៊ិន ចាន់នី អគ្គនាយកធនាគារ អេស៊ីលីដា បានពន្យល់ថា៖ «ក្នុងនាមជាគ្រឹះស្ថានធ្វើសេចក្តីរាយការណ៍ធនាគារចាំបាច់ត្រូវផ្ដល់អត្តសញ្ញាមនុស្សនេះ ឬក្រុមហ៊ុន របាយការណ៍ហិរញ្ញវត្ថុ ឬគណនីធនាគារ»។
កម្ពុជា រួមជាមួយនឹងប្រទេសដែលចូលរួមផ្សេងៗទៀតនឹងដាក់បញ្ជីព័ត៌មានហិរញ្ញវត្ថុដំបូងរបស់ខ្លួនសម្រាប់អំឡុង ២០១៤ នៅខែ មីនា ឆ្នាំ ២០១៥។
នៅពេលសួរថាតើលោកគិតថា FATCA អាចប៉ះពាល់ដល់ផលប្រយោជន៍ពាណិជ្ជកម្មអាមេរិកនៅ កម្ពុជា ដែរឬ អត់នោះ លោក ចាន់នី បានថ្លែងថា ច្បាប់នេះនឹងដាក់ឲ្យអនុវត្តស្ទើរតែគ្រប់ប្រទេសស្ដីពីភាពស្មើគ្នា។ លោកបានបន្តថា៖ «ពាណិជ្ជករទាំងអស់ទៅកន្លែងណាដែលមានឱកាស។ បើ FATCA ត្រូវអនុវត្តនៅទូទាំងពិភពលោកពេលនោះពាណិជ្ជករទាំងនោះនឹងមិនទុកចោលនូវជម្រើសដ៏ច្រើននោះទេ»។
ច្បាប់ពន្ធថ្មីសម្រាប់ពលរដ្ឋ អាមេរិក នៅក្រៅប្រទេសនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ដោយមានកាលបរិច្ឆេទលើកដំបូងសម្រាប់គ្រប់ប្រទេសទាំងអស់នៅខែ មករា ឆ្នាំ ២០១៣។
ប៉ុន្តែ លោក ចាន់នី បានបញ្ជាក់ថា ច្បាប់នេះ «ទំនងជារំលោភលើអធិបតេយ្យភាព» ច្បាប់របស់ កម្ពុជា ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលត្រូវពិភាក្សាជាមួយនឹង IRS។
គេហទំព័រ IRS ប្រកាសថា រាល់គ្រឹះស្ថានហិរញ្ញវត្ថុបរទេសដែលបានរកឃើញថាមិនបានគោរពតាមលក្ខខណ្ឌរបស់ FATCA នោះអាចប្រឈមនឹងការពិន័យ។
លោក អ៊ិន ចាន់នី បន្ថែមថា៖ «វាហាក់ដូចជាច្បាប់របស់អាមេរិកអាចបញ្ជាឲ្យធនាគារបរទេសគោរពតាម»។
ក្រុមហ៊ុនអាចផ្គត់ផ្គង់ព័ត៌មានដោយឯករាជ្យ ឬក៏ពួកគេអាចព្រមព្រៀងគ្នា ដែលមានធនាគារអាចធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដោយផ្ទាល់បន្ទាប់មកទាក់ទងជាមួយអាមេរិក។ កម្ពុជា មិនទាន់បានជ្រើសរើសយកមធ្យោបាយទាំងនេះនៅឡើយទេ។
ក្នុងនាមជាប្រធានធនាគារ និងក្រុមការងារវិស័យហិរញ្ញវត្ថុលោក ចាន់នី បានថ្លែងថា ការគោរពតាមច្បាប់ FATCA របស់ កម្ពុជា នឹងធ្វើការកាន់តែល្អប្រសើរជាងមុនតាមរយៈរដ្ឋាភិបាលជាជាងការស្ម័គ្រចិត្តរបស់ក្រុមហ៊ុនឯកជន ហើយរាយការណ៍ព័ត៌មានហិរញ្ញវត្ថុដោយឯករាជ្យឲ្យ IRS។
ស្ថានទូត អាមេរិក មិនបានឆ្លើយតបនឹងសំណួរទាក់ទងនឹងទំហំសហគមន៍ជនបរទេសអាមេរិកនៅកម្ពុជាទេ៕ PB