ភ្នំពេញៈ ការផលិត និង​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នឹង​ទំនង​ជា​បន្ត​កើនឡើង​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​ខ្លាំង​ពី​ប្រទេស​ចិន​។ នេះ​បើ​តាម​របាយការណ៍​បាន​ពី​ក្រសួង​កសិកម្ម​អាមេរិក​ (USDA)​។

នៅក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន USDA បាន​ព្យាករ​កំណើន​ផលិតកម្ម ៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ក្នុង​អំឡុង​រដូវ​ប្រមូលផល​ឆ្នាំ​ ២០១៧-២០១៨ ដែល​ប៉ាន់​ប្រមាណ​ចំនួន​សរុប ៨,១ ​លាន​តោន​។ ស្រូវ​នៅ​ប្រទេស​កម្ពុជា​ជាធម្មតា​ត្រូវ​ប្រមូល​ផល​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​គឺ​ស្រូវ​រដូវវស្សា និង​រដូវប្រាំង​។

របាយការណ៍​នេះ​បង្ហាញ​ថា​ស្រូវ​រដូវប្រាំង​នៅ​ឆ្នាំ​នេះ​បាន​ទទួល​អត្ថប្រយោជន៍​ដោយសារ​លក្ខណៈ​អាកាសធាតុ​អនុគ្រោះ និង​ត្រូវ​បាន​ប្រមូលផល​នៅក្នុង​ល្បឿន​លឿន​។

ការនាំចេញ​អង្ករ​ផ្លូវការ​បាន​កើនឡើង ១៧ ភាគរយ​ដល់ ៥៧៨ ០០០ តោន​កាលពី​ឆ្នាំ​ ២០១៧ ហើយ USDA បាន​ប៉ាន់​ប្រមាណ​ថា បន្ទាប់ពី​រដូវ​ប្រមូលផល​នឹង​មើល​ឃើញ​កំណើន​បន្ថែម​ ៨ ភាគរយ​ក្នុង​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​នីមួយៗ​ដែល​កើនឡើង​ដល់ ៦២២ ០០០ តោន​នៅ​ឆ្នាំ​ ២០១៨ និង ៦៧២ ០០០ តោន នៅ​ឆ្នាំ​ ២០១៩​។

តម្រូវការ​នៅ​ទ្រឹង​ពី​បណ្ដា​ប្រទេស​អឺរ៉ុប​ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​កំណើន​តម្រូវការ​មកពី​ប្រទេស​ចិន ដោយសារ​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​បាន​កើន​ ៥៧ ភាគរយ​កាលពី​ឆ្នាំ​មុន​។

លើស​ពី​នេះ​របាយការណ៍​នេះ​កត់សម្គាល់​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ចំនួន​ចន្លោះ ២ ទៅ​ ៤ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ការ​នាំ​ចូល​អង្ករ​សរុប​របស់​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​ដែល​បង្ហាញ​ការ​មាន​សក្ដានុពល​សម្រាប់​កំណើន​បន្ថែម​ទៀត​។

ការផលិត​អង្ករ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ស្រដៀង​គ្នា​នឹង​ការផលិត​ដែល​បាន​រាយការណ៍​ដោយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) របស់​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​មុន​។ នៅក្នុង​របាយការណ៍​របស់ FAO ក៏​បាន​ប៉ាន់​ប្រមាណ​ថា ការ​នាំ​ចេញ​ស្រូវ​អង្ករ​សរុប​របស់​កម្ពុជា​ដោយ​រត់ពន្ធ​មាន​ ៤៤ ភាគរយ​នៅ​ឆ្នាំ​នេះ​ជាមួយ​នឹង​ការ​នាំ​ចេញ​អង្ករ​ស្រប​ច្បាប់ និង​រត់ពន្ធ​កើនឡើង ៥ ​ភាគរយ​ដល់ ១,៣៥ លាន​តោន​។ USDA មិន​បាន​ផ្ដល់​ការ​ប៉ាន់​ប្រមាណ​ស្ដីពី​ការ​នាំ​ចេញ​អង្ករ​ដោយ​រត់ពន្ធ ឬ​ចំនួន​អង្ករ​ដែល​មិន​បាន​កត់ត្រា​ទេ​៕ LA