ភ្នំពេញ​: សមាគម​ធនាគារ​នៅ​​កម្ពុជា​ (​ABC​)​ ក្រុមហ៊ុន​ Visa​ Inc​ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​ ឌីជីថល​ឈាន​មុខ​គេ​ក្នុង​ពិភព​លោក​ និង​​ធនាគារ​អេស៊ីលីដា បាន​ចុះ​កិច្ច​ព្រមព្រៀង​ការ​ប្រើប្រាស់​បណ្ណ​ឥណទាន​ Visa​ EMV​ chip​ ដើម្បី​សុវត្ថិភាព​ការ​ទូទាត់​​របស់​អតិថិជន​។​

កិច្ច​ព្រមព្រៀង​នេះ​បាន​ផ្តល់​ឲ្យ​សមាជិក​ ABC ​អាច​ប្រើប្រាស់​ស្តង់ដា​បន្ទះ​ឈីប​សុវត្ថិភាព​រួមគ្នា​នៃ​បណ្ណ​ឥណទាន​ Visa EMV chip។

ក្នុង​ពិធី​ចុះ​ហត្ថលេខាកាល​ពី​ថ្ងៃ​​ទី ​៧ ​ខែ សីហា ​លោក​ស្រី ​ជុំ ម៉ូនីកា ​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន ​Visa ប្រចាំ​​ប្រទេស ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ណ​ឥណទាន​ EMV chip​ ដល់​ធនាគារ ​និង​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​​នឹង​ទទួល​​បាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​។ ​

EMV chip ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា ​microprocessor​ ដែល​វា​នឹង​បង្កើត​លេខ​កូដ​សម្ងាត់​ថ្មី​មួយ​​នៅ​ពេល​ការ​ប្រើប្រាស់​ម្តងៗ​។ លោកស្រី​បន្ត​ថា៖ «វា​​ខុស​ពី​កាត​ធម្មតា​ដែល​អត់​មាន​ឈីប​​ ដូច្នេះ​​ពេល​យើង​ប្រើ​ម្តង​ឈីប​នេះ​នឹង​បង្កើត​លេខ​កូដ​ថ្មី​ទៀត​»​​។​

លោក​ អ៊ិន​ ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) ​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​​​បាន​ឲ្យ​ដឹង​ថា EMV chip​ នឹង​ជួយ​ការពារ​ពី​ការ​ក្លែង​បន្លំ​ និង​ការ​រំលោភ​បំពាន​ទិន្នន័យ​របស់​អតិថិជន​ក្នុង​​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ ​«​តាមរយៈ​ការ​ទទួល​យក ​Visa​ EMV chip ​យើង​នឹង​អាច​ពង្រឹង​ប្រតិបត្តិការ​ក្នុង​ស្រុក ​និង​តាម​បណ្តាញ​ម៉ាស៊ីន​អេធីអឹម​របស់​យើង​ ដែល​ផ្តល់​នូវ​សុវត្ថិភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​»​។ ​

លោក​បន្ថែម​ថា ​បណ្ណ​ឥណទាន​ EMV chip​ នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​​ប្រើប្រាស់​ទូទាត់​សាច់​ប្រាក់​គ្រប់​ទូ​ ATM របស់​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

ធនាគារ​ជាតិ​ក៏​បាន​បង្កើត​ប្រព័ន្ធ​មួយ​ហៅ​ថា Cambodian Shared Switch (CSS) ដែល​មាន​គោលដៅ​សំខាន់​ក្នុង​ការ​ផ្តល់​សុវត្ថិភាព​​ និង​ភាព​ងាយ​​ស្រួល​ដល់​អតិថិជន​ប្រើប្រាស់​កាត ATM។ ប្រព័ន្ធ​នេះ​ក៏​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​​​ប្រើប្រាស់​កាត​​តែ​មួយ​នៅ​គ្រប់​ធនាគារ​ដែល​ចូលរួម​ក្នុង​ប្រព័ន្ធ​នេះ។

លោក ​គីម​ទី ​កោមលី ​អគ្គនាយក​រង​បច្ចេកទេស​ទី១ នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ពង្រឹង​សន្តិសុខ​ក្នុង​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។​​

លោក​ថ្លែង​ថា​៖​ «​នៅ​អនាគត​ការ​ទូទាត់​គ្មាន​សាច់​ប្រាក់​សម្រាប់​ប្រទេស ​កម្ពុជា​ អាច​ឈរ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូទាត់​លំដាប់​​ពិភព​លោក​ហើយ​ការ​ប្រកាស​ថ្ងៃ​នេះ​ គឺ​ជា​ជំហាន​សំខាន់​ក្នុង​ការ​សម្រេច​នូវ​ចក្ខុ​វិស័យ​នេះ»​។​​

ការ​សិក្សា​ស្រាវជ្រាវ​អំពី​ឥរិយាបថ​ក្នុង​ការ​ទូទាត់​របស់​អតិថិជន​ប្រើប្រាស់​វីសាកាត​ (Visa Card) ​បាន​រក​ឃើញ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល​​ ១ ​ភាគ​ ៣ ​រំពឹង​ថា​ ការ​ទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នឹង​មាន​ប្រជាប្រិយភាព​កើន​ឡើង​។ ​ការ​សិក្សា​នេះ​បង្ហាញ​ទៀត​ថា​ ពលរដ្ឋ​កម្ពុជា​ប្រមាណ ​៥៤​ ភាគរយ ​ជឿជាក់​ថា​ នឹង​មិន​​មាន​ការ​ទូទាត់​ជា​សាច់​ប្រាក់​សុទ្ធ​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ ​ទៅ​មុខ​ទៀត​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ABC​៕ LA​