
អគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ VisionFund នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ធនាគារ Woori Bank របស់កូរ៉េខាងត្បូងបានទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ VisionFund (Cambodia) ទាំងស្រុង ក្នុងតម្លៃមួយដែលមិនត្រូវបានបង្ហាញជាសាធារណៈ។ នេះបើយោងតាមតំណាងរបស់ធនាគារ Woori Bank បានបញ្ជាក់កាលពីថ្ងៃចន្ទ។
លោក Daniel Chang អ្នកនាំពាក្យធនាគារ Woori Bank បានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះនឹងប្រតិបត្តិការក្រោមឈ្មោះថ្មី WB Finance។
លោកបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះត្រូវបានយល់ព្រមដោយធនាគារជាតិនៃកម្ពុជា (NBC) ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជារួចរាល់ហើយ។ លោកថ្លែងថា៖ «ធនាគារ Woori ប្ដេជ្ញាចិត្តនឹងធ្វើឲ្យរីកចម្រើនជាមួយប្រទេសកម្ពុជា ហើយរៀបចំផែនការក្នុងការក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសនេះ ដោយមានទិសដៅក្នុងការក្លាយខ្លួនជា ធនាគារពាណិជ្ជនៅពេលអនាគត»។
ធនាគារ Woori Bank នៅពេលនេះកំពុងប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាគឺ Woori Finance (Cambodia)។
លោកថ្លែងថា ធនាគារនេះនឹងច្របាច់បញ្ចូលគ្នារវាង Woori Finance (Cambodia) និង VisionFund (Cambodia) បច្ចុប្បន្ន នៅពេលដ៏ខ្លីខាងមុខនេះ។
របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ NBC បង្ហាញថាទ្រព្យសកម្មសរុបរបស់ VisionFund (Cambodia) មានចំនួន ១៩៤ លានដុល្លារត្រឹមចុងឆ្នាំ ២០១៧ ខណៈកម្ចីនៅក្នុងអំឡុងពេលនេះមាន ១៦៨ លានដុល្លារ។
VisionFund Cambodia រាយការណ៍ប្រាក់ចំណេញ បន្ទាប់ពីបង់ពន្ធក្នុងចំនួន ៣,៧ លានដុល្លារកាលពីឆ្នាំ ២០១៧។ គិតត្រឹមឆ្នាំ ២០១៧ VisionFund (Cambodia) មានបុគ្គលិក ១ ៣៨៩ នាក់។
លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ពីកិច្ចព្រមព្រៀងទិញភាគហ៊ុនក្រុមហ៊ុនកាលពីម្សិលមិញ។ លោកស្រីបន្តថា Woori ជាធនាគារពាណិជ្ជកូរ៉េឈានមុខគេ ដូច្នេះពួកគេអាចនាំយកបច្ចេកវិទ្យាថ្មី និងចំណេះធ្វើដល់ទីផ្សារកម្ពុជា។
លោក Michael Mithika ប្រធាន និងអគ្គនាយក VisionFund International ជាក្រុមហ៊ុនមេរបស់ VisionFund (Cambodia) បានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមអ៊ីមែលកាលពីម្សិលមិញថា ខណៈប្រទេសកម្ពុជា ពេលនេះពេញដោយគ្រឹះស្ថានផ្ដល់កម្ចីខ្នាតតូច វាដល់ពេលសម្រាប់ VisionFund International ក្នុងការផ្លាស់ប្តូរការផ្ដោតរបស់ខ្លួនទៅប្រទេសដែលមានផលិតផលមីក្រូហិរញ្ញវត្ថុតិចតួចវិញ។
ទោះបីយ៉ាងនេះក្តីលោកថ្លែងថា៖ «អតិថិជនដែលមានស្រាប់រួមទាំងប្រជាជនក្រីក្រ ឬអ្នកយកកម្ចីតូចៗនឹងបន្តបម្រើដោយបណ្ដាញសាខាទូទាំងប្រទេសរបស់ VisionFund Cambodia ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារ Woori Bank»។
យោងតាមលោក Michael Mithika VisionFund International បានធ្វើការសម្រេចចិត្តក្នុងការស្វែងរកម្ចាស់ថ្មីសម្រាប់ VisionFund Cambodia មុនពេលការកម្រិតអត្រាការប្រាក់ ១៨ ភាគរយត្រូវបានប្រកាសដោយ NBC កាលពីខែមេសា ឆ្នាំ ២០១៧។
លោក ស៊ាន ធនិន្ទ សាស្ដ្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកម្ពុជា និង ជាអ្នកជំនាញខាងវិស័យហិរញ្ញវត្ថុនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថា កិច្ចព្រមព្រៀងថ្មីនេះអាចជានិន្នាការគួរឲ្យបារម្ភ ខណៈការផ្ដល់កម្ចីខ្នាតតូចនឹងលែងមាន ដោយសារតែក្រុមវិនិយោគិនថ្មីជាគ្រឹះស្ថានធនាគារពាណិជ្ជ។
លោកព្យាករថា ម្ចាស់នេះនឹងផ្លាស់ប្តូរគំរូអាជីវកម្មទៅរកសេវាធនាគារ ដូចជា SME ឬ កម្ចីពាណិជ្ជកម្មព្រមទាំងកម្ចីទំហំកាន់តែធំ ដើម្បីតម្រូវជាមួយការកម្រិតអត្រាការប្រាក់កម្ចីរបស់ NBC ចំនួន ១៨ ភាគរយក្នុងមួយឆ្នាំ។
លោកបន្តថា៖ «នៅពេល MFI ជាច្រើនផ្លាស់ប្តូរពីការផ្ដោតលើកម្ចីខ្នាតតូចទៅកម្ចីមធ្យម គ្រួសារមានប្រាក់ចំណូលទាបនឹងលែងមានជម្រើសនៃការទទួលការផ្ដល់ហិរញ្ញប្បទាន ហើយបន្ទាប់មកពួកគេអាចទៅវិស័យក្រៅប្រព័ន្ធ ដូចជា អ្នកចងការប្រាក់ឯកជន និងអ្នកផ្ដល់កម្ចី ការប្រាក់ខ្ពស់»៕LA