
កម្ពុជាបានធ្លាក់ចុះចំណាត់ថ្នាក់ ៣ លេខក្នុងតារាងវាយតម្លៃស្តីពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម សម្រាប់ឆ្នាំ ២០១៩ បើធៀបទៅនឹងឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបានធ្លាក់ចុះចំណាត់ថ្នាក់ ៣ លេខក្នុងតារាងវាយតម្លៃស្តីពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម សម្រាប់ឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០១៨ ខណៈរបាយការណ៍របស់ធនាគារពិភពលោក (WB) ចេញផ្សាយពីថ្ងៃពុធបង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី ១៣៨ ក្នុងចំណោមប្រទេស ១៩០។
សម្រាប់ការវាយតម្លៃស្តីពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ឆ្នាំ ២០១៨ ធនាគារពិភពលោកបានចាត់ថ្នាក់កម្ពុជាស្ថិតនៅលេខរៀងទី ១៣៥ នៅក្នុងចំណោមប្រទេសសរុប ១៩០ ប្រទេសដូចគ្នានឹងឆ្នាំ ២០១៨ ដែរ។
របាយការណ៍ស្តីពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្មរបស់បណ្តាប្រទេសលើពិភពលោក តែងត្រូវបានចេញផ្សាយដោយធនាគារពិភពលោករៀងរាល់ចុងឆ្នាំគោលមួយ តែសម្រាប់ការវាយតម្លៃនៅឆ្នាំបន្ទាប់។
ការវាយតម្លៃសម្រាប់ឆ្នាំ ២០១៩ បង្ហាញថា កម្ពុជាបានធ្លាក់ចុះចំណាត់ថ្នាក់ ៣ ឆ្នាំជាប់ៗគ្នាក្នុងតារាងវាយតម្លៃនេះ ខណៈឆ្នាំ ២០១៧ ស្ថិតនៅលេខរៀងទី ១៣១ ហើយឆ្នាំ ២០១៦ ស្ថិតនៅលេខរៀងទី ១២៧។
របាយការណ៍បង្ហាញថា កម្ពុជាមិនបានធ្វើកំណែទម្រង់វិជ្ជមានគួរឲ្យកត់សម្គាល់ណាមួយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកទេ។ ទិន្នន័យបង្ហាញថា ការចាប់ផ្ដើមអាជីវកម្មនៅតែជាបញ្ហាប្រឈមនៅកម្ពុជា ដោយកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៨៥ សម្រាប់ឆ្នាំ ២០១៩ ធ្លាក់ចុះ ២ ចំណាត់ថ្នាក់ ពីទី ១៨៣ ក្នុងឆ្នាំ ២០១៨។
របាយការណ៍នេះឲ្យដឹងថា ពេលវេលាជាមធ្យម ក្នុងការបញ្ចប់ជំហានចាំបាច់ទាំងអស់ ក្នុងការចាប់ផ្ដើមអាជីវកម្ម ស្របច្បាប់ នៅមានរយៈពេល ៩៩ ថ្ងៃជាមធ្យម ដែលមានចំនួនថ្ងៃដូចគ្នារយៈពេលមួយឆ្នាំកន្លងមក។
ដោយឡែកកម្ពុជាក៏បានកែលម្អបន្តិចលើតម្លៃទាក់ទងនឹងការអនុញ្ញាតការសាងសង់ ដែលធ្លាក់ពី ៥,៣ ភាគរយក្នុងឆ្នាំ ២០១៨ មក ៣,៣ ភាគរយនៃតម្លៃអគារសម្រាប់ ២០១៩។
របាយការណ៍បង្ហាញថា កម្ពុជាស្ថិតនៅពីក្រោយបណ្ដាប្រទេសអាស៊ាន លើកលែង ឡាវ ដែលជាប់ចំណាត់ថ្នាក់ទី ១៥៤ និងមីយ៉ាន់ម៉ា ទី ១៧១។
សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ២ ម៉ាឡេស៊ី ១៥ ថៃ ២៧ វៀតណាម ៦៩។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឲ្យដឹងថា ចំណាត់ថ្នាក់ថ្មីរបស់កម្ពុជានេះ អាចត្រូវបានប្រើប្រាស់ជាគោល ក្នុងការប្រមើលមើលថា តើប្រទេស កម្ពុជា បានធ្វើឲ្យរីកចម្រើនដូចម្ដេច ធៀបនឹងបណ្ដាប្រទេសជិតខាង។
លោកបន្ថែមថា វាអាចត្រូវបានប្រើប្រាស់ជាការឆ្លុះបញ្ចាំងប្រទេសនេះ ស្ថិតនៅកន្លែងណាហើយរហូតមកដល់ពេលនេះ និងវិស័យអ្វីដែលប្រទេសនេះ គួរកែលម្អបន្ថែមទៀត។
លោកថ្លែងថា៖ «ក្នុងករណីណាមួយ យើងត្រូវការការព្យាយាមបន្ថែមទៀតដើម្បីកែលម្អ បរិយាកាសវិនិយោគរបស់យើង និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់យើង»។
លោក លឹម ហេង អនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នីតិវិធីនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា បានកែលម្អ ធៀបនឹងពេលកន្លងមក ហើយវាកំពុងទាក់ទាញក្រុមវិនិយោគិនបរទេស មកពីបណ្ដាប្រទេសជាច្រើន។
លោកថ្លែងថា៖ «ខ្ញុំគិតថា បរិយាកាសវិនិយោគយើងមានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយយើងពេញចិត្តការរីកចម្រើននេះ»៕LA