ភ្នំពេញៈ ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ​អាច​នឹង​មាន​ការ​ថយ​ចុះ​​ជា​ទឹក​ប្រាក់​ចន្លោះ​ពី ៥១៣ ​លាន​ ទៅ​ ៦៥៤ ​លាន​ដុល្លារ​ក្នុង​​ ១ ​ឆ្នាំ ​​​បើ​​ EU សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ធនាគារ​ពិភព​លោក ក្នុង​របាយការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

ការ​ប៉ាន់ស្មាន​នេះ​គឺ​ពឹង​ផ្អែក​​លើ​ទឹក​ប្រាក់​នៃ​ការ​នាំចេញ​ទំនិញ ​៣ ​មុខ​សំខាន់​របស់​កម្ពុជា​ទៅ​អឺរ៉ុប​កាល​ពី​ឆ្នាំ​មុន ដោយ​រួម​មាន​ សម្លៀក​បំពាក់ ស្បែក​​ជើង និង​អង្ករ។​ ផល​ប៉ះពាល់​ពី​​ការ​នាំចេញ​កង់​ទៅ​ទីផ្សារ​អឺរ៉ុប​ដែល​មាន​ទឹក​​ប្រាក់ ​៣៣១ លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន មិន​ត្រូវ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​កាតព្វកិច្ច​ពន្ធ​នៅ​ឡើយ។

EU បាន​សម្រេច​រួច​​​ហើយ​ក្នុង​ការ​យក​ពន្ធ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា​ដោយ​បាន​​​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​ ​១៨ ខែ ​មករា​​ទៅ ដែល​តម្រូវ​​ឲ្យ​អង្ករ​នាំចូល​ពី​​​​កម្ពុជា ត្រូវ​​បង់​ពន្ធ​រយៈពេល​​ ​៣ ឆ្នាំ​ក្នុង​​អត្រា ១៧៥ អឺរ៉ូ​ (​ប្រហែល ២០០ ដុល្លារ​) ក្នុង​ ១ តោន​នៅ​​ឆ្នាំ​ដំបូង​។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភព​​លោក​ប្រចាំ​កម្ពុជា​ បាន​លើក​​ឡើង​ថា សម្រាប់​ការ​​រក្សា​កំណើន​ខ្លាំង​ក្នុង​រយៈពេល​មធ្យម កម្ពុជា​គួរ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​បរិយាកាស​វិនិយោគ​ និង​ការ​កាត់​បន្ថយ​​ថ្លៃ​ចំណាយ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ ព្រម​ទាំង​ការ​កសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​​​នា​ពេល​អនាគត សុទ្ធ​តែ​ជា​អាទិភាព​គន្លឹះ។

លោក​ស្រី​បញ្ជាក់​ថា​៖ ​«​​ភ័ស្តុតាង​នានា​បាន​រំលេច​ឲ្យ​ឃើញ​ថា​ ការ​វិនិយោគ​ទៅ​លើ​ប្រជាជន​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ការ​វិនិយោគ​​ទៅ​លើ​ប្រជាជន និង​ការ​កែ​លម្អ​គុណភាព​នៃ​មូលធន​មនុស្ស​របស់​កម្ពុជា គួរ​តែ​​បន្ត​នៅ​ជា​ស្នូល​នៃ​សេចក្តី​​ប្រាថ្នា​របស់​កម្ពុជា​ក្នុង​ការ​ឈាន​​ទៅ​​សម្រេច​គោលដៅ​ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ២០៣០»។​

ក្នុង​របាយការណ៍​របស់​ធនាគារ​​ពិភព​លោក​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ព្យាករ​ថា​ មាន​អត្រា​ ៧ ភាគរយ​។ យ៉ាងណា​ក៏​ដោយ ចំណុច​​មួយ​នៃ​ហានិភ័យ​ដែល​ប៉ះពាល់​ដល់​ការ​ព្យាករ​​កំណើន​ ធនាគារ​​នេះ​បាន​លើក​ឡើង​ពី​​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​អឺរ៉ុប ការ​ផ្តោត​​លើ​លំហូរ​​ចូល​វិនិយោគ​ផ្ទាល់​ពី​ចិន និង​កំណើន​ការ​ផ្តល់​កម្ចី​ទៅ​វិស័យ​មួយ​ចំនួន។​​

របាយការណ៍​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា តម្លៃ​នាំចេញ​សម្លៀក​​បំពាក់​របស់​កម្ពុជា​ទៅ​ទីផ្សារ ​EU​ មាន​ចំនួន ៣,​៦៥ ​ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ ​២០១៨​ ខណៈ​ស្បែក​​​ជើង​មាន​តម្លៃ ​៥០៨ ​លាន​​ដុល្លារ និង​អង្ករ​មាន​តម្លៃ ​១៧៧,៥ ​លាន​ដុល្លារ​​។​

ជា​រួម​ពន្ធ​នាំចូល​របស់ ​EU លើ​ផលិតផល​​សម្លៀក​បំពាក់ ​១២ ​ភាគរយ​ ស្បែក​ជើង ១៦ ​ភាគរយ​ និង​កង់​ ១០ ​ភាគរយ។ ​​​ផ្អែក​លើ​ពន្ធ​​នាំចូល​នេះ​ ធនាគារ​ពិភព​លោក​​ប៉ាន់​ប្រមាណ​ថា ក្នុង​ករណី​មាន​ការ​យក​ពន្ធ​នាំចូល ការ​នាំចេញ​សម្លៀក​បំពាក់​ធ្លាក់ចុះ​នៅ​ចន្លោះ​ពី​ ៣២០ ​លាន​ដុល្លារ​ទៅ ​៣៨១ ​លាន​ដុល្លារ ​បើ​​គិត​ពី​​តម្លៃ។

ការ​នាំចេញ​អង្ករ​ធ្លាក់​ចុះ​នៅ​ចន្លោះ​​​ពី ​៦៥ ​លាន​ដុល្លារ ​ទៅ ​១៤៤ ​លាន​ដុល្លារ​ ខណៈ​ការ​ធ្លាក់ចុះ​ការ​នាំចេញ​ស្បែក​ជើង​ដែល​​ប៉ាន់​​ប្រមាណ​ប្រហែល ​១២៨ លាន​ដុល្លារ​។​

លោកស្រី​ នាវ ​ច័ន្ទថាណា​ ទេសាភិបាល​រង​​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរ​ការ​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ម្សិលមិញ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា រដ្ឋាភិបាល​បាន​រៀបចំ​យុទ្ធសាស្ដ្រ​ ដើម្បី​បង្ការ​ហានិភ័យ​​​បើ​ EU សម្រេច​ចិត្ត​ដក EBA ​ពី​ប្រទេស ​កម្ពុជា​។​​

លោក​ស្រី​ថ្លែង​ថា៖ «រដ្ឋាភិបាល​​បាន​រៀបចំ​គម្រោង ​ដើម្បី​ទប់ទល់​រួច​ហើយ​ ប្រ​សិន​បើ​គេ​ដក​មែន។ តែ​យើង​សង្ឃឹម​​ថា ​ខាង​ EU គេ​នឹង​មិន​ដក​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​កាល​ពី​ចុង​ខែ​មីនា​ បាន​ប្រកាស​ដាក់​ចេញ​កំណែ​ទម្រង់​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន​ដោយ​សម្រេច​​ដាក់​ចេញ​យុទ្ធសាស្ត្រ​ ​១៧​ ចំណុច​រួម​មាន​ ការ​​​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ​តាម​នាវា ថ្លៃ​សេវា​​កំពង់ផែ ​ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី ​និង​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ផ្លូវ​​ដែក​ ដើម្បី​សម្រួល​​ដល់​ការ​ធ្វើ​អាជីវកម្ម​​ដោយ​លោក​អះអាង​​ថា​​ នឹង​ជួយ​​សន្សំ​ការ​ចំណាយ​លើ​​ការ​ធ្វើ​អាជីវកម្ម​របស់​វិស័យ​ឯកជន​​​​ដល់​ទៅ​ ៤០០ ​​លាន​ដុល្លារ​​​ក្នុង ១ ឆ្នាំ​៕ LA