ភ្នំពេញៈ ធនាគារ​ពិភពលោក​បាន​កែតម្រូវ​ការព្យាករ​របស់ខ្លួន​លើ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​មក​នៅត្រឹម​ក្រោម -១ ​និង ​-២,៩ ​នៅ​ឆ្នាំនេះ ដោយ​លើកឡើង​ពី​ការរីករាលដាល​កូវីដ​ ១៩ ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងដំណំ​ទៅដល់​ក្បាល​ម៉ាស៊ីន​សំខាន់ៗ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​នោះ​មាន​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​នាំចេញ និង​សំណង់​ដែល​ទាំងអស់​នេះ​តំណាង​ឲ្យ​ជាង​ ៧០ ​ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​មាន​កម្រៃ​ប្រមាណ​ជាង ៤០ ​ភាគរយ​ នៃ​ការងារ​របស់​ប្រទេស​។

របាយការណ៍​ស្តីពី «​កម្ពុជា​នៅក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូវីដ​ ១៩» ដែលជា​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ស្ដីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ​សម្រាប់​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៩ ខែ​ឧសភា ​បង្ហាញ​ថា ភាពក្រីក្រ​ក្នុង​ឆ្នាំ​ ២០២០ អាច​នឹង​កើនឡើង​ក្នុង​ចំណោម​គ្រួសារ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា​ទេសចរណ៍ សំណង់ ពាណិជ្ជកម្ម ផលិតកម្ម និង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ចន្លោះ​ពី ៣ ​ទៅ​ ១១ ​ភាគរយ​ ដែល​ខ្ពស់ជាង​កម្រិត​នៅ​ខ្សែបន្ទាត់​គោល ឬ​និយាយ​ម្យ៉ាង​ទៀតថា កម្រិត​នៅពេល​ដែល​គ្មាន​ជំងឺ​កូវីដ ១៩​។ ឱនភាព​សារពើពន្ធ​នឹង​មាន​កម្រិត​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុងអំឡុងពេល​ ២២ ​ឆ្នាំ​កន្លង​មក​។

របាយការណ៍​នេះ​បន្ថែមថា ការដួលរលំ​នៃ​កម្លាំង​សំខាន់ៗ​សម្រាប់​ជំរុញ​កំណើន​បាន​ប៉ះទង្គិច​យ៉ាងខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច និង​ធ្វើឲ្យ​ការងារ​របស់​មនុស្ស​យ៉ាងហោច​ណាស់​ ១,៧៦ ​លាន​នាក់​ស្ថិតក្នុង​ហានិភ័យ​។ របាយការណ៍​ក៏បាន​ព្រមាន​ដែរ​ថា ការហូរចូល​នៃ​មូលធន​មកពី​ក្រៅប្រទេស​ក៏​កំពុងតែ​ស្តួចស្ដើង​ទៅៗ​ដែល​តាមរយៈ​នេះ​វា​នឹង​ញ៉ាំង​ឲ្យ​តម្លៃ​នៃ​ទីផ្សារ​អចលនទ្រព្យ​ស្រុតចុះ ហើយ​ទំនង​ជា​នឹង​ឈាន​ទៅ​បញ្ចប់​ការរីកលូតលាស់​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់​ទៀតផង​។ ជាមួយ​នឹង​ការផ្ដល់​ឥណទាន​ចំនួន​ច្រើន​នៅពេល​បច្ចុប្បន្ន​ដល់​វិស័យ​សំណង់ អចលនទ្រព្យ និង​កម្ចី​ទិញ​ផ្ទះ កម្ចី​មិន​ដំណើរការ​ (​កម្ចី​ខូច​) អាច​កើនឡើង​។

លោកស្រី Inguna Dobraja ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំកម្ពុជា​បាន​ថ្លែងថា​៖ «​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងដំណំ​មកលើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០​។ លោកស្រី​បន្តថា​៖ «​វិបត្តិ​ជា​សកល​ដែល​បង្កដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​សេដ្ឋកិច្ច​កម្ពុជា​»​។

លោកស្រី​បន្ថែមថា​៖ «​ធនាគារ​ពិភពលោក​ប្ដេជ្ញា​ថា នឹង​ជួយ​កម្ពុជា​ក្នុង​ការដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាមួយ​វិបត្តិ​កូវីដ​ ១៩ នេះ និង​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ឲ្យ​ឆាប់​ងើប​ឡើងវិញ និង​មាន​ភាព​ធន់​នាពេល​អនាគត​»​។

ដើម្បី​ធ្វើឲ្យ​មាន​ស្ថិរភាព និង​កាត់បន្ថយ​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​នេះ រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ២៦ ​ខែ​ឧសភា​ បាន​ដំណើរការ​វិធានការ​ជុំ​ទី​ ៤ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ដើម្បី​បន្ត​រស់​បាន​។

រដ្ឋាភិបាល​បាន​សម្រេច​បន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​សម្រាប់​ធនាគារ​ក្នុងស្រុក និង​បរទេស​។ សម្រាប់​កម្ចី​ថ្មីៗ រដ្ឋាភិបាល​បានសម្រេច​កាត់បន្ថយ​អត្រាពន្ធ​កាត់​ទុក​លើ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ប្រភព​ខាងក្រៅ និង​ក្នុងស្រុក​មក​នៅ​ត្រឹម ៥ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០២០ នេះ​។

ការបន្ទាប​អត្រាពន្ធ​កាត់​ទុក​លើ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ប្រភព​មកពី​ខាង​ក្រៅ និង​ក្នុងស្រុក​មក​នៅត្រឹម​ ១០ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០២១ និង​កែតម្រូវ​អត្រាពន្ធ​កាត់​ទុក​លើ​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទាំង​ប្រភព​មកពី​ខាងក្រៅ និង​ក្នុង​ស្រុក​មក​នៅត្រឹម​កម្រិត​ធម្មតា​ស្រប​ជាមួយ​ច្បាប់ និង​បទប្បញ្ញតិ្ត​ដែល​កំពុង​អនុវត្ត​ជា​ធរមាន​ក្នុង​ឆ្នាំ​ ២០២២​។

សម្រាប់​កម្ចី​ចាស់ រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​កាត់បន្ថយ​អត្រាពន្ធ​កាត់​ទុក​លើ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ប្រភព​មកពី​ខាងក្រៅ និង​ក្នុងស្រុក​មក​នៅត្រឹម​ ១០ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០២០​។ កែតម្រូវ​អត្រាពន្ធ​កាត់​ទុក​លើ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ប្រភព​មកពី​ខាងក្រៅ និង​ក្នុងស្រុក​មក​នៅត្រឹម​កម្រិត​ធម្មតា​ស្រប​ជាមួយ​នឹង​ច្បាប់ និង​បទប្បញ្ញត្តិ​ដែល​កំពុង​អនុវត្ត​ជា​ធរមាន​ក្នុង​ឆ្នាំ​ ២០២១​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​បង្កើត​ «​មូលនិធិ​ធានា​ឥណទាន​» ​ជាមួយ​ថវិកា​ ២០០ ​លាន​ដុល្លារ ដើម្បី​ធានា​ប្រាក់កម្ចី​តាមរយៈ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែល​ប្រើប្រាស់​គោលការណ៍​ទីផ្សារ ដើម្បី​ជួយ​កាត់បន្ថយ​លំហូរ​សាច់ប្រាក់ និង​ទុន​បង្វិល​របស់​ក្រុមហ៊ុន​ក្នុង​គ្រប់​វិស័យ​ទាំងអស់​យ៉ាងហោច​ណាស់ ២ ​ពាន់​លាន​ដុល្លារ​។ ក្រសួង​នឹង​បម្រុង​ទុក​ហិរញ្ញវត្ថុ​បន្ថែម ៣០០ ​លាន​ដុល្លារ​ ដើម្បី​គាំទ្រ និង​ដើរតួ​ជា​កាតាលីករ​ដើម្បី​ជំរុញ​កំណើន​នា​អំឡុង​ក្នុង និង​ក្រោយ​វិបត្តិ​៕LA