ក្រុងវ៉ាស៊ីនតោនៈ ធនាគារ​ពិភពលោក​ (WB) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ការផ្ដល់​កម្ចី​របស់ខ្លួន​ដល់​ប្រទេស​ ចិន​ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​នឹង​បន្ត​កាត់បន្ថយ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ទាមទារ​ឲ្យ​ធ្វើ​ដូច្នោះ​។

លោក ត្រាំ បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ហេតុអ្វី​បាន​ធនាគារ​ពិភពលោក​ផ្ដល់ប្រាក់​កម្ចី​ឲ្យ​ប្រទេស​ចិន​? តើ​នេះ​អាច​ទៅ​រួច​ទេ​? ប្រទេស​ ចិន​ មាន​ប្រាក់​ច្រើន ហើយ​ប្រសិន​បើ​ពួកគេ​មិនមាន​ប្រាក់​ទេ ពួកគេ​ត្រូវ​រកប្រាក់​។ ចូរ​បញ្ឈប់​»​។

ធនាគារ​ពិភពលោក​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​លោក David Malpass អតីតមន្ដ្រី​រតនាគារ​អាមេរិក​នេះ​បាន​ការពារ​វិធី​របស់ខ្លួន​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​។

សេចក្ដី​ប្រកាស​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការផ្ដល់​កម្ចី​របស់​ធនាគារ​ពិភពលោក​ឲ្យ​ប្រទេស​ ចិន​ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​នឹង​បន្ត​កាត់បន្ថយ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​របស់​យើង​ជាមួយ​ភាគទុនិក​របស់​យើង​ទាំងអស់​ដែល​រួមមាន​ទាំង​អាមេរិក​ផងដែរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​បន្តថា​៖ «​យើង​លុបចោល​ការផ្ដល់​កម្ចី ដោយសារតែ​ប្រទេស​ជាច្រើន​កាន់តែ​មាន​ប្រាក់​ច្រើន​ហើយ​»​។

លោក ត្រាំ បាននិង​កំពុង​បញ្ជាក់​ជាថ្មី​នូវ​តួនាទី​មួយ​ដែល​បាន​កាន់កាប់​ដោយ​រដ្ឋបាល​របស់លោក​ជាយូរ​មកហើយ ដែល​រួមទាំង​តំណែង​របស់លោក Malpass មុនពេល​ការបោះឆ្នោត​របស់លោក​សម្រាប់​តំណែង​ប្រធាន​ធនាគារ​ពិភពលោក​នៅពេល​បច្ចុប្បន្ន​។

លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​រតនាគារ​របស់​អាមេរិក​បាន​ប្រាប់​តំណាងរាស្ដ្រ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា អាមេរិក «​បាន​ជំទាស់​» នឹង​កម្មវិធី​កម្ចី និង​គម្រោង​ជាច្រើន​ឆ្នាំ​របស់​ស្ថាប័ន​នេះ​នៅក្នុង​ប្រទេស​ចិន​។

កម្មវិធី​នោះ​ដែល​រួមមាន​ទាំង​ផែនការ​ក្នុង​ការកាត់បន្ថយ​ការផ្ដល់​កម្ចី​ដល់​ប្រទេស ​ចិន​ ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

លោក Martin Raiser នាយក​ប្រចាំ​ប្រទេស​ធនាគារ ពិភពលោក​ទទួល​បន្ទុក​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កម្មវិធី​នេះ​ «​ឆ្លុះបញ្ចាំង​ការវិវត្ត​នៃ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ប្រទេស​ចិន​»​។ លោក​បន្តថា​៖ «​ការចូលរួម​របស់​យើង​នឹង​ជាការ​ជ្រើសរើស​កាន់តែ​ខ្លាំង​ឡើង​»​។

គោលជំហរ​សាធារណៈ​របស់​លោក ត្រាំ ធ្វើឡើង​ក្នុង​គ្រា​ដែល​ការចរចា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ដែល​ស្វែងរក​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល ១៨ ​ខែ ​របស់លោក​ប្រធានាធិបតី​អាមេរិក​ដែល​មាន​គោលបំណង​ក្នុង​ការបង្ខំ​ឲ្យ​ចិន​ធ្វើ​សម្បទាន​ចំពោះ​ការការពារ​ក្រុមហ៊ុន​អាមេរិក និង​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម​របស់ខ្លួន​។

មាន​ភាពមិន​ច្បាស់លាស់​ដ៏ធំ​មួយ​អំពី​កាលបរិច្ឆេទ​នៃ​កិច្ចព្រមព្រៀង​ដោយ​ផ្នែក​ដែល​អាច​ធ្វើឡើង ដែល​លោក ត្រាំ បាន​ឲ្យ​ដឹងថា​នឹង​កើតឡើង​នៅ​ខែតុលា​៕ LA