ក្រុងវ៉ាស៊ីនតោនៈ តម្លៃ​ប្រេង​ឆៅ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង ២៣ ភាគរយ​ក្នុង​ឆ្នាំ​នេះ​ក្នុង​គ្រា​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ខណៈ​តម្លៃ​ដែក​ក៏កំពុង​កើនឡើង​ផងដែរ​ដោយ​សារភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​។ នេះ​បើ​យោង​តាម​ធនាគារ​ពិភពលោក (WB) កាលពី​ថ្ងៃ​អង្គារ​។

ធនាគារ​ពិភពលោក​បាន​ដំឡើង​ការ​ព្យាករ​របស់​ខ្លួន​អំពី​តម្លៃ​ប្រេង​រហូត​ដល់​តម្លៃ​ជា​មធ្យម ៦៥ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​ក្រោយ​ពី​តម្លៃ ៥៣ ដុល្លារ​កាលពី​ឆ្នាំ​មុន​មួយ​ផ្នែក​គឺ​ដោយសារ «​ហានិភ័យ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​កើនឡើង​»​។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា តម្លៃ​លោហៈ​រំពឹង​ថា​នឹង​កើនឡើង ៩ ភាគរយ​នៅ​ឆ្នាំ​ ២០១៨ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ​តម្លៃ​កសិផល​អាច​នឹង​កើនឡើង ២ ភាគរយ​។ ករណី​ទាំង​ ២ ​នេះ​សុទ្ធតែ​បាន​រង​ផលប៉ះពាល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។

ធនាគារ​ពិភពលោក​បាន​រំឭក​ថា​៖ «​សកម្មភាព​គោលនយោបាយ​ដែល​ស្ថិត​ក្រោម​កិច្ចពិភាក្សា​នាពេល​ថ្មីៗ​នេះ​ដូចជា​ការដក​ពន្ធ​បន្ថែម ការកាត់បន្ថយ​ផលិតកម្ម និង ទណ្ឌកម្ម​មួយ​ចំនួន​បង្ហាញ​ពី​ហានិភ័យ​ចំពោះ​ចក្ខុវិស័យ​ក្នុង​រយៈពេល​ខ្លី​»​។

ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​ជា​បន្ត ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដែល​បាន​កើនឡើង ៣,១ ភាគរយ​កាលពី​ឆ្នាំ​មុន ហើយ​ត្រូវ​បាន​រំពឹង​ថា​អាច​នឹង​កើនឡើង​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​នេះ​នោះ បាន​ជំរុញ​តម្លៃ​ប្រេង​ដែល​បាន​កើនឡើង ១០ ភាគរយ​នៅ​ត្រីមាស​ទី​ ១​។

របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្តីបារម្ភ​អំពី​ភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​កើនឡើង ជាពិសេស​អំពី​ចក្ខុវិស័យ​ចំពោះ​ការដាក់​ទណ្ឌកម្ម​ជាថ្មី​លើ​ប្រទេស​អ៊ីរ៉ង់ និង​ភាពតានតឹង​រវាង​ប្រទេស​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ប្រទេស​យេម៉ែន​ក៏​បាន​ជំរុញ​តម្លៃ​ប្រេង​ផង​ដែរ​កាលពី​ខែ​មីនា​។ ប្រេង​បាន​កើនឡើង​ដល់ ៧៤ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​នៅ​ខែ​មេសា​។

លោក John Baffes សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ធនាគារ​ពិភពលោក និង​ជា​អ្នកដឹកនាំ​សរសេរ​របាយការណ៍​នេះ​បាន​ថ្លែង​ថា​៖ «​តម្លៃ​ប្រេង​បាន​កើនឡើង​ជាង​ទ្វេដង គិត​ចាប់​តាំងពី​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​កាលពី​ដើម​ឆ្នាំ​ ២០១៦ ខណៈ​សន្និធិ​ប្រេង​បាន​ធ្លាក់​ចុះ​ខ្លាំង​»​។

ផលិតកម្ម​ត្រូវ​បាន​កាត់បន្ថយ​ផង​ដែរ ដែល​កត្តា​នេះ​ក៏​បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ផង​ដែរ​រួមមាន ការកាត់បន្ថយ​ទិន្នផល​ប្រេង​របស់​ក្រុម​ប្រទេស​នាំចេញ​ប្រេង​ដែល​ជា​សមាជិក​ និង​មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC ក៏ដូចជា​វិធានការ​របស់​ចិន​ក្នុង​ការ​កាត់បន្ថយ​ការផលិត​ដែក និង​ថាមពល​ដែល​កំពុង​បំពុល​បរិស្ថាន​។

លោក Baffes ថ្លែង​ថា​៖ «​តម្រូវការ​ប្រេង​ខ្ពស់ និង​ការគោរព​កាន់តែ​ខ្លាំង​របស់​ក្រុម​ប្រទេស​ផលិត​ប្រេង​ដែល​ជា​សមាជិក និង​មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC តាម​ការសន្យា​របស់​ខ្លួន​ស្តីពី​ទិន្នផល​ប្រេង​ដែល​បាន​ព្រមព្រៀង​គ្នា​បាន​ជួយ​ទប់ស្កាត់​ទីផ្សារ​មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​ឱនភាព​»​។

ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​បាន​ផ្ទុះ​ឡើង​នៅពេល​លោក​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន​ហូត​ពន្ធ​ខ្ពស់​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​កាលពី​ខែ​មុន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​លោហៈ​ទាំងអស់​។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា តម្លៃ​អាលុយមីញ៉ូម​បាន​កើនឡើង​ជា​បន្តបន្ទាប់​ដល់​តម្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៧ ឆ្នាំ បន្ទាប់ពី​មាន​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ធំ​ជាង​គេ​របស់​រុស្ស៊ី​ដែល​មាន​ទំហំ​ជាង ៦ ភាគរយ​នៃ​ការផ្គត់ផ្គង់​ពិភពលោក​។

តម្លៃ​នីកែល​ក៏​បាន​កើនឡើង​ផង​ដែរ​នៅ​ពេល​មាន​ក្តីបារម្ភ​ថា ទណ្ឌកម្ម​អាច​នឹង​បន្ត​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ផលិតកម្ម​របស់​រុស្ស៊ី​ផ្សេង​ទៀត ដោយសារ​ប្រទេស​នេះ​ផលិត​នីកែល ៩ ភាគរយ​នៃ​សន្និធិនីកែល​ពិភពលោក​៕ BP