ភ្នំពេញៈ ខណៈ​ជំងឺ​កូវីដ​ ១៩ នៅតែ​គំរាមកំហែង​សេដ្ឋកិច្ច​ពិភពលោក មេដឹកនាំ​ទាំងអស់​កំពុង​ព្យាយាម​ក្នុង​ការជម្នះ​លើ​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច និង​ពង្រឹង​សុខុមាលភាព​សង្គម​ខ្លួន​តាមរយៈ​ការដាក់ចេញ​នូវ​កញ្ចប់​ថវិកា​ផ្សេងៗ​។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់ចេញ​នូវ​កញ្ចប់​ថវិកា និង​ការលើក​ទឹកចិត្ត​ពន្ធ​ជុំ​ទី​ ៤ រួច​មក​ហើយ ដោយ​គិត​ជា​ទឹកប្រាក់​មាន​ជាង ២ ​ពាន់​លាន​ដុល្លារ ដើម្បី​កែលម្អ​វិស័យ​សុខាភិបាល បរិយាកាស​អាជីវកម្ម និង​វិនិយោគ ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​។

លោកស្រី Claire Honore Hollweg សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​នៅ​កម្ពុជា​ (WB) ​បាន​ជួប​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​ពិភាក្សា​អំពី​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ គោលនយោបាយ​ឆ្លើយតប​របស់​រដ្ឋាភិបាល និង​តួនាទី WB ក្នុង​ការជួយ​ដល់​កម្ពុជា​។

ខណៈ​ការរីករាលដាល​កូវីដ​ ១៩ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​តំបន់ ជាពិសេស​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ​ដូចជា​កម្ពុជា តើ WB មើលឃើញ​យ៉ាងណា​ដែរ​ចំពោះ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំនេះ​?

ដូច​បណ្ដា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ កម្ពុជា​គឺមាន​សេដ្ឋកិច្ច​បើកចំហ​។ កំណើន​សេដ្ឋកិច្ច និង​ការធ្វើ​សមាហរណកម្ម​ពិភពលោក​បាន​ដើរ​ទន្ទឹម​គ្នា ដែល​កំណើន​សេដ្ឋកិច្ច​ត្រូវបាន​ទ្រទ្រង់​ដោយ​ការនាំចេញ​ទំនិញ សេវា​ជាច្រើន និង​លំហូរ​ចូល​ជាប្រចាំ​នៃ​មូលធន​បរទេស​។

ជំងឺ​កូវីដ​១៩ កំពុង​ធ្វើឲ្យ​ធ្លាក់ចុះ​នូវ​តម្រូវការ​ពិភពលោក ការរំខាន​ចង្វាក់​ផ្គត់ផ្គង់ ការប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​កាន់តែ​ទាប​ទៅៗ វា​ក៏បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា​ផងដែរ​។ បន្ទាប់ពី​ការ​ប្រឈម​នឹង​កង្វះ​វត្ថុ​ធាតុដើម​ក្នុង​ឧស្សាហកម្ម​កាត់ដេរ នៅពេល​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​តម្រូវការ​ពិភពលោក​ចំពេល​នៃ​ការធ្លាក់ចុះ​ការបញ្ជា​ទិញ និង​ការនាំចេញ​។

វិស័យ​ទេសចរណ៍​ត្រូវ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​តាមរយៈ​ការធ្លាក់ចុះ​ដ៏ច្រើន​នៃ​ភ្ញៀវទេសចរ​បរទេស​។ មាន​សញ្ញា​ថា វិស័យ​អចលនទ្រព្យ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ក៏​ថមថយ​ដែរ​។

ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច រដ្ឋាភិបាល​បាន​ផ្ដល់​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​វិស័យ​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដូចជា កាត់ដេរ ទេសចរណ៍ និង​អាកាសចរណ៍​។ តើ​អ្នកស្រី​ធ្វើការ​វិនិច្ឆ័យ​យ៉ាងណា​ចំពោះ​វិធានការ​បែប​នោះ​?

ការអនុវត្ត​វិធានការ​នានា​គឺ​បង្ហាញថា រដ្ឋាភិបាល​កំពុង​ឆ្លើយតប​តាមរយៈ​ការគាំទ្រ​ក្នុង​ការគ្រប់គ្រង​ផលប៉ះពាល់​នៅពេល​បច្ចុប្បន្ន​ក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់ និង​ដើម្បី​ធានា​ស្ថិរភាព​សេដ្ឋកិច្ច និង​សង្គម​។

ការលើកទឹកចិត្ត​ពន្ធ​គឺ​ពិតណាស់​នឹង​ជួយ​ភ្លាមៗ​ដល់​ក្រុមហ៊ុន​ក្នុង​វិស័យ​សំខាន់ៗ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ​១៩​។

ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ជុំ​ទី​ ៤ ជា​អ្វីដែល​ហៅថា កម្មវិធី​ជំនួយ​សង្គម​ដែល​នឹង​ផ្ទេរប្រាក់​មួយចំនួន​ដល់​គ្រួសារ​ទទួលរង​ផលប៉ះពាល់ និង​ផ្ដល់​ការបណ្ដុះបណ្ដាល​វគ្គ​ខ្លីៗ​សម្រាប់​ជំនាញ​ដល់​កម្មករ​រង​ផលប៉ះពាល់​។ តើ​អ្នកស្រី​យល់​យ៉ាង​ណា​?

ក្នុង​អំឡុងពេល​ការធ្លាក់ចុះ​សេដ្ឋកិច្ច វិធានការ​ជំនួយ​សង្គម​ដ៏រឹងមាំ​អាច​ជួយ​ការពារ​ប្រជាជន​មិន​ឲ្យ​ងាយ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​។ យើង​យល់ស្រប​ចំពោះ​វិធានការ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ហើយ​ក៏​ជួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​ការកែលម្អ​សុខភាព​សាធារណៈ​ផងដែរ​។

ការអភិវឌ្ឍ​ប្រព័ន្ធ​ជំនួយ​សង្គម​ដែល​អាច​សម្រប​ខ្លួន​នឹង​វិបត្តិ​គឺ​ស្រដៀង​នឹង​លក្ខណ​ពិសេស​នៃ​សេដ្ឋកិច្ច​ដ៏រឹងមាំ និង​ជំនួយ​សង្គម ការបណ្ដុះបណ្ដាល​ជំនាញ​ឡើងវិញ លើស​ពី​នេះ​ដើម្បី​ការកាត់បន្ថយ​វិបត្តិ​បន្ទាន់​អាច​លើកកម្ពស់​ការអភិវឌ្ឍ​ធនធាន​មនុស្ស ការជំរុញ​ផលិតភាព និង​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​។

តើ WB ផ្ដល់​អនុសាសន៍​អ្វីខ្លះ​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​កម្ពុជា បន្ទាប់ពី​ជំងឺ​កូវីដ​១៩?

របាយការណ៍ WB កាលពី​ពេល​ថ្មីៗ​នេះ​បាន​ផ្ដល់​អនុសាសន៍​ថា ជម្រើស​គោលនយោបាយ​ឆ្លើយតប​នឹង​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ត្រូវតែ​មាន​គោលបំណង​ដើម្បី​ផ្ដល់ជំនួយ​សេដ្ឋកិច្ច​បន្ទាន់ និង​ការការពារ​សុខភាព​សាធារណៈ គាំទ្រ​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី និង​ជំរុញ​ម៉ាក្រូ​សារពើពន្ធ និង​ភាពធន់​នៃ​សង្គម​ក្នុង​រយៈពេល​មធ្យម​។

WB កំពុង​គាំទ្រ​កម្ពុជា​ក្នុង​ការដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​វិបត្តិ​កូវីដ​១៩ និង​ពង្រឹង​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​ជាមួយ​ភាពរឹងមាំ​នៅពេល​អនាគត​។ ថ្មីៗ​នេះ WB បានអនុម័ត និង​ពិនិត្យ​គម្រោង​មួយចំនួន​ដើម្បី​ជួយ​ដល់​កម្ពុជា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការការពារ ការស្វែងរក និង​ការឆ្លើយតប​នឹង​ការ​គំរាម​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ និង​ពង្រឹង​ប្រព័ន្ធ​ជាតិ​សម្រាប់​ការរៀបចំ​សុខភាព​សាធារណៈ​។

តើ WB ព្យាករ​យ៉ាងណា​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះ និង​ឆ្នាំក្រោយ​?

ខណៈ​កំណើន​ផលិតផល​ក្នុង​ស្រុក​ពិត​មាន​ភាពរឹងមាំ ៧,១ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៩ ការរីករាលដាល​កូវីដ​ ១៩ ទូទាំង​ពិភពលោក​បាន​បណ្ដាល​ឲ្យ​មាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ក្នុង​ក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុជា​នៅ​ត្រីមាស​ទី​ ១ ​នេះ​។ កំណើន​ពិត​ត្រូវបាន​ព្យាករ​ថា នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​មក​នៅ ១,០ ​ភាគយ​ក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង​ការ​ព្យាករ​លើក​មុន​ចំនួន ៦,៨ ​ភាគរយ ដោយសារ​តែ​ការធ្លាក់ចុះ​ការនាំចេញ និង​លំហូរ​ទេសចរណ៍ និង​ការថមថយ​ល្បឿន​សកម្មភាព​សាងសង់​ជាដើម​។

ម្យ៉ាងទៀត​ការកែលម្អ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ទីផ្សារ​សំខាន់ៗ​ត្រូវ​រំពឹងថា នឹង​កាន់តែ​ប្រសើរ​ក្នុង​ឆ្នាំ​ ២០២១ ដែល​ជួយ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៃ​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំក្រោយ ហើយ​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ដល់ ៦ ​ភាគរយ​៕ LA