ភ្នំពេញៈ ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងប្រឈមបញ្ហាមួយចំនួន រួមមានកំណើននៃការផ្តល់ឥណទានក្នុងវិស័យសំណង់ និង អចលនទ្រព្យ កំណើនបំណុល និងបញ្ហាប្រឈមនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសម្រាប់ខែតុលា ឆ្នាំ ២០១៩ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍នេះបង្ហាញថា ការផ្តល់ឥណទាននៅប្រទេស កម្ពុជា បច្ចុប្បន្នដោយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុមានទំហំជាង ១០០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ខណៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងការធ្លាក់ចុះយឺតៗនៃសេដ្ឋកិច្ចចិននឹងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍បានឲ្យដឹងថា៖ «ការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនជាមុនសម្រាប់វិបត្តិក្នុងវិស័យហិរញ្ញវត្ថុគឺជាជំហានដំបូងដ៏សំខាន់មួយ»។ របាយការណ៍នេះបានបន្តថា៖ «លំហូរទុនវិនិយោគផ្ទាល់ពីបរទេសយ៉ាងច្រើនមកកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកអាចនឹងមិនមានស្ថិរភាព ជាពិសេសក្នុងបរិបទមិនច្បាស់លាស់កំណើនពិភពលោក និងការធ្លាក់ចុះរបស់ប្រទេស ចិន»។
ធនាគារពិភពលោកបានឲ្យដឹងថា ការធ្វើឲ្យប្រសើរឡើងនូវការក្រកួតប្រជែងខាងក្រៅរបស់ប្រទេសកម្ពុជាគឺជារឿងចាំបាច់ដើម្បីរក្សាកំណើនឲ្យបានក្នុងកម្រិតមធ្យម។
របាយការណ៍ឲ្យដឹងថា៖ «វាជាចាំបាច់ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងខាងក្រៅប្រទេសតាមរយៈការបង្កើនផលិតភាព បន្ទាប់ពីដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មកររោងចក្រ»។
ថ្មីៗនេះរដ្ឋាភិបាលបានចេញវិធានការមួយចំនួនដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដោយបញ្ចុះតម្លៃចំណាយលើការដឹកជញ្ជូន និងគាំពារធុរកិច្ចដោយកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកជាដើម។
ទោះបីយ៉ាងណាអ្នកជំនាញបានឲ្យដឹងថា ប្រសិនបើកម្ពុជាបាត់បង់កិច្ចព្រមព្រៀងប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» រវាងអឺរ៉ុប និងកម្ពុជានឹងអាចប៉ះពាល់ដល់ការនាំចេញរយៈពេលខ្លី។
លោក Andrew Mason សេដ្ឋវិទូជាន់ខ្ពស់សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោកបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមវីដេអូកាលពីថ្ងៃព្រហស្បតិ៍ថាធនាគារពិភពលោកបានធ្វើការយ៉ាងដិតដល់ចំពោះសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ចំពោះអ្វីដែលអាចនឹងកើតឡើងសម្រាប់ EBA។
លោកថ្លែងថា៖ «ខ្ញុំគិតថាការនាំចេញរបស់កម្ពុជាចំនួន ៤០ ភាគរយ ទៅអឺរ៉ុបស្ថិតក្រោមកិច្ចព្រមព្រៀង EBA ដូច្នេះប្រសិន EBA ត្រូវបញ្ចប់វាអាចប៉ះពាលរយៈពេលខ្លីក្នុងការនាំចេញពេលបច្ចុប្បន្ន»។
ប៉ុន្តែពេលនេះកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនផងដែរ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ និងជំនាញសកលគ្រប់គ្រងផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃធនាគារពិភពលោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទសារព័ត៌មានតាមវីដេអូថា កម្ពុជាហាក់ដូចជាទទួលបានអត្ថប្រយោជន៍ពីភាពតានតឹងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
លោកថ្លែងថា៖ «ជាការពិតភាពតានតឹងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន យើងមើលឃើញរោងចក្រថ្មីជាច្រើនចូលមកកម្ពុជាដែលជាចំណុចទី ១ ហើយចំណុចទី ២ យើងបានមើលឃើញការកើនឡើងចំនួនរោងចក្រផលិតទំនិញទាក់ទងនឹងការធ្វើដំណើរឆ្លើយតបនឹងការទទួលការអនុគ្រោះពន្ធ GSP ពីអាមេរិក »។
ប្រទេស ចិន នៅតែជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានាំមុខគេ ដែលគ្រាន់តែឆ្នាំ ២០១៨ កើនឡើងដល់ជាង ៣,៥ ពាន់លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៧ ភាគរយនៅឆ្នាំនេះ៕LA