The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - WEF: អាមេរិក​ធ្លាក់ចុះ​ចំណាត់ថ្នាក់​ ខាង​សមត្ថភាព​ប្រកួតប្រជែង

WEF: អាមេរិក​ធ្លាក់ចុះ​ចំណាត់ថ្នាក់​ ខាង​សមត្ថភាព​ប្រកួតប្រជែង

Content image - Phnom Penh Post
កិច្ចប្រជុំ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ WEF កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៩ នៅ​អាហ្វ្រិក​ខាងត្បូង​។ រូបថត AFP

WEF: អាមេរិក​ធ្លាក់ចុះ​ចំណាត់ថ្នាក់​ ខាង​សមត្ថភាព​ប្រកួតប្រជែង

ហ្សឺណែវៈ អាមេរិក​បាន​ធ្លាក់​មក​នៅត្រឹម​ចំណាត់ថ្នាក់​ទី​ ២ ក្រោយ​ប្រទេស​សិង្ហបុរី​ខាង​សមត្ថភាព​ប្រកួតប្រជែង​ពិភពលោក ដោយសារ​បណ្តាល​មកពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​សមត្ថភាព​ប្រកួតប្រជែង​ពិភពលោក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF)​។

វេទិកា​ប្រចាំឆ្នាំ​ដែល​ទាក់ទាញ​ក្រុម​មនុស្ស​មាន​ឥទ្ធិពល​ផ្នែក​ពាណិជ្ជកម្ម និង​នយោបាយ​នៅ​ទីក្រុង Davos បាន​ចេញ​ផ្សាយ​របាយការណ៍​សមត្ថភាព​ប្រកួតប្រជែង​ប្រចាំ​ឆ្នាំ​មួយ​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ដែល​វាយតម្លៃ​ប្រទេស​ជាច្រើន​ត្រូវ​បាន​ផ្ដល់​ចំណាត់ថ្នាក់​ប្រសើរ ដោយសារ​តែ​ការមើលឃើញ​ផលិតភាព និង​កំណើន​រយៈពេល​វែង​។

ខណៈ​របាយការណ៍​នេះ​បាន​កត់សម្គាល់​ថា​អាមេរិក «​នៅតែ​ជា​ប្រទេស​មហាអំណាច​នវានុវត្តន៍​មួយ​» និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំង​បំផុត​ទី​ ២ ​របស់​ពិភពលោក សញ្ញា​បញ្ហា​មួយ​ចំនួន​បាន​កើតឡើង​។

លោកស្រី Saadia Zahidi ជា​នាយិកា​គ្រប់គ្រង​វេទិកា​មួយរូប​នៅពេល​ស្នើសុំ​ការអត្ថាធិប្បាយ​ស្ដីពី​ផលប៉ះពាល់​ដោយសារ​តែ​ពន្ធ​នាំចូល​ដែល​បានដាក់​ដោយ​រដ្ឋបាល​លោក ត្រាំ បាន​ថ្លែង​ថា​៖ «​វា​មាន​សារៈសំខាន់​ក្នុង​ការធានាថា ប្រទេស​ជាច្រើន​កំពុង​ត្រូវ​បាន​បើកចំហ​ពាណិជ្ជកម្ម​»​។

លោកស្រី​បាន​កត់សម្គាល់​ថា កង្វះ «​ទិន្នន័យ​ដ៏រឹងមាំ​» ស្ដីពី​ផលប៉ះពាល់​ដោយសារ​តែ​ពន្ធ​នាំចូល​អាមេរិក​ដែល​បាន​ដាក់​លើ​ដៃគូ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ខ្លួន ខណៈ​ផលិតផល​ជាច្រើន​ដែល​រង​ផលប៉ះពាល់​នៅតែ​មាន​កម្រិត​ធៀប​នឹង​ពាណិជ្ជកម្ម​ជារួម​។

លោកស្រី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ហ្សឺណែវ​ថា ប៉ុន្តែ «​ទំនុកចិត្ត​» ជុំវិញ​ការវិនិយោគ​នៅ​​អាមេរិក «​កំពុង​ធ្លាក់ចុះ​»​។

លោកស្រី​បន្ថែម​ថា​៖ «​នោះ​នឹង​បញ្ចប់​ផលប៉ះពាល់​លើ​ការវិនិយោគ​រយៈពេល​វែង និង​របៀប​ដែល​ក្រុម​អ្នកធ្វើ​ការសម្រេច​ចិត្ត​កំពុង​គិត វា​នឹង​បញ្ចប់​ផលប៉ះពាល់​ដល់​ការយល់ឃើញ​របស់​មេដឹកនាំ​ពាណិជ្ជកម្ម​ដែល​មិនមែន​ជា​ជនជាតិ​អាមេរិក​របស់​អាមេរិក​។ ដូច្នេះ​វា​មាន​បញ្ហា​ក្នុង​រយៈពេល​វែង​»​។

របាយការណ៍​សមត្ថភាព​ប្រកួតប្រជែង​នេះ​ពឹង​ផ្អែក​មួយផ្នែក​លើ​ការស្ទង់មតិ​មន្ដ្រី​ប្រតិបត្តិ បន្ថែម​លើ​ទិន្នន័យ​សេដ្ឋកិច្ច​ដ៏រឹងមាំ​។

លោកស្រី Zahidi បាន​ឲ្យ​ដឹងថា អាមេរិក​ក៏​បាន​ធ្លាក់ចុះ​ផ្នែក​ចំណាត់​ថ្នាក់​ផងដែរ ដោយសារ​តែ​អាយុកាល​ជា​មធ្យម​ដែល​មាន​សុខភាព​ល្អ​នៅក្នុង​ប្រទេស​នៅពេល​នេះ​គឺ​ទាប​ជាង​ប្រទេស​ចិន​។

នៅក្នុង​ទិន្នន័យ​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំមុន អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹងថា​កូនក្មេង​ទើប​នឹង​កើត​នៅក្នុង​ប្រទេស​ចិន​អាច​រំពឹងថា​នឹង​មាន​ ៦៨,៧ ​ឆ្នាំ​នៃ​ការរស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​ធៀប​នឹង​ ៦៨,៥ ​សម្រាប់​កូនក្មេង​ទើប​នឹង​កើត​របស់​អាមេរិក​។

ការកើនឡើង​របស់​សិង្ហបុរី

របាយការណ៍​វាស់វែង​សមត្ថភាព​ប្រកួតប្រជែង​លើ​មាត្រដ្ឋាន​ពី​ ០ ​ដល់​ ១០០ ដែល​ពឹង​ផ្អែកលើ​កត្តា​ជាច្រើន​ដែល​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ សុខភាព ទីផ្សារការងារ ប្រព័ន្ធ​ហិរញ្ញវត្ថុ គុណភាព​គ្រឹះស្ថាន​សាធារណៈ និង​ការបើកចំហ​សេដ្ឋកិច្ច​។

ប្រទេស​សិង្ហបុរី​ទទួល​បាន​ពិន្ទុ​ ៨៤,៨ ​ក្នុង​ចំណោម​ ១០០ ប៉ុន្តែ​វេទិកា​នេះ​បាន​កត់សម្គាល់​ថា ប្រទេស​នេះ​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​តាមរយៈ​កំពង់ផែ​របស់​ខ្លួន​ដែល​បាន​ជំរុញ​ដោយ​សង្គ្រាម​ពន្ធ​នាំចូល​រវាង​អាមេរិក និង​ចិន​។ អាមេរិក​បាន​ធ្លាក់ចុះ​ពី ៨៥,៦ ​កាលពី​ឆ្នាំ​ ២០១៨ មក​នៅ ៨៣,៧ ​ពិន្ទុ​។

ទីក្រុង​ហុងកុង​បាន​កើនឡើង​ ៤ ​ចំណាត់ថ្នាក់​ដល់​ចំណាត់ថ្នាក់​ទី​ ៣ ដោយ​មាន​ពិន្ទុ​ ៨៣,១ ប៉ុន្តែ​វេទិកា​នេះ​បាន​ឲ្យ​ដឹងថា ទិន្នន័យ​ដែល​ប្រើប្រាស់​នៅក្នុង​របាយការណ៍​នេះ​ត្រូវ​បាន​ប្រមូល​មុនពេល​រលក​នៃ​ការតវ៉ា​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​បានចាប់ផ្ដើម​ធ្វើឲ្យ​រង្គោះរង្គើ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​។

ប្រទេស​ ហូឡង់​ ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ៤ កើនឡើង​ ២ ​ចំណាត់ថ្នាក់​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ប្រទេស​ស្វ៊ីស​ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ៥៕ LA

អត្ថបទគួរចាប់អារម្មណ៍