ភ្នំពេញ: ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) និង​ធនាគារ​ហ្វីលីព​កាលពី​ថ្ងៃ​ចន្ទ បាន​ប្រកាស​ភាព​ជា​ដៃគូ​ជា​ផ្លូវការ​ដើម្បី​ផ្ដល់​ការទូទាត់​កម្ចី​តាមរយៈ​វីង និង​ជា​វិធានការ​ ១ ​ផ្សេង​ទៀត​សម្រាប់​គ្រឹះស្ថាន​ទាំង​ ២ ក្នុង​ការជំរុញ​ការទូទាត់​ឌីជីថល​ចំពេល​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។

តាមរយៈ​ភាព​ជា​ដៃគូ​នេះ អតិថិជន​ធនាគារ​ហ្វីលីព​នៅពេល​នេះ​អាច​ធ្វើ​ការទូទាត់​សង​ប្រាក់កម្ចី​តាមរយៈ​បណ្ដាញ​ភ្នាក់ងារ​វីង​ដែល​មាន​ជាង​ ៨ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក Han Peng Kwang អគ្គនាយករង​ធនាគារ​ហ្វីលីព​បាន​ឲ្យ​ដឹងថា កិច្ចសហការ​នេះ​នឹង​ជា​ការលើក​កម្ពស់​បន្ថែម​ទៀត​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ធនាគារ​នេះ និង​ដើម្បី​ផ្ដល់​សេវា​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន​។ លោក​ថា​៖ «​ការសហការ​គ្នា​នេះ អតិថិជន​ធនាគារ​ហ្វីលីព​នៅពេល​នេះ​នឹង​មាន​ជម្រើស​ផ្សេង​ទៀត​ក្នុង​ការសង​ប្រាក់កម្ចី​របស់​ពួកគេ​កាន់តែ​មាន​ភាពងាយស្រួល ដោយ​មិនចាំបាច់​ធ្វើ​ដំណើរ​មកដល់​សាខា​ធនាគារ​នោះទេ​»​។

លោក​បន្តថា​៖ «​ភាពជា​ដៃគូ​នេះ​នឹង​ជួយ​ជំរុញ​បន្ថែមទៀត​ដល់​គោលដៅ​របស់​ធនាគារ​ក្នុង​ការផ្ដល់​ជូន​ផលិតផល និង​សេវាកម្ម​បែប​ឌីជីថល​ដល់​អតិថិជន​គ្រប់គ្នា​រាប់​ចាប់ពី​អាជីវកម្ម​ខ្នាតតូច​រហូត​ដល់​ឯកត្តជន និង​មធ្យម និង​សាជីវកម្ម​ធំៗ​ផងដែរ​»​។

លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​ឲ្យ​ដឹងថា ភាព​ជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​យើង ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដែល​អាចជួយ​ពួកគេ​អភិវឌ្ឍ និង​កសាង​អនាគត​ដ៏ប្រសើរ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ដែល​យើង​អាច​ផ្ដល់នូវ​ដំណោះស្រាយ​ទូទាត់​ប្រាក់​ទាំងនេះ ដើម្បី​ជួយ​ប្រជាជន​ក្នុង​អំឡុងពេល​មាន​ជំងឺ​​កូវីដ​ ១៩​ នេះ​»៕ LA