
លោក ចម ប្រសិទ្ធ (អាវស) ពិនិត្យមើលប្លង់សាងសង់គម្រោងសួនបណ្តុំ សហគ្រាសធុនតូច និងមធ្យមរបស់ Worldbrigde Industrial Development Co.,Ltd ។ រូបថត សហការី
ភ្នំពេញ៖ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ អ៊ិនដាសស្ទ្រៀល ឌីវេឡុបមិន ឯ.ក (Worldbrigde Industrial Development Co.,Ltd) បានប្រកាសបុកគ្រឹះសាងសង់គម្រោងសួនបណ្តុំសហគ្រាសធុនតូច និងមធ្យម (Worldbridge I4.0 SME Cluster) លើផ្ទៃដីទំហំ ៦ ហិកតា ក្នុងខេត្តកណ្តាល ក្រោមទុនវិនិយោគប្រហែល ៣០ លានដុល្លារ។
សួនបណ្តុំសហគ្រាសធុនតូច និងមធ្យមនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៦ ហិកតា ក្នុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល ទល់មុខនឹងគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ «ទីក្រុងរណបសិរីមង្គល» របស់ក្រុមហ៊ុន Worldbridge Homes Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Worldbridge Group។
លោក សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន វើលដ៍ ប្រ៊ីដ អ៊ិនដាសស្ទ្រៀល ឌីវេឡុបមិន បានថ្លែងក្នុងពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងនេះកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ថា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាតាមរយៈការពង្រឹងការគ្រប់គ្រង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងកិច្ចដំណើរការអាជីវកម្មដែលមានភាពប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។
លោកនិយាយថា៖ «យើងធ្វើគម្រោងនេះ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមដែលមានស្រាប់ ដើម្បីមានទីតាំងត្រឹមត្រូវសម្រាប់បង្កើនផលិតកម្ម និងផលិតភាពរបស់ពួកគេ។ យើងចង់ទាក់ទាញសហគ្រាសធុនតូច និងមធ្យម ពីបរទេស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក»។
គម្រោងសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម នេះនឹងចំណាយប្រាក់វិនិយោគចន្លោះពី ២៨ ទៅ ៣០ លានដុល្លារ។ គម្រោងនេះនឹងអាចមានការពង្រីកបន្ថែមទៀត បើតម្រូវការបណ្ដុំសហគ្រាសធុនតូច និងមធ្យម មានការកើនឡើងបន្ថែមទៀត។ នេះបើយោងតាមលោក សៀ ឫទ្ធី។
លោកប្រាប់ទៀតថា គម្រោងនេះនឹងសាងសង់ក្នុងរយៈពេល ៨ ខែ។ សួនបណ្តុំសហគ្រាសធុនតូច និងមធ្យមនេះចែកចេញជា ៧ ផ្នែក រួមមានមជ្ឈមណ្ឌលសេវាកម្ម មជ្ឈមណ្ឌលទ្រទ្រង់គ្រឿងបរិក្ខារឧស្សាហកម្មចង្កោមសហគ្រាសធុនតូច និងមធ្យម ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងសេវាកម្ម ភាពងាយស្រួលក្នុងការប្រកបធុរកិច្ច ភាពងាយស្រួលដល់កម្មករក្នុងការប្រកបការងារ និងផ្តល់សេវាកម្មគាំទ្រដទៃទៀត។
លោកថ្លែងថា៖ «តាមរយៈការវិនិយោគជាផ្លូវការលើសេវាកម្មដែលមានស្តង់ដា និងហេដ្ឋារចនាសម្ព័ន្ធដែលអាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ ខ្សែចង្វាក់ផលិតកម្មពិតជាអាចលើកស្ទួយតម្លៃ បង្កើតធនធានមនុស្សចំណេញពេលវេលាមានស្មារតីច្នៃប្រឌិតផលិតកម្ម និងការគ្រប់គ្រងប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការចំណាយ»។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម ទាំងអស់ត្រូវចាប់យកបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដើម្បីចូលទៅក្នុងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនក្នុងសួនបណ្តុំសហគ្រាសធុនតូច និងមធ្យមនេះ។
លោកថ្លែងថា៖ «យើងបង្កើតសួនឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យមនេះ ដើម្បីជួយឧបត្ថម្ភគាំទ្រ និងតម្រង់ទិសពួកគាត់សម្រាប់នាំចេញទំនិញទៅទីផ្សារពិភពលោក»។
លោក ប្រសិទ្ធ បានបន្ថែមថា សួនឧស្សាហកម្មនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគេផលិតទំនិញនាំចេញ ដើម្បីបំពេញតម្រូវការទីផ្សារ ហើយបើពួកគេកង្វះទុន រដ្ឋអាចមានទុនឱ្យខ្ចីតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
លោកអះអាងថា៖ «យើងកំពុងលើកទឹកចិត្តពួកគាត់ឱ្យចាប់យកបច្ចេកវិទ្យាចុងក្រោយមកចូលនៅក្នុងបណ្តុំសួនឧស្សាហកម្មនេះសម្រាប់ផលិតនាំចេញទៅតាមតម្រូវការទីផ្សារ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ បានថ្លែងថា សហគ្រាសធុនតូច និងមធ្យមកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដូចនេះការបង្កើតបណ្តុំសួនឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យមនេះ គឺជាការគាំទ្រដល់ពួកគេឱ្យប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្ម។
លោកថ្លែងថា៖ «សួនបណ្តុំសហគ្រាសធុនតូច និងមធ្យមនេះនឹងជួយជំរុញវិស័យនេះឱ្យដើរទាន់ប្រទេសជិតខាង ក៏ដូចជាដើរឱ្យទាន់ក្នុងសម័យឧស្សាហកម្មបច្ចេកវិទ្យា ៤.០»។
លោកកត់សម្គាល់ថា គំនិតផ្តួចផ្តើមបង្កើតសួនបណ្តុំសហគ្រាសធុនតូច និងមធ្យមនេះ គឺជាដំណោះស្រាយមួយក្នុងការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែមានភាពងាយស្រួល ដើម្បីអភិវឌ្ឍឱ្យកាន់តែរីកចម្រើន។ សហគ្រាសធុនតូច និងមធ្យម ក៏នឹងមានភាពងាយស្រួលក្នុងការរៀបចំស្តង់ដាបច្ចេកទេសរបស់ខ្លួនឱ្យសមស្របនឹងទីផ្សារក្នុងស្រុក និងក្រៅស្រុក។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមំាថា សួនបណ្តុំសហគ្រាសធុនតូច និងមធ្យមនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគ្រាសធុនតូច និងមធ្យមសម្រាប់បច្ចេកទេស ទីផ្សារ និងហិរញ្ញវត្ថុ។ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមចូលមកក្នុងសួនបណ្តុំសហគ្រាសនេះឱ្យបានច្រើនផងដែរ»៕ LA