ភ្នំពេញៈ ក្រុមហ៊ុន Worldbridge International (Co., Ltd) នឹង​សហការ​ជាមួយ UNDP លើ​គម្រោង​អភិវឌ្ឍន៍​មួយ ចំនួន​នៅ​កម្ពុជា​ដើម្បី​ជួយ​ពង្រឹង មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​។

ក្រុមហ៊ុន Worldbridge កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) កាលពី​ថ្ងៃ​សុក្រ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន​ ៣ រួមមាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ការគ្រប់គ្រង​ការដឹកជញ្ជូន​បៃតង និង​ការអភិវឌ្ឍ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​។

តាមរយៈ MoU នេះ UNDP នឹង​ជួយ​លើ​ការងារ​មួយ​ចំនួន​ដូចជា​បច្ចេកទេស​ទាក់ទង​នឹង​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ការរៀបចំ​គ្រប់គ្រង​កាកសំណល់ សេវា​រថយន្ត​សាធារណៈ ការហ្វឹកហ្វឺន​អ្នក​បើកបរ ការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​តាម​ដងផ្លូវ និង​ការពន្យល់​ពី​របៀប​ទទួល​បាន​ព័ត៌មាន​ពី​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ជាដើម​។

ក្នុង​ចំណោម​គម្រោង​ទាំង​ ៣ ​នេះ UNIDO នឹង​ជួយ​តែ​ផ្នែក​ការអភិវឌ្ឍ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​។ នេះ​បើ​តាម​លោក យក់ សុធីរិទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​លំនៅឋាន​តម្លៃ​សមរម្យ​របស់ Worldbridge Homes Co., Ltd​។

លោក សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន Worldbridge Group និយាយ​ថា​អនុស្សរណៈ​នេះ​នឹង​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​តាមរយៈ​ការមាន​កន្លែង​រស់​មួយ​ដែល​មាន​តម្លៃ​សមរម្យ និង​ផាសុកភាព ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​មាន​សុវត្ថិភាព និង​ការអភិវឌ្ឍ​អាជីវកម្ម​សម្រាប់​សហគ្រាស ធុន​តូច និង​មធ្យម​។

លោក​ថ្លែង​ថា​៖ «​ការអភិវឌ្ឍ និង​ការរីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​ចីរភាព និង​ផ្តល់​នូវ​ផល​វិជ្ជមាន​សម្រាប់​សង្គម​»​។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​គឺជា​ការឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដើម្បី​ជំរុញ​ការវិនិយោគ​ប្រកប​ដោយ​ចីរភាព​ក្នុង​វិស័យ​សំខាន់ៗ​ដែល​មាន​ឥទ្ធិពល​ដល់​សង្គម និង​សេដ្ឋកិច្ច​។ លោក​បាន​និយាយ​ថា​៖ «​ភាព​ជា​ដៃគូ​នេះ​គឺជា​ជំហាន​ដ៏សំខាន់​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ត្រឹម​ឆ្នាំ​ ២០៣០»​។

លោក សុខ ណារិន តំណាង​អង្គការ UNIDO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា​វិស័យ SME នៅ​កម្ពុជា​តែង​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ ដូចជា ​កង្វះ​ព័ត៌មាន​ទីផ្សារ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ធនធាន​មនុស្ស និង​បញ្ហា​តម្លៃ​ថាមពល​អគ្គិសនី​ខ្ពស់​ជាដើម​។ ​

លោក​ថ្លែង​ថា​៖ «​តាមរយៈ​កិច្ចហប្រតិបត្តិការ​នេះ UNIDO នឹង​អាច​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ SME នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ប្រកប​ដោយ​ចីរភាព​»៕LA