ទីក្រុងប៉ារីសៈ ១ ​ឆ្នាំ​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម សហភាព​អឺរ៉ុប​ចំពោះ​ការគាំទ្រ​របស់​អឺរ៉ុប​ដល់​ក្រុមហ៊ុន​ Airbus អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ត្រូវបាន​រំពឹងថា​នៅ​ថ្ងៃ​អង្គារ​ដឹកនាំ​ប្លុក​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​សហរដ្ឋអាមេរិក​ចំពោះ​ការផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុន Boeing​។

ក្នុង​ការវិវឌ្ឍ​ចុងក្រោយ​បំផុត​ក្នុង​ប្រវត្តិ​រយៈពេល​ ១៦ ​ឆ្នាំ​ រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប្រ៊ុចសែល​ជុំវិញ​ការគាំទ្រ​ចំពោះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​រៀងៗ​ខ្លួន សហភាព​អឺរ៉ុប​ត្រូវ​រំពឹងថា​ នឹង​ទទួលបាន​នូវ​ភ្លើង​បៃតង​ដើម្បី​ដាក់​ពន្ធគយ​មាន​ទឹកប្រាក់​ ៤ ​ពាន់​លាន​ដុល្លារ លើ​ទំនិញ និង​សេវាកម្ម​អាមេរិក​។ នេះ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន Bloomberg​។

សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​ការផ្តល់​ជំនួយ​រដ្ឋ​ខុសច្បាប់​ទៅកាន់​ក្រុមហ៊ុន​ផលិត​យន្តហោះ​រៀងៗ​ខ្លួន និង ទាំង​ ២ ​បាន​ប្តឹង​ទៅដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​រក​ដំណោះស្រាយ​។

កាលពី​ឆ្នាំមុន WTO បាន​អនុញ្ញាត​ឱ្យ​ដាក់​ទណ្ឌកម្ម​មាន​ទឹកប្រាក់​ ៧,៥ ​ពាន់​លាន​ដុល្លារ​ប្រឆាំង​ទំនិញ និង​សេវាកម្ម​ពី​តំបន់​អឺរ៉ុប​។

វា​ជា​ចំនួន​ច្រើន​បំផុត​ដែល​ធ្លាប់​បាន​ដាក់​បញ្ជា​រហូត​ដល់​ថ្ងៃនេះ​ដោយ​អង្គការ​ WTO និង​ជា​លទ្ធផល​នៃ​ជំនួយ​អឺរ៉ុប​ដល់​ក្រុមហ៊ុន Airbus ដែល​ត្រូវបាន​ចាត់ទុក​មិន​ត្រឹមត្រូវ​ក្រោម​បញ្ញត្តិ​ពាណិជ្ជកម្ម​អន្តរជាតិ​។

ទីក្រុង​វ៉ាស៊ីនតោន​នាពេល​នោះ​បាន​ដាក់​ពន្ធគយ​ពិន័យ​ចំនួន​ ២៥ ​ភាគរយ​ លើ​ផលិតផល​អឺរ៉ុប ដូចជា ស្រា ឈីស និង​ប្រេងឆា ជាដើម និង​ពន្ធគយ​ ១០ ​ភាគរយ​លើ​យន្តហោះ Airbus ដែល​ត្រូវបាន​ដំឡើង​ដល់​ ១៥ ​ភាគរយ​ក្នុង​ខែមីនា​កន្លងទៅ​។

សហភាព​អឺរ៉ុប​ក៏បាន​ប្រមូលផ្តុំ​តារាង​ផលិតផល​អាមេរិក​រួចហើយ​ដែល​ខ្លួន​អាចដាក់​ពន្ធគយ​រាប់​ចាប់ពី​គ្រឿង​បរិភោគ​ដល់​គ្រឿងបន្លាស់​រថយន្ត​។

ពេល​ WTO ​កំណត់​ជាក់លាក់ អឺរ៉ុប​អាច​ដាក់​ពន្ធគយ​ពីថ្ងៃ​ទី​ ២៧ ​ខែ​តុលា ១ ​សប្តាហ៍​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។

ខណៈ​អ្នកដឹកនាំ​អឺរ៉ុប​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​ដាក់​ពន្ធគយ​ជាបន្ទាន់ ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីនតោន​មិន​យល់ព្រម​ទម្លាក់​ពន្ធគយ​របស់ខ្លួន ប៉ុន្តែ​មាន​ការរំពឹង​តិច​ណាស់​។

ប្រភព​ម្នាក់​ក្នុង​ឧស្សាហកម្ម​នេះ​រំពឹង​ថា ច្បាប់​របស់ WTO បើកចំហ​ទ្វារ​សម្រាប់​ការចរចា​។

ប្រសិន​ឧស្សាហកម្ម​អាកាសចរណ៍​ស្វែង​រកឃើញ​វិបត្តិ​ដោយ​ខ្លួនឯង និង​ផលប៉ះពាល់​ដែល​កំពុង​កើតមាន​ចំពោះ​ក្រុមហ៊ុន Airbus និង Boeing ព្រមជាមួយ​ការប្រយុទ្ធប្រឆាំង​ដែល​ពន្ធគយ​បង្កើន​តម្លៃ​នៃ​យន្តហោះ មិន​បម្រើ​ផលប្រយោជន៍​អឺរ៉ុប​ ឬ​ក៏​អាមេរិក​ឡើយ​។

រឿង​នោះ​ជា​ករណី​កាន់តែ​លំបាក​សម្រាប់​ក្រុមហ៊ុន Boeing ដែល​នឹង​សម្លឹង​ឆ្ពោះ​ទៅ​រក​បន្ត​ការលក់​នៃ​យន្តហោះ ៧៣៧ MAX នៅពេល​ដែល​វា​ត្រូវបាន​គេ​បញ្ឈប់​ជើងហោះហើរ​។

ការយក​ពន្ធគយ​នឹង​ធ្វើ​ឱ្យ​យន្តហោះ​រាប់រយ​គ្រឿង​ដែល​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប​កាន់តែ​ថ្លៃ​៕ RR