ក្រុង​វ៉ា​ស៊ីន​តោនៈ ប្រ​ធាន​អង្គ​ការ​ពា​ណិ​ជ្ជ​កម្ម​​ពិ​ភព​លោក (WTO) ​​បាន​ព្រ​មាន​​​​ក្នុង​សុន្ទ​រ​កថា​មួយ​​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រ​ទេស​ទាំង​អស់​នឹង​ខាត​បង់​ដោយ​សារ​សង្គ្រាម​ពា​ណិជ្ជ​កម្ម​ពិ​ភព​លោក។

ស្ថិត​ក្រោម​ការ​វាយ​ប្រ​ហារ​ពី​លោក​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក ដូ​ណាល់ ត្រាំ​ ​លោក​ Roberto Azevedo ប្រ​ធាន​អង្គ​ការ​ WTO បាន​ទទួល​ស្គាល់​ថា កំ​ណែ​ទម្រង់​ត្រូវ​ធ្វើ​ចាំ​បាច់​ ប៉ុ​ន្តែ​បាន​ច្រាន​ចោល​​​ការ​រិះ​គន់​ថា ពា​ណិជ្ជ​កម្ម​គឺ​ជា​មូល​ហេតុ​ចម្បង​​នៃ​ការ​បាត់​បង់​ការ​ងារ​។​

លោក Azevedo បាន​ស្វា​គមន៍​ការ​ប្ដេ​ជ្ញា​ចិត្ត​ ដោយ​​ក្រុម​ប្រ​ទេស​ G20 កាល​ពី​ចុង​សប្ដាហ៍​​នៅ​ទី​ក្រុង​ប៊ុយ​ណូ​ស៊ែ ក្នុង​ការ​​កែ​ទម្រង់​ WTO ដើម្បី​ទទួល​ខុស​ត្រូវ​កាន់​តែ​ប្រ​សើរ​​លើ​ប្រ​ព័ន្ធ​ពា​ណិជ្ជ​កម្ម​ទំ​នើប ដោយ​ថ្លែង​ថា «​ប្រ​ព័ន្ធ​នេះ​អាច​កាន់​តែ​ប្រ​សើរ​ឡើង​»​។​

ប៉ុន្តែ​ខណៈ​ដែល​រដ្ឋ​បាល​ លោក ត្រាំ បាន​ហូត​ពន្ធ​នាំ​ចូល​ដោយ​ងងើល​លើ​ដៃ​គូ​ពា​ណិជ្ជ​កម្ម​ជា​ច្រើន​ ជា​ពិ​សេស​លើ​ប្រ​ទេស​​ ចិន​ ដោយ​មាន​គោល​ដៅ​កាត់​បន្ថយ​​ឱន​ភាព​ពា​ណិជ្ជ​កម្ម​អា​មេ​រិក​ លោក Azevedo ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​ចាក​ឲ្យ​ឆ្ងាយ​ពី​​គំ​និត​ដែល​ថា ពា​ណិជ្ជ​កម្ម​គឺ​ជា​ការ​ផែន​ការ​យក​ឈ្នះ​ចាញ់​»​។​

លោក​បាន​ឲ្យ​ដឹង​​​ក្នុង​សុន្ទ​រក​ថា​មួយ​ថ្លែង​ទៅ​កាន់​​ក្រុម​ប្រឹក្សា​ពា​ណិជ្ជ​កម្ម​បរ​ទេស​​​ថា​៖ «​វា​មិន​មែន​​ទេ។ មនុស្ស​​គ្រប់​គ្នា​អាច​ទទួល​បាន​អត្ថ​ប្រ​យោជន៍​»​។​

លោក​បាន​ស្វា​គមន៍​​ការ​សម្រេច​​បញ្ឈប់​វិ​ធាន​ការ​ពន្ធ​របស់​អា​មេ​រិក និង​ចិន និង​ការ​ប្ដេ​ជ្ញា​ចិត្ត​​ក្នុង​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ ដើ​ម្បី​ដោះ​ស្រាយ​ជម្លោះ​​រវាង​​ប្រ​ទេស​មាន​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​ទាំង​ ២ ​របស់​ពិ​ភព​លោក​​នេះ។ ​​

លោក​បញ្ជាក់​ថា ជ​ម្រើស​នៃ​ការ​បង្កើន​ជម្លោះ​ពា​ណិជ្ជ​កម្ម នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញ​​នៃ​សេដ្ឋ​កិច្ច​ពិ​ភព​លោក​។​

លោក Azevedo ថ្លែង​ថា​៖ «​លទ្ធ​ផល​​​ដែល​កើត​មាន​ពីការ​​ចាត់​​វិ​ធាន​ការ​ទៅ​វិញ​ទៅ​មក​នេះ​គឺ​ថា កំ​ណើន​ពា​ណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច នឹង​ថម​ថយ​ល្បឿន និង​ថា បណ្ដា​​​ប្រ​ទេស​ទាំង​អស់​ ដោយ​គ្មាន​ប្រ​ទេស​​ណា​អាច​ចៀស​ផុត នឹង​ខាត​បង់​ដោយ​សារ​តែ​សង្គ្រាម​ពា​ណិជ្ជ​កម្ម​ពិ​ភព​លោក​»​។​​

លោក Azevedo ទទួល​ស្គាល់​ការ​បារម្ភ​​​កាន់​តែ​ខ្លាំង​ឡើង​​​ចំ​ពោះ​​​សេដ្ឋ​កិច្ច​ដែល​ប្រែ​ប្រួល ប៉ុន្តែ​​បាន​បញ្ជាក់​ថា ភាគ​ច្រើន​​នៃ​ការ​បាត់​បង់​ការ​ងារ​ គឺដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​បច្ចេក​វិទ្យា​ មិន​មែន​ពា​ណិជ្ជ​កម្ម​ទេ។​ ​

លោក​ថ្លែង​ថា ពា​ណិជ្ជ​កម្ម​ជា «​ក្បាល​ម៉ា​ស៊ីន​សេដ្ឋ​កិច្ច​ ផលិត​ភាព នវា​នុវត្តន៍ ការ​បង្កើត​ការ​ងារ​»៕ AFP/LA