ក្រុងហ្សឺណែវៈ ក្រុមការងារ​ដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញ​ថា សហភាព​អឺរ៉ុប​បាន​បរាជ័យ​ក្នុងការ​ជម្រុះ​ចោលការ​ឧបត្ថម្ភ​ធន​ខុសច្បាប់​ដល់​ក្រុមហ៊ុន Airbus ដែល​កំពុង​ស្ថិតនៅ​ចំណុច​ផ្តោត​នៃ​ជម្លោះ​ដ៏ជូរចត់​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប្រ៊ុចសែល​។

ការរកឃើញ​នេះ​ជួយ​ពង្រឹង​ដល់​សេចក្តីសម្រេច​របស់​អង្គការ WTO ដែល​បានចេញ​ផ្សាយ​កន្លងមក​ដែល​បានអនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​ចាត់​វិធានការតបត​វិញ​ជាមួយ​ការដក​ពន្ធ​លើ​ទំនិញ​តម្លៃ ៧,៥ ពាន់​លាន​ដុល្លារ​ដែល​នាំចូល​ពី​អឺរ៉ុប​។

ទីក្រុង​ប្រ៊ុចសែល​ឲ្យ​ដឹងថា ខ្លួន​មិន​បដិសេធ​ប្តឹង​ឧទ្ធរណ៍​ឡើយ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​បានដឹងថា សេចក្តី​សម្រេច​នេះ​បាន​បង្ហាញថា «​វិធានការ​ខ្លាំង​» ត្រូវការ​ជា​ចាំបាច់ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​សហភាព​អឺរ៉ុប​។

សេចក្តី​សម្រេច​កាលពី​ខែ​មុន​របស់​អង្គការ WTO ដែលជា​សេចក្តីសម្រេច​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង្គការ​នេះ គឺជា​ចំណុច​ដ៏សំខាន់​មួយ​ក្នុង​ជម្លោះ​ផ្លូវច្បាប់​រយៈពេល ១៥ ឆ្នាំ​រវាង​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus របស់​អឺរ៉ុប និង​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing របស់​អាមេរិក​។

សេចក្តី​សម្រេច​នេះ​បាន​កើតឡើង​ជា​ការតបត​ទៅ​នឹង​ការឧបត្ថម្ភ​ធន និង​ការគាំទ្រ​ផ្សេងទៀត​ដែល​ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន Airbus ដោយ​រដ្ឋាភិបាល​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដែល​រំលោភច្បាប់​ពាណិជ្ជកម្ម​ពិភពលោក​។

ក្រុមការងារ​ដោះស្រាយ​ជម្លោះ​បឋម​បាន​រកឃើញថា សហភាព​អឺរ៉ុប​កំពុង​រំលោភច្បាប់ ប៉ុន្តែ​នៅ​ឆ្នាំ​មុន ទីក្រុង​ប្រ៊ុចសែល​បានស្នើ​ឲ្យ​មាន​ការពិនិត្យ​មើល​ឡើងវិញ ដោយ​លើកឡើង​ថា ខ្លួន​បាន​កែសម្រួល​ឥរិយាបថ​របស់ខ្លួន​ហើយ​។

ក្នុង​សេចក្តីសម្រេច​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្រុមការងារ​ដោះស្រាយ​ជម្លោះ​ទី​ ២ បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប​នៅតែ​កំពុងផ្តល់​ការគាំទ្រ​មិន​សមស្រប​ដល់ Airbus ដដែល​។

ក្រុមការងារ​ដោះស្រាយ​ជម្លោះ​ទី​ ២ បាន​ឲ្យ​ដឹងថា​៖ «​សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​មួយ​ចំនួន​មិនបាន​អនុវត្ត​អនុសាសន៍ និង​សាលក្រម​របស់​ស្ថាប័ន​ដោះស្រាយ​ជម្លោះ (DSB) ដើម្បី​នាំយក​វិធានការ​របស់​ខ្លួន​ឲ្យ​ស្របតាម​កាតព្វកិច្ច​របស់​ខ្លួន​ឡើយ​»​។

ហេតុដូច្នេះ ក្រុមការងារ​នេះ​បាន​រកឃើញ​ថា សាលក្រម​ដែល​ចេញ​កន្លងមក​ក្នុង​ករណី​នេះ​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​ដាក់ពិន័យ​ដោយ​អាមេរិក​ជា​ប្រវត្តិ​សារ​នោះ «​នៅតែមាន​ប្រសិទ្ធភាព​»​។

អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប​ថ្លែងថា​៖ «​ក្រុមការងារ​នេះ​បាន​បង្កើត​កំហុស​ផ្នែក​ច្បាប់​ធ្ងន់ធ្ងរ​មួយ​ចំនួន​ក្នុង​ការវាយតម្លៃ​របស់ខ្លួន​លើ​អនុលោមភាព​របស់​អឺរ៉ុប​»៕ KC