ភ្នំពេញ: ក្រុមហ៊ុន Yamato Green Co.,Ltd របស់​ជប៉ុន​មាន​ផែនការ​វិនិយោគ​លើ​វិស័យ​កសិទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩​។

ព័ត៌មាន​នេះ​ត្រូវ​បាន​លើកឡើង​ក្នុងឱកាស​នៃ​ជំនួប​ពិភាក្សា​មួយ​រវាង​លោក Nabeshima Katsuhito អគ្គនាយក​ក្រុមហ៊ុន Yamato Green ជាមួយ​នឹង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ចន្ទ​។

លោក ថោង ខុន បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​គួរ​សម្លឹង​មើល​ឱកាស​វិនិយោគ​នៅក្នុង​ខេត្ត​សៀមរាប និង​កំពង់ធំ​ដែល​ជា​តំបន់​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​លើ​វិស័យ​កសិទេសចរណ៍ និង​អេកូទេសចរណ៍​។ លោក​លើកឡើង​ថា នៅក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រសួង​បាន​យកចិត្ត​ទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​លើ​ការវិនិយោគ​លើ​វិស័យ​អេកូទេសចរណ៍ និង​កសិទេសចរណ៍​។

លោក​ថ្លែងថា​៖ «​យើង​បាន​ឯកភាព​គ្នា​នឹង​រៀបចំ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នៅពេល​ខាងមុខ ដើម្បី​ជំរុញ​ឱ្យ​កិច្ចសហការ​គ្នា​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាពជោគជ័យ​សម្រាប់​ជា​ប្រយោជន៍​ដល់​ភាគី​ទាំង​ ២»​។

លោក Katsuhito និយាយ​ថា តាមរយៈ​គម្រោង​ខ្សែ​ក្រវាត់បៃតង (Green Belt) ដែល​ទើប​បង្កើតឡើង​ដោយ​ភាគី​កម្ពុជា វា​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​នឹង​ធ្វើឱ្យ​ផលិតផល​កសិកម្ម​កម្ពុជា​ក្លាយ​ទៅជា​កសិទេសចរណ៍ ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ទទួលទាន​អាហារ​ដែលមាន​ស្រាប់​នៅតាម​តំបន់​ទេសចរណ៍​នីមួយៗ​ប្រកប​ដោយ​សុវត្ថិភាព ហើយ​ពួកគេ​ក៏​អាច​ចូលរួម​ទស្សនា​បច្ចេកទេស​នៃ​ការដាំដុះ និង​ថែទាំ​ដំណាំ​បន្លែ​ផងដែរ​»​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ទោះជា​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​បន្ត​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​វិស័យនេះ​នៅតែ​មាន​សក្តានុពល​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ពី​ក្រៅប្រទេស​។ អ្នកស្រី​បន្តថា គម្រោង​វិនិយោគ​នេះ​នឹង​ជួយ​បង្កើត​ផលិតផល​ថ្មីៗ​បន្ថែមទៀត​ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ការទាក់ទាញ​គម្រោង​វិនិយោគ​នេះ​ដោយសារ​ប្រទេស​យើង​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ស្រប​ពេល​និន្នាការ​របស់​ភ្ញៀវទេសចរ​ចង់ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​បែប​កសិទេសចរណ៍ ជា​ជាង​ទៅ​មើល​តំបន់​វប្បធម៌​ទេសចរណ៍​ជាដើម​»​។

កាលពី​ខែ​កក្កដា ក្រុមហ៊ុន Yamato Green បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រសួងកសិកម្ម​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស​។

តាមរយៈ​ការចុះ MoU នេះ​ក្រុមហ៊ុន​ជប៉ុន ១០ ​នឹង​មកជួយ​អភិវឌ្ឍ​គ្រប់ជ្រុងជ្រោយ​លើ​ខ្សែចង្វាក់​ផលិតកម្ម​បន្លែ​ទៅតាម​ជំនាញ​នីមួយៗ​។ សព្វថ្ងៃ​ក្រុមហ៊ុន​កំពុង​ទទួល​ជោគជ័យ​លើ​ការវិនិយោគ​លើ​ការដាំ​បន្លែ​សុវត្ថិភាព​នៅ​ខេត្ត​បាត់ដំបង និង​មណ្ឌលគិរី​៕ LA