
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។
បន្ទាប់ពីជួបភាពមិនប្រក្រតីនៅឆ្នាំ ២០២០ នេះ វិស័យធានារ៉ាប់រងរបស់កម្ពុជាត្រូវបានរំពឹងថា នឹងងើបឡើងខ្ពស់ជាវិជ្ជមាននៅឆ្នាំក្រោយ ដោយសារកំណើនសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរឡើងវិញ ខណៈដែលឧស្សាហកម្មប្រភេទនេះ បានសម្របខ្លួនយ៉ាងឆាប់រហ័សនៅក្នុងដំណាក់កាលនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩។
កំណើនទាបនៃវិស័យធានារ៉ាប់រង ត្រូវបានគេមើលឃើញថា ដោយសាររងការគំរាមកំហែងពីជំងឺរាតត្បាតកូវីដ ១៩ គិតចាប់តាំងពីខែមករាមក និងបានប៉ះពាល់ដល់វិស័យផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេស។
យោងតាមសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងទាំងមូលត្រូវព្យាករណ៍ថា មានកំណើនវិជ្ជមានប្រមាណ ៦,៥% នៅក្នុងឆ្នាំនេះ ក្នុងនោះទីផ្សារធានារ៉ាប់រងទូទៅមានចំណែកទីផ្សារ ៤៣,៦% ធានារ៉ាប់រងអាយុជីវិត ៥៤,៤% និងធានារ៉ាប់រងខ្នាតតូចមាន ២% នៃចំណែកទីផ្សារ។
គិតត្រឹមខែកញ្ញា ទីផ្សារធានារ៉ាប់រងទទួលបានបុព្វលាភសរុបមានតម្លៃ ២០១,៧ លានដុល្លារ កើនឡើង ៨,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការកើនឡើងនេះ ត្រូវបានរុញច្រានដោយធានារ៉ាប់រងទូទៅ ខណៈដែលធានារ៉ាប់រងអាយុជីវិតដែលទើបមានវត្តមានជាលើក ដំបូងនៅកម្ពុជាកាលពីឆ្នាំ ២០១២ មានកំណើនតិចតួចប៉ុណ្ណោះ។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជាលោក ហ៊ុយ វ៉ាថារ៉ូ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «ការធ្លាក់ចុះសេដ្ឋកិច្ចរួមជាមួយនឹងហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ត្រូវបានរំពឹងថា នឹងធ្វើឱ្យទីផ្សារធានារ៉ាប់រងក្នុងឆ្នាំ ២០២០ នេះ មានកំណើនទាបជាងបណ្តាឆ្នាំមុនៗ ប៉ុន្តែនៅតែសម្រេចបានកំណើនវិជ្ជមាន ដោយសារតែការដាក់ចេញ និងអនុវត្តមានប្រសិទ្ធិភាពនៃវិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺកូវីដ ១៩»។
លោកបន្តថា៖ «នៅឆ្នាំ ២០២១ ជាមួយនឹងការព្យាករណ៍នៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងការបង្កើនល្បឿនទីផ្សារធានារ៉ាប់រង, ឧស្សាហកម្មនេះនឹងមានកំណើនវិជ្ជមានខ្ពស់ជាងឆ្នាំនេះ»។
ថ្វីបើទីផ្សារធានារ៉ាប់រងមានកំណើនខ្ពស់ ដែលមានកំណើនប្រចាំឆ្នាំជាមធ្យម ៣៣% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ២០១៤-២០១៩ ក៏ដោយអត្រានៃបុព្វលាភទីផ្សារធានារ៉ាប់រងធៀបនឹងទំហំសេដ្ឋកិច្ច (ផ.ស.ស.) មានប្រមាណតែ ០,៩% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៩ ដែលជាកម្រិតមួយទាប ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។
លោកបន្ថែមថា៖ «នេះបញ្ជាក់ថា ប្រជាពលរដ្ឋ និងធុរកិច្ចនានាជាច្រើននៅកម្ពុជា មិនទាន់មានការធានារ៉ាប់រងសម្រាប់ការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់ខ្លួនទល់នឹងហានិភ័យផ្សេងៗនោះទេ»។
ចំនួនប្រតិបត្តិករធានារ៉ាប់រងនៅកម្ពុជាបានកើនឡើងជាលំដាប់នៅ ពេលដែលក្រុមហ៊ុនអន្តរជាតិធំៗ បានចាប់ផ្តើមចូលមកប្រទេសកម្ពុជា ដែលត្រូវបានគេមើលឃើញថា ជាទីផ្សារដែលមានសក្តានុពល ដោយសារប្រាក់ចំណូលកើនឡើង និងការយល់ដឹងអំពីសុខភាពក្នុងចំណោមយុវជនជំនាន់ក្រោយ។
គិតត្រឹមខែកញ្ញា ឆ្នាំ ២០២០ ចំនួនក្រុមហ៊ុនធានារ៉ាប់រងដែលជាសមាជិកសមាគមធានារ៉ាប់រងកម្ពុជាមានចំនួន ៣១ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១១ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៤ និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ១។
យោងតាមសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងទូទៅបានកើនឡើង ១៨,២ ភាគរយ ខណៈដែលទីផ្សារធានារ៉ាប់រងអាយុជីវិតកើនឡើង ២,៨ ភាគរយ ប៉ុន្តែការធានារ៉ាប់រងខ្នាតតូចបានធ្លាក់ចុះ ២១,៧ ភាគរយ នៅត្រឹមត្រីមាសទី៣ ឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់គិតត្រឹមឆមាសទី១ ឆ្នាំ ២០២០ មាន ប្រមាណ ៦៧៨ លានដុល្លារអាមេរិក ក្នុងនោះ ៦៣ ភាគរយ ត្រូវបានចាក់បញ្ចូលទៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជាក្នុងទម្រង់ជាប្រាក់បញ្ញើ។
លោក វ៉ាថារ៉ូ បន្តថា៖ «ផលប៉ះពាល់ និងការឆ្លងកាត់វិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យប្រតិបត្តិករធានារ៉ាប់រង ត្រូវពិនិត្យឡើងវិញនូវម៉ូដែលនៃប្រតិបត្តិការអាជីវកម្ម និងការចែកចាយផលិតផលធានារ៉ាប់រង។ ដោយផ្អែកលើអភិក្រមនៃអតិថិជន (customer approaches) ការគ្រប់គ្រងសេវា និងដំណើរផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល (digital transformation) ពីព្រោះថា អតិថិជនហាក់មានភាពស្ទាក់ស្ទើរក្នុងការជួបផ្ទាល់ជាមួយអ្នកលក់ក្នុងបរិបទនៃជំងឺរាតត្បាតនេះ ដែលជានិន្នាការមួយអាចមានរយៈពេលវែង»។
ដោយមានការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានសហការគ្នាបង្កើត “សម្ព័ន្ធធានារ៉ាប់រងសុខភាពលើជំងឺកូវីដ ១៩” ដើម្បីផ្តល់ការធានារ៉ាប់រងសុខភាពចំពោះអ្នកដំណើរបរទសចូលមកកម្ពុជា លើហានិភ័យនៃជំងឺកូវីដ ១៩។ សម្ព័ន្ធធានារ៉ាប់រងសុខភាពលើជំងឺកូវីដ ១៩ នេះ បានចាប់ដំណើរការចាប់តាំងពីខែសីហា ក្នុងឆ្នាំនេះមកម្លេះ៕