បន្ទាប់​ពី​ឆ្លង​កាត់​ដំណើរ​ដ៏​លំបាក​នៅ​ក្នុង​ឆ្នាំ ​២០២០ ​នេះ មីក្រូហិរញ្ញវត្ថុ​ដែល​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​មាន​សុទិដ្ឋិនិយម​ថា សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​នឹង​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​វ៉ាក់សាំង​កូវីដ ​១៩ ដែល​នឹង​ធ្វើ​ឱ្យ​​អាជីវកម្ម​របស់​ពួក​គេ​អាច​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ឆ្នាំ​ក្រោយ​។​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs) បាន​នឹង​បន្ត​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ស្រុក​តាមរយៈ​ការ​ផ្តល់​ឥណទាន​ដល់​ពួក​គាត់​ក្នុង​ការ​ពង្រីក​អាជីវកម្ម។​

ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​លោក គា បូរាណ បាន​ឱ្យ​ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​ថា​៖ «​ផ្អែក​លើ​របាយការណ៍​ប្រចាំ​ខែ​របស់ CMA ស្ថានភាព​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ចាប់​ផ្តើម​ប្រសើរ​ឡើង​វិញ​ចាប់​តាំង​ពី​ខែ មិថុនា ឆ្នាំ ​២០២០ ដោយសារ​តែ​កម្ចី​ដែល​អតិថិជន​មិន​បាន​សង​ត្រឡប់ ​(NPL) ​បាន​ធ្លាក់​ចុះ​ព្រម​ទាំង​ប្រាក់​កម្ចី​ថ្មី ​និង​ប្រាក់​បញ្ញើ​មាន​កើន​ឡើង​»​។ ​“​ជាមួយ​នឹង​សេចក្តី​ប្រកាស​ថ្មីៗ​នៃ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ ១៩ នេះ​, ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​កូវីដ ១៩ នឹង​ថយចុះ​នៅ​ឆ្នាំ ២០២០ ហើយ​សេដ្ឋកិច្ច​នឹង​ងើប​ឡើង​វិញ​”​។​ ​

បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ​៨១, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន ៦​ គ្រឹះស្ថាន​ ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន ១៥ និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​ជាង ២០០ ដែល​ស្ថាប័ន​ទាំង​នេះ​នាំមក​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ជា​ពិសេស​អ្នក​ខ្ចី​ប្រាក់​នៅ​ជនបទ​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​ភាគ​ច្រើន​ជា​ស្ត្រី​។​

គំរូ​អាជីវកម្ម​របស់​ពួក​គេ​បាន​ជួយ​ពន្លឿន​ដល់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដែល​មាន​តម្រូវការ​ចាំបាច់​ដោយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ដែល​មិន​ទទួល​បាន​សេវា​ធនាគារ​។​

យោង​តាម ​CMA​ បាន​ឱ្យ​ដឹង​ថា មាន​អ្នក​កម្ចី​ជិត ២ លាន​នាក់ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ (​ដោយ​មិន​រាប់​បញ្ចូល​ធនាគារ​) ដែល​ធ្វើ​ឱ្យ​ប្រាក់​កម្ចី​ឈាន​ដល់ ៧ ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​អ្នក​ផ្តល់​កម្ចី​ដែល​មិនមែន​ជា​​ធនាគារ​បាន​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ ដែល​បាន​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ធ្លាក់ចុះ​។​

ការ​បិទ​អាជីវកម្ម​ខ្នាត​តូច​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល ទើប​បណ្តាល​ឱ្យ​អ្នក​ខ្ចី​ប្រាក់​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​សង​ប្រាក់​ត្រឡប់​វិញ​ឱ្យ​ទាន់​ពេល​វេលា​ស្រប​ពេល​ដែល​គ្រោះ​ទឹក​ជំនន់​ក៏​បាន​បន្ថែម​សម្ពាធ​មួយ​កម្រិត​ទៀត​ដល់​អ្នក​ទទួល​ប្រាក់​កម្ចី​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​បង្ខិល​សាច់ប្រាក់​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។​

អ្នក​ស្នើសុំ​ប្រាក់​កម្ចី​ភាគ​ច្រើន ​គឺ​មក​ពី​វិស័យ​ទេសចរណ៍ សំណង់ សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្នែក​ដឹក​ជញ្ជូន​ដែល​សុទ្ធ​តែ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។​

ផ្អែក​លើ​ទិន្នន័យ​ពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​ថា NPL នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​កើន​ឡើង​ទ្វេដង​ពី ​១,៥ ភាគរយ ទៅ​ដល់​ជិត ៣ ភាគរយ ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ ​១៩ ប៉ុន្តែ​វា​បាន​បន្ត​ធ្លាក់ចុះ​មក​វិញ គិត​ចាប់​តាំង​ពី​ខែ​មិថុនា​មក​។​

លោក បូរាណ មាន​ប្រសាសន៍​ថា​៖ «កម្ចី​មិន​ដំណើរការ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មាន​ភាព​ប្រសើរ​ឡើង​វិញ​គិត​ចាប់​តាំង​ពី​ខែ​មិថុនា ​ឆ្នាំ ២០២០ គឺ​បាន​ធ្លាក់​មក​នៅ​ត្រឹម ​២,២៧ ភាគរយ​នៅ​ក្នុង​ខែ​តុលា​។ សកម្មភាព​សេដ្ឋកិច្ច​អាជីវកម្ម​ភាគ​ច្រើន​កំពុង​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​បន្តិច​ម្តងៗ​ចាប់​តាំង​ពី​ខែ​មិថុនា ​ដែល​កំពុង​ជួយ​ដល់​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​មាន​លទ្ធភាព​សង​ប្រាក់​កម្ចី​របស់​ពួក​គេ​ត្រឡប់​មក​វិញ​»​។

CMA ​បាន​និយាយ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​មិន​សូវ​រីក​ចម្រើន​ខ្លាំង​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ​១៩​។​តម្រូវការ​ប្រាក់​កម្ចី​ថ្មី​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​អស់​រយៈពេល​ជា​ច្រើន​ខែ ជាពិសេស​ខែ​មេសា ​និង​ឧសភា ប៉ុន្តែ​បន្ត​កើន​ឡើង​វិញ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​។​

លោក បូរាណ មាន​ប្រសាសន៍​ថា សមាគម​កំពុង​ធ្វើ​ការ​ជាមួយ​សមាជិក និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដូចជា​ធនាគារ​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា និង​គម្រោង​ធានា​ឥណទាន ​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ដែល​ខ្វះខាត​សាច់​ប្រាក់​។ ​«​ចាប់​តាំង​ពី​ខែ​មីនា​សមាជិក​សមាគម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់​អតិថិជន​ជាង ២៧ ​ម៉ឺន​នាក់ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ​១,៣ ពាន់​លាន​ដុល្លារ​។

MFIs មាន​តួនាទី​ពិសេស​នៅ​ក្នុង​សង្គម​កម្ពុជា​ក្រោយ​សម័យ​សង្គ្រាម​ហើយ​សមាជិក​របស់​យើង​ភាគ​ច្រើន​បាន​បញ្ចូល​កម្មវិធី​សង្គម​ទៅ​ក្នុង​ប្រតិបត្តិការ​ស្នូល​របស់​ខ្លួន​»​។​

លោក​បន្ត​ថា​៖ «MFIs នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ​ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​របស់​ខ្លួន រួម​ទាំង​ផ្តល់​មូលនិធិ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម ​ដើម្បី​ស្តារ ​ឬ​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​។ ការ​រៀបចំ​ឥណទាន​ឡើង​វិញ ក៏​នឹង​មាន​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ផង​ដែរ ដែល​នៅ​តែ​រង​ផល​ប៉ះពាល់​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ​២០២១៕