ក្រុមហ៊ុន​ធានារ៉ា់ប់រង ហ្វតតេ ត្រូវ​បាន​វាយតម្លៃ​ដោយ​ក្រុមហ៊ុន GCR Ratings ថា​ជា​ក្រុមហ៊ុន​មាន​ស្ថិរភាព ដោយ​ទទួល​បាន​ចំណាត់ថ្នាក់ “AA” សម្រាប់​លំដាប់​ជាតិ និង​ចំណាត់ថ្នាក់ “B” សម្រាប់​លំដាប់​អន្តរជាតិ​។

ក្រុមហ៊ុន​ធានារ៉ា់ប់រង ហ្វតតេ ទទួល​បាន​ពានរង្វាន់ “​ទសវត្សរ៍​នៃ​ឧត្តមភាព នៅ​កម្ពុជា​នា​ឆ្នាំ​ ២០២០” ពី​ទស្សនាវដ្ដី Global Banking & Finance Review

ក្រុមហ៊ុន ហ្វតតេ បាន​បន្ត​បំបែក​កំណត់ត្រា​នៅក្នុង​វិស័យ​ធានារ៉ាប់រង​ទូទៅ​នៅ​កម្ពុជា​ដោយ ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វតតេ បាន​បន្ត​ដំណែង​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែលមាន​ហិរញ្ញវត្ថុ​រឹងមាំ និង​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផ្តល់​សេវាកម្ម​ដល់​អតិថិជន​របស់ខ្លួន ដែល​ទទួល​ស្គាល់​ដោយ​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ និង​ទស្សនាវដ្តី​អន្តរជាតិ​ឈាន​មុខ​គេ​ក្នុង​ការផ្សព្វផ្សាយ​សេវាកម្ម​ហិរញ្ញវត្ថុ​។

GCR ដែល​ជា​ភ្នាក់ងារ​វាយតម្លៃ​ផ្តោត​សំខាន់​លើ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន បាន​កំណត់ថា​ក្រុមហ៊ុន ហ្វតតេ ជាប់​ចំណាត់ថ្នាក់ «AA» លើ​ភាពខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​លំដាប់​ជាតិ និង​ចំណាត់ថ្នាក់ «B» សម្រាប់​លំដាប់​អន្តរជាតិ ដែល​ទាំងពីរ​នេះ​ជា​សក្ខីភាព​នៃ​ស្ថានភាព​រឹងមាំ​របស់​ក្រុមហ៊ុន​។ ទីភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ GCR បាន​កត់សម្គាល់​ឃើញ​ពី​ជំហរ​រឹងមាំ​នៅក្នុង​ទីផ្សារ​ធានារ៉ាប់រង និង​ប្រភព​បុព្វលាភ​ចម្រុះ​របស់​ក្រុមហ៊ុន ហ្វតតេ ដែល​ចំណុច​នេះ​រួមចំណែក​ដោយ​ការបើក​ដំណើរការ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង​ធ្វើឱ្យ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​កាន់តែ​រឹងមាំ​។ នៅ​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន ហ្វតតេ ទទួល​បាន​ចំណែក​ទីផ្សារ​រហូតដល់ ៤៤% និង​មាន​បុព្ធលាភ​សរុប​ចំនួន ៤៤,៧ ​លាន​ដុល្លារ​អាមេរិក​។

ទស្សនាវដ្តី​អន្ដរជាតិ GLOBAL BANKING & FINANCE REVIEW ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដែល​មាន​បោះពុម្ព​ទស្សនាវដ្តី និង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អនឡាញ​ជា​លក្ខណៈ​អន្តរជាតិ បាន​ប្រគល់​ពានរង្វាន់​ “​ទសវត្សរ៍​នៃ​ឧត្តមភាព​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​” ដល់​ក្រុមហ៊ុន ហ្វតតេ នា​ឆ្នាំ​ ២០២០​។ ពានរង្វាន់​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន ហ្វតតេ ដែល​ត្រូវបាន​ទទួលស្គាល់ និង​ទទួលបាន​ពានរង្វាន់​ផ្សេងៗ​ជាប់ៗ​គ្នា​រយៈពេល​ ៦ ​ឆ្នាំ​ចុងក្រោយ​លើ​ភាព​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ធានារ៉ាប់រង ការផ្តល់​សេវាកម្ម​ល្អ​បំផុត​ជូន​អតិថិជន និង​ផលិតផល​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​។

លោក Charles Cheo ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហ្វតតេ មាន​ប្រសាសន៍​ថា​៖ “​ហ្វតតេ​នៅតែ​រក្សា​បេសកកម្ម​របស់ខ្លួន​ដែល​បាន​បង្កើត​តាំងពី​ក្រុមហ៊ុន​ទើប​ចាប់ដំណើរការ​កាលពី​ ២០ ​ឆ្នាំ​កន្លង​មក​ម្ល៉េះ គឺ​ដើម្បី​ក្លាយជា​ដៃគូ​អាជីវកម្ម​ប្រកប​ដោយ​ទំនុកចិត្ត ដោយ​ផ្តល់នូវ​ផលិតផល​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ហើយ​ស្របតាម​តម្រូវការ​របស់​អតិថិជន ផ្តល់​សេវាកម្ម​ល្អ​បំផុត ប្រកបដោយ​ស្ថិរភាព​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ និង​ដៃគូ​ពាណិជ្ជកម្ម​។ ការរក្សា​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​បាន​ជួយ​ឱ្យ​យើង​មានលទ្ធភាព​ក្នុង​ការពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ផ្សេងទៀត​”​។”

លោក Cheo បាន​កត់សម្គាល់​ថា​ការដាក់ឱ្យ​ដំណើរការ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្វតតេ ឡាយហ្វ៍ ក៏​នៅតែ​បន្ត​ក្នុង​ល្បឿន​ពេញលេញ ទោះបី​មាន​ភាពមិន​ប្រាកដប្រជា​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ​។

“​រដ្ឋាភិបាល​កម្ពុជា​មាន​ចំណាត់ការ​យ៉ាង​មាន​ប្រសិទ្ធិភាព​នៅក្នុង​ការគ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ​។ ថ្វីបើ​មាន​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​គួរឱ្យកត់សម្គាល់​ក្តី ក៏​ប្រទេស​កម្ពុជា​នៅតែ​អាច​បើក​អាជីវកម្ម​ឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស ដែល​ផ្តល់​ឱ្យ​យើង​នូវ​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការឈាន​ឆ្ពោះទៅ​មុខជា​មួយ​នឹង​ការ​ដំណើរការ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង​គំនិត​ផ្តួចផ្តើម​ច្រើន​ទៀត​នាពេល​អនាគត​”​។”

លោក Cheo ក៏បាន​លើកឡើង​អំពី​តួនាទី​ដ៏សំខាន់​របស់​បុគ្គលិក​ដែល​បាន​ចូលរួមចំណែក​នៅក្នុង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន ហ្វតតេ ដោយ​លោក​បាន​ថ្លែងថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គលិក​ទាំងអស់​របស់​យើង ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​របស់​ពួកគាត់​។ ការរីកចម្រើន និង​ភាពជោគជ័យ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន គឺជា​សក្ខីភាព​មួយ​ដែល​បង្ហាញថា​យើង​មាន​បុគ្គលិក​ដ៏​ពូកែ​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​នៅក្នុង​ទីផ្សារ​ដែល​យើង​ផ្តល់​សេវាកម្ម និង​ពានរង្វាន់​ដូចដែល​យើង​បាន​ទទួល​នាពេល​កន្លងមក​គឺជា​ការគូសបញ្ជាក់​បន្ថែម​ទៀត​កាន់តែ​ច្បាស់​”​។”