ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី ខេមបូឌា Yuanta Securities (Cambodia) បាន​រីកចម្រើន​ក្លាយជា​ក្រុមហ៊ុន​មូលបត្រ​ធំជាងគេ​នៅ​កម្ពុជា បន្ទាប់ពី​បានចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ឆ្នាំ​ ២០០៦​។

លោក Han Kyung Tae ដែលជា​អគ្គនាយក​បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់លោក​មាន​ឯកទេស​ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចម្រុះ​សម្រាប់​អាជីវកម្ម​ជាច្រើន​ដូចជា​សម្រាប់​សហគ្រាស​ធុន​មធ្យម ឬ​ជួយ​ក្រុមហ៊ុន​ធំៗ​ឲ្យ​ពង្រីក​វិសាលភាព​របស់​ពួកគេ ដូចជា​ករណី​របស់​ធនាគារ​អេស៊ីលីដា ដែល​នឹង​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ (IPO)​។

លោក Han ថ្លែង​ពី​ការិយាល័យ​របស់លោក​នៅ​អគារ Emerald ក្នុង​ទីក្រុង​ភ្នំពេញ​ថា​៖ «​បាន​ចូលរួម​ក្នុង​ដំណើរ​ការកសាង​ទីផ្សារ​មូលធន​ក្នុងស្រុក និង​ចូលរួម​នៅក្នុង​គម្រោង​សំខាន់ៗ​មួយចំនួន​គឺជា​ផ្នែក​ដែល​ជោគជ័យ​បំផុត​នៃ​ការងារ​របស់ខ្ញុំ​។

មិនអាច​បដិសេធ​បានទេ​ថា​ក្រុមហ៊ុន Yuanta មាន​តួនាទី​សំខាន់​ក្នុង​ការកសាង​ទីផ្សារ​មូលធន​ក្នុងស្រុក​។ ក្រុមហ៊ុន​មូលបត្រ​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុនមេ​របស់​តៃវ៉ាន់-កូរ៉េខាងត្បូង​មួយ​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​មូលបត្រ​ដែល​ចាស់​ជាងគេ​នៅ​កម្ពុជា​។

លោក Han ថ្លែងថា​នៅពេល​វាយតម្លៃ​ពី​លទ្ធភាព​នៃ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ (IPO) ក្រុមហ៊ុន​នីមួយៗ​ដែល​មក​រក​លោក គឺ​មាន​គោលដៅ​ផ្សេងៗ​គ្នា​។

លោក​បន្តថា​៖ «​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ដំបូង​គេ​ក្នុង​ឆ្នាំ​ ២០១២ ត្រូវបាន​ជ្រើសរើស​ដោយ​រដ្ឋាភិបាល ពីព្រោះ​ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ចាត់ទុកថា មាន​តម្លាភាព​គួរឱ្យ​ទុកចិត្ត និង​ជា​គំរូ​ដ៏ល្អ​សម្រាប់ IPOs បន្តបន្ទាប់​ទៀត​»​។

លោក Han ពិពណ៌នា​អំពី​គម្រោង IPO ដំបូង​ថា​ស្ទើរតែ​ដូច​ការត្រួសត្រាយ​ផ្លូវ​នៅ​វាល​ខ្សាច់​»​។

លោក​បន្ថែមថា​៖ «​យើង​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការរៀបចំ​បទប្បញ្ញត្តិ​ដែល​ត្រឹមត្រូវ​ក៏ដូចជា​ការផ្តល់​ការអប់រំ​ជា​សាធារណៈ​ និង​ឯកជន​អំពី​ទីផ្សារ​មូលធន​ និង​សេចក្តីលម្អិត​នៃ​ដំណើរការ​របស់​ទីផ្សារ​មូលធន​»​។

ចាប់តាំងពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​របស់ខ្លួន​ (IPO) រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ផ្គត់ផ្គង់​សេវាកម្ម​ពី​ ១៩៥,២៦១ គ្រួសារ​ទៅ​ ៣២០,៩០០ ​គ្រួសារ​នៅក្នុង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ​។

លោក Han បន្ថែមទៀត​ថា​៖ «​សម្រាប់​ក្រុមហ៊ុន​រដ្ឋ​ទាំងបី ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​គឺជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​លើក​កម្ពស់​តម្លាភាព​របស់​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង​ដើម្បី​ធានា​នូវ​ការរីកចម្រើន​នាពេល​អនាគត​»​។

នៅពេល​សួរថា​តើ​ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ​យ៉ាងដូចម្តេច​ក្នុង​រយៈពេល​ ១៣ ​ឆ្នាំ​មកនេះ​លោក Han ចាត់ទុកថា​កម្ពុជា​ដូចជា​ផ្ទះ​របស់លោក ខណៈ​លោក​សម្លឹងមើល​តាម​បង្អួច​បែរ​ទៅរក​មហាវិថី​ព្រះនរោត្តម​។

«​ខ្ញុំ​ចាំបាន​ថា​កាលពី​ ១៣ ​ឆ្នាំមុន​អគារ​ខ្ពស់បំផុត​នៅលើ​ដង​វិថី​នេះ​មាន​កម្ពស់​ត្រឹមតែ​ ៤ ​ជាន់​ប៉ុណ្ណោះ​។ ចាប់តាំងពី​នោះ​មក​កម្ពុជា​បាន​ផ្លាស់ប្តូរ​យ៉ាងច្រើន​។

លោក​បន្ថែមថា​៖ «​ទីផ្សារ​កម្ពុជា​នៅតែ​ក្មេងខ្ចី​នៅឡើយ ហើយ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​គឺជា​ផ្សារភាគហ៊ុន​ដែល​ក្មេងខ្ចី​ជាងគេ​បំផុត​នៅលើ​ពិភពលោក​គឺ​ទាំង​ទំហំ​ និង​សន្ទនីយភាព ហើយ​ស្ទើរតែ​គ្រប់​ទិដ្ឋភាព​ទាំងអស់ វា​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ទីផ្សារ​ដែល​ទើបតែ​បង្កើត​ថ្មី​»​។

សព្វថ្ងៃ​ធនាគារ អេស៊ីលីដា​បាន​កំពុង​រៀបចំខ្លួន​ចុះបញ្ជី​លើ​ផ្សារមូលបត្រ ហើយ IPO ដ៏ធំ​ជាង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មួយ​នេះ​បាន​ទទួល​ការធ្វើ​បរិវិសកម្ម​លើស​ ៣ ​ដង​សម្រាប់​ដំណាក់កាល​បុកបៀលឌីង​រួច​ទៅហើយ​។ លោក Han កត់សម្គាល់​ថា ទំនាក់ទំនង​រវាង​មូលធនូបនីយកម្ម​ទីផ្សារ​សរុប និង​ផលិតផល​ក្នុងស្រុក​សរុប​គឺ​ «​តិចតួច​» ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​នៅ​ប្រទេស​វៀតណាម​ជិតខាង​មាន​ប្រហែល ៧០ ​ភាគរយ​។ ទោះជា​យ៉ាងណា​ក៏ដោយ​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន​មាន​មូលធនូបនីយកម្ម​ទីផ្សារ​ច្រើនជាង​ ១០០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

យោងតាម​លោក Han, IPO របស់​ធនាគារ​អេស៊ីលីដា​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​នាំ​មូលធនូបនីយកម្ម​របស់​ទីផ្សារ​របស់​កម្ពុជា​...​ទៅជិត​ដល់​ ១០ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​។

បច្ចុប្បន្ន​វិស័យ​ធនាគារ​ផ្តល់​ប្រហែល​ ៩៧ ភាគរយ​នៃ​ហិរញ្ញប្បទាន​មូលធន​ដល់​សេដ្ឋកិច្ច​។

នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ ៤០ ​ភាគរយ​នៃ​ហិរញ្ញប្បទាន​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​មាន​ប្រភព​មកពី​វិស័យ​ធនាគារ​ហើយ​ ៦០ ភាគរយ​ទៀត​បានមកពី​ស្ថាប័ន​មិនមែន​ជា​ធនាគារ​ដូចជា​ទីផ្សារ​មូលធន​ជាដើម​។

ទោះជា​យ៉ាងណា​ក៏ដោយ​សេដ្ឋកិច្ចកម្ពុជា​ស្ទើរតែ​ទាំងស្រុង​គ្របដណ្តប់​ដោយ​មូលនិធិ​ធនាគារ​ដោយ​ធនាគារ អេស៊ីលីដា ស្ថិតក្នុង​ចំណោម​ធនាគារ​ធំជាងគេ​បំផុត​។

លោក Han សង្កត់ធ្ងន់​ថា ការចុះបញ្ជី​របស់​ធនាគារ អេស៊ីលីដា នឹង​មិន​ផ្តល់​អត្ថប្រយោជន៍​ត្រឹមតែ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​។

«IPO របស់​ធនាគារ អេស៊ីលីដា មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ប៉ុណ្ណោះ​ទេ​ថែមទាំង​ដល់​ភាគហ៊ុនិក​ផងដែរ​។ វា​នឹង​បង្កើន​កេរ្តិ៍ឈ្មោះ​ និង ប្រាក់ចំណេញ​របស់​ធនាគារ​។ វិស័យ​ធនាគារ​ក្នុង​ស្រុក​គឺជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ និង​រីកចម្រើន​បំផុត​នៅ​កម្ពុជា​ជាមួយនឹង​ប្រាក់​ចំណេញ​ខ្ពស់​សម្រាប់​ភាគហ៊ុនិក​។

«​តម្លាភាព​ និង​អភិបាលកិច្ច​សាជីវកម្ម​នឹងត្រូវ​បាន​លើកកម្ពស់​បន្ថែមទៀត ហើយ​ធនាគារ​នឹងត្រូវ​បានចាត់ទុក​ថា​ជា​ក្រុមហ៊ុន​ដែល​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​ពី​សំណាក់​សាធារណជន​»៕