
ធនាគារជាតិនៃកម្ពុជា។ ហេង ជីវ័ន
គិតចាប់តាំងពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៧៩ មក ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងវិញអស់រយៈកាល ៤១ ឆ្នាំហើយ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងចីរភាព។ ទោះយ៉ាងណាសាធារណជនមួយចំនួននៅតែមានចម្ងល់ថា តើធនាគារជាតិនៃកម្ពុជាមានតួនាទីអ្វីខ្លះ?
ធនាគារជាតិនៃកម្ពុជាគឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀលដែលជារូបិយវត្ថុជាតិ និងមានតួនាទីរក្សាស្ថិរភាពតម្លៃប្រាក់រៀល។ ក្នុងន័យនេះធនាគារជាតិនៃកម្ពុជាជាអ្នករៀបចំតាក់តែង និងអនុវត្តគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់ និងដកហូតអាជ្ញាប័ណ្ណ តាក់តែងបទប្បញ្ញត្តិ និងត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
លើសពីនេះធនាគារជាតិនៃកម្ពុជាធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រចាំចេញផ្សាយរបាយការណ៍ និងព្រឹត្តបត្រផ្សេងៗត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ ដំឡើងតារាងស្ថិតិជញ្ជីងទូទាត់ និងចូលរួមក្នុងការគ្រប់គ្រងបំណុល និងឥណទេយ្យក្រៅប្រទេស ។
ជារួមធនាគារជាតិនៃកម្ពុជាមានតួនាទីចម្បង ៣៖
តួនាទីចម្បងទី ១ របស់ធនាគារជាតិនៃកម្ពុជា គឺរក្សាស្ថិរភាពថ្លៃដែលបង្កបរិយាកាសអំណោយផលដល់ការវិនិយោគ ការប្រើប្រាស់ និងអាជីវកម្មនានា។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះតម្លៃប្រាក់រៀលត្រូវបានរក្សានូវស្ថិរភាពល្អប្រសើរ ហើយបានរួមចំណែករក្សាអត្រាអតិផរណា ដែលជាសូចនាករបង្ហាញពីកម្រិតថ្លៃទំនិញប្រើប្រាស់ឱ្យស្ថិតនៅកម្រិតទាបប្រមាណ ២,៥% ជាមធ្យមប្រចាំឆ្នាំប៉ុណ្ណោះដែលជួយរក្សាបានអំណាចទិញនៃចំណូលរបស់ប្រជាពលរដ្ឋ។ នៅពេលដែលរូបិយវត្ថុជាតិបាត់បង់តម្លៃ ឬប្រែប្រួលថ្លៃខ្លាំងពេក វិនិយោគិនក្នុងស្រុក និងអន្តរជាតិនឹងបាត់បង់ទំនុកចិត្តលើសេដ្ឋកិច្ច និងការគ្រប់គ្រងរូបិយវត្ថុរបស់ប្រទេស។
តួនាទីចម្បងទី ២ គឺត្រួតពិនិត្យប្រព័ន្ធធនាគារ។ ប្រព័ន្ធធនាគារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកេណ្ឌប្រមូលប្រាក់សន្សំទៅផ្ដល់ឱ្យអ្នកដែលមានតម្រូវការឥណទាន។ ការធ្វើអន្តរការីកម្មបែបនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយ។
ក្រុមហ៊ុនសហគ្រាសនានាដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន តែមិនមានដើមទុនគ្រប់គ្រាន់អាចទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមរយៈឥណទាន។ ប៉ុន្តែឥណទាននេះអាចទទួលបានលុះត្រាតែសាធារណជនមានទំនុកចិត្តលើប្រព័ន្ធធនាគារ តាមរយៈការដាក់ប្រាក់សន្សំរបស់ពួកគាត់នៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ដូច្នេះធនាគារជាតិនៃកម្ពុជាត្រូវធានាឱ្យបានថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានលក្ខណៈគ្រប់គ្រាន់ស័ក្តិសមនឹងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យជាប្រចាំ និងការធ្វើនិយតកម្មលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនោះ។ បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានបង្កើនចំនួនប្រាក់បញ្ញើសរុបដល់ប្រមាណ ១២៩,១ ទ្រីលានរៀល និងឥណទានដល់ប្រមាណជា ១៤១,៨ ទ្រីលានរៀលទៅដល់សេដ្ឋកិច្ច។
ការរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធធនាគារបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាជាច្រើនប្រើប្រាស់សេវាធនាគារកាន់តែសម្បូរបែប ដូចជា ឥណទានទិញផ្ទះ, ឥណទានបង់រំលស់សម្ភារប្រើប្រាស់, ការដាក់ប្រាក់បញ្ញើ, សេវាផ្ទេរ និងទូទាត់ប្រាក់,សេវាទូរស័ព្ទចល័តកាន់តែងាយស្រួល និងគ្រប់ទីកន្លែង។
តួនាទីចម្បងទី ៣ គឺការត្រួតពិនិត្យប្រព័ន្ធទូទាត់តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យប្រព័ន្ធធនាគារអាចដំណើរការបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ សេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ជួយសម្រួលដល់ការទូទាត់ ការផ្ទេរប្រាក់ និងការដាក់ប្រាក់បញ្ញើ ជាដើម។
ជាមួយគ្នានេះប្រព័ន្ធទូទាត់រហ័សជួយសម្រួលដល់ប្រតិបត្តិការទូទាត់ទំនិញ និងសេវា និងការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្នប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តនៅកម្ពុជាទទួលបាននូវអត្រានៃការប្រើប្រាស់លឿនជាងគេនៅក្នុងតំបន់ ហើយគណនីប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តបានកើនឡើងដល់ប្រមាណ ៨,២ លានគណនី ដែលប្រជាពលរដ្ឋអាចទូទាត់ និងផ្ញើប្រាក់ទូទាំងប្រទេស និងឆ្លងដែនបានផងដែរ។ សម្រាប់ពលកររោងចក្រ ប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តនេះអាចជួយឱ្យពួកគាត់ផ្ទេរប្រាក់ទៅគ្រួសារនៅបណ្ដាខេត្តនានាបានដោយងាយស្រួលឆាប់រហ័ស និងចំណាយតិច។
សម្រាប់រាជរដ្ឋាភិបាល ប្រព័ន្ធទូទាត់បែបនេះត្រូវបានប្រើប្រាស់សម្រាប់ការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីបុគ្គលិកសាធារណៈ,ប្រមូលពន្ធ, បង់ថ្លៃសេវាសាធារណៈ ដូចជា ទឹក ភ្លើងជាដើម ដែលជាលទ្ធផលអាចបង្កើនបាននូវតម្លាភាព និងប្រសិទ្ធភាពនៅក្នុងស្ថាប័នសាធារណៈឱ្យកាន់តែប្រសើរឡើង៕
អត្ថបទដោយ៖ ធនាគារជាតិនៃកម្ពុជា