
ការធានាបាននូវការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសណ្តាប់ធ្នាប់ គឺជាបេសកកម្មរបស់ គ.ម.ក.។ អាស្រ័យហេតុនេះ ដើម្បីដើរឱ្យស្របតាមបេសកកម្ម និង ចក្ខុវិស័យរបស់ខ្លួន ការជំរុញឱ្យមានក្រុមហ៊ុនចុះបញ្ជី និងការជំរុញនូវសន្ទនីយភាពទីផ្សារ គឺតែងតែជាការងារគោលរបស់ គ.ម.ក. ដែលជាអាជ្ញាធរក្នុងវិស័យមូលបត្រ។ ទន្ទឹមនឹងនេះ ការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងទីផ្សារក៏ជាគោលដៅយុទ្ធសាស្ត្រឈានមុខផងដែរ។
នៅក្នុងឆ្នាំ ២០២១ យើងរំពឹងថានឹងមានក្រុមហ៊ុនចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាយ៉ាងហោចណាស់ ២ បន្ថែមទៀត ហើយការជួញដូរ មូលបត្រក៏នឹងមានភាពមមាញឹក និងកើនឡើងផងដែរ។ បន្ទាប់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ទីផ្សារមូលបត្រ គឺជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មនៅកម្ពុជាក្នុងការប្រមូលដើមទុនរយៈពេលវែង សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ព្រោះថាការប្រមូលដើមទុនតាមរយៈទីផ្សារមូលបត្របានផ្តល់នូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ផ្សេងទៀតក្រៅពីដើមទុន ដូចជាការបង្ហាញពីតម្លាភាព និងទំនុកចិត្តសម្រាប់ក្រុមហ៊ុន ដែលជាតម្លៃគោលមួយក្នុងការជំរុញនូវនិរន្តរភាពអាជីវកម្មរបស់សហគ្រាស។
ចំពោះការជួញដូរមូលបត្រវិញទៀតសោត វិនិយោគិន ក៏ដូចជាសាធារណជនអាចនឹងពិចារណាក្នុងការរក្សាសាច់ប្រាក់មួយចំនួនសម្រាប់វិនិយោគក្នុងទីផ្សារមូលបត្រ។ នាពេលថ្មីៗនេះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានធ្វើការជូនដំណឹងអំពីការជួញដូរតាមរយៈប្រព័ន្ធជួញដូរចល័ត (Mobile Trading System-MTS) ដោយមិនគិតថ្លៃសេវារហូតដល់ចុងឆ្នាំ ២០២១ ផងដែរ ដែលការណ៍នេះជាកត្តាវិជ្ជមានមួយដែលផ្តល់នូវភាពងាយស្រួលសម្រាប់វិនិយោគិនក្នុងការដាក់បញ្ជាជួញដូរមូលបត្រជាមួយនឹងថ្លៃចំណាយទាបជាងមុន។
ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ ២០២១ យើងក៏នឹងដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុហៅថា គម្រោងវិនិយោគរួមដែលតាមរយៈវត្តមាននៃផលិតផលនេះ នឹងជំរុញឱ្យសកម្មភាពជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា ក៏ដូចជាជំរុញនូវប្រសិទ្ធភាពនៃការប្រមូលសាច់ប្រាក់ដែលនៅសេសសល់នៅក្នុងសេដ្ឋកិច្ច ឱ្យមានដំណើរការរស់រវើកផងដែរ។ ការលើកកម្ពស់ការយល់ដឹងតាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយ និងការពង្រឹងទំនុកចិត្តនៅក្នុងទីផ្សារតាមរយៈការពង្រឹងនូវការអនុវត្តច្បាប់ និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈជំនាញនៅក្នុងទីផ្សារមូលបត្រក៏ជាការងារអាទិភាពជាយុទ្ធសាស្ត្រសម្រាប់ គ.ម.ក. ក្នុងឆ្នាំ ២០២១ ផងដែរ។
ក្នុងឆ្នាំ ២០២១ យើងរំពឹងដាក់ឱ្យដំណើរការនូវយន្តការនៃការខ្ចី និងឱ្យខ្ចីមូលបត្រ ដោយខណៈពេលនេះ យើងបាននិងកំពុងសិក្សាពីយន្តការនេះ។ ចំពោះទីផ្សារមូលបត្រអនាគត គ.ម.ក. អាចរំពឹងថា នឹងរៀបចំបទប្បញ្ញតិ្តពាក់ព័ន្ធចប់សព្វគ្រប់ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុម័តនាឆ្នាំ ២០២១ ផងដែរ។
ព្រមជាមួយនឹងសកម្មភាពក្នុងស្រុក គ.ម.ក. ក៏ដើរតួនាទីយ៉ាងសកម្មនៅលើឆាកអន្តរជាតិផងដែរ ដែលនៅក្នុងឆ្នាំ ២០២១ គ.ម.ក. នឹងធ្វើជាអនុប្រធាននៃវេទិកាទីផ្សារមូលធនអាស៊ាន (ASEAN Capital Markets Forum-ACMF) ដែលគណៈកម្មការមូលបត្រប្រ៊ុយណេជាប្រធាន។
វេទិកាទីផ្សារមូលធនអាស៊ាន គឺជាក្រុមការងារដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃនិយតករមូលបត្រអាស៊ាន ដែលត្រូវបានបង្កើតឡើងក្រោមការគាំទ្រពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ដែលមានការទទួលខុសត្រូវជាចម្បងក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មទីផ្សារមូលបត្រក្នុងតំបន់។
តាមរយៈតួនាទីនេះ គ.ម.ក. មានជំនឿយ៉ាងមុតមាំថា យើងនឹងអាចទាញផលប្រយោជន៍យ៉ាងច្រើនសម្រាប់ទីផ្សារមូលបត្រកម្ពុជា និងសមាជិកផ្សេងទៀត ជាពិសេសសមាជិកដែលមានទីផ្សារមូលបត្រនៅក្មេងខ្ចីនៅឡើយ ដូចជាទីផ្សារមូលបត្រកម្ពុជាជាដើម៕