អ្នក​នៅក្នុង​វិស័យ​ធនាគារ​ហាក់​បង្ហាញ​ការយោគយល់​កាន់តែ​ច្រើន និង​បាន​ក្លាយទៅជា​ដៃគូ​ដ៏មាន​គុណធម៌​ក្នុង​អំឡុងពេល​ពេលវេលា​ដ៏លំបាក​នេះ​។

ធនាគារពាណិជ្ជ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​ធនាគារ​ក្នុងស្រុក និង​បរទេស​បាន​ប្រើ​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​គាំទ្រ​ដល់​អតិថិជន​របស់​ពួកគេ​ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ បន្ទាប់ពី​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​១៩ គិត​ចាប់​តាំងពី​ខែមីនា​មក​។

ឆ្លើយតប​តាម​ការចង្អុលបង្ហាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ណែនាំ​ស្ថាប័ន​ធនាគារ​ឲ្យ​រៀបចំ​រចនាសម្ព័ន្ធ​ការសង​ប្រាក់កម្ចី​ឡើងវិញ​ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អ្នកទទួល​កម្ចី​ហើយ​ធនាគារពាណិជ្ជ​ជាច្រើន​បាន​អនុវត្តតាម​។

វា​គឺជា​ការសាកល្បង​ទាំង​សម្រាប់​អ្នក​ឲ្យ​កម្ចី និង​អ្នកទទួល​កម្ចី​។ ធនាគារ​ត្រូវការ​ទទួល​បាន​ប្រាក់កម្ចី​របស់​ពួកគេ​ត្រឡប់​មកវិញ​ឲ្យ​បាន​ឆាប់រហ័ស ខណៈ​សេដ្ឋកិច្ច​កំពុង​រង​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ឥទ្ធិពល​ជំងឺ​កូវីដ​ដែល​បាន​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​សកល​។ ខណៈ​អ្នកទទួល​កម្ចី​លក្ខណៈ​បុគ្គល​មានការ​លំបាក​ក្នុង​ការសង​ប្រាក់កម្ចី​ត្រឡប់​ទៅវិញ ដោយសារ​តែ​ការធ្លាក់ចុះ​ប្រាក់ចំណូល​ភ្លាមៗ​បន្ទាប់ពី​អាជីវកម្ម​បាន​ជាប់គាំង​ក្នុងអំឡុងពេល​បិទ​ប្រទេស​ដើម្បី​ការពារ​វីរុស​នេះ​។ ទោះ​យ៉ាងណា​អាជីវកម្ម​កំពុង​ងើបឡើង​មកវិញ​សន្សឹមៗ​។

ការផ្តល់​ពេលវេលា​សង​ប្រាក់កម្ចី​មាន​ភាពងាយស្រួល​ពី​សំណាក់​ធនាគារ​ភាគច្រើន​ជាពិសេស​សម្រាប់​អ្នក​ដែល​រង​ការប៉ះពាល់​ខ្លាំង ដូច​អ្នក​ប្រកប​អាជីវកម្ម​ខ្នាតតូច និង​អ្នក​ដែល​នៅក្នុង​វិស័យ​ទេសចរណ៍ ដូចជា​ភោជនីយដ្ឋាន សណ្ឋាគារ និង​នៅ​ផ្នែក​កម្សាន្ត​ផ្សេងៗ​។

វិធានការ​ជួយជ្រោមជ្រែង និង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​នៅ​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​បាន​អាច​ជួយ​រក្សា​ការងារ​រាប់ពាន់​កន្លែង ហើយ​អ្នកទទួល​កម្ចី​នៅតែ​អាច​បន្ត​សង​ប្រាក់កម្ចី​របស់​ពួកគេ​ក្នុងអំឡុងពេល​ដ៏លំបាក​នេះ​បាន​។

វិធានការ​ជាក់ស្តែង​ទាំងនេះ​គឺ​ដើម្បី​ជួយ​អ្នកទទួល​កម្ចី​ក្នុង​ការសង​ត្រឡប់ ក៏ដូចជា​ដើម្បី​ជួយ​ទ្រទ្រង់​អាជីវកម្ម​របស់​ពួកគេ ហើយ​នៅ​ទីបំផុត​អាចជួយ​សេដ្ឋកិច្ច​ឲ្យ​នៅតែ​មាន​ដំណើរការ​ល្អប្រសើរ ដោយសារ​មាន​វិធានការ​ទាន់ពេលវេលា​។ អរគុណ​ចំពោះ​ការជួយ​របស់​ធនាគារ​។

ទោះជា​យ៉ាងណា​ពេល​អនាគត​នៅតែ​មិនទាន់​ប្រាកដប្រជា ខណៈ​ជំងឺ​កូវីដ​១៩ កំពុង​បន្ត​រាតត្បាត​ដែល​បង្ក​ជា​បញ្ហា​មួយចំនួន​សម្រាប់​ប្រទេសជាតិ​ជាច្រើន ខណៈ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​ក៏ហាក់​មាន​តិចតួច​។

ខណៈ​ការធ្វើ​ដំណើរ​អន្តរជាតិ​ធ្លាក់ចុះ​បាន​ជះឥទ្ធិពល​ដោយផ្ទាល់​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ការពន្យារពេល​ពង្រីក​អាជីវកម្ម ប៉ះពាល់​ដល់​តម្រូវ​ការផលិត​ផល​សម្រេច ចំណូល​គ្រួសារ​ធ្លាក់ចុះ​ក៏​បាន​ជះឥទ្ធិពល​ដល់​ការចំណាយ​របស់​អ្នកទិញ​ហើយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ និង​វិស័យ​ធនាគារ​។

ដូច្នេះ​វិស័យ​ធនាគារ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការធ្វើ​ឱ្យ​មាន​លំនឹង​ហិរញ្ញវត្ថុ ហើយ​វា​ចាំបាច់​ណាស់​ដើម្បី​ធានា​ឱ្យ​មាន​សាច់ប្រាក់​សម្រាប់​ការធ្វើ​អាជីវកម្ម និង​ទប់ស្កាត់​កំណើន​កម្ចី​ដែល​មិន​អាច​សង​ត្រឡប់​ទាន់​ពេលវេលា​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យនេះ​៕