ធនាគារ​ស៊ិនហាន ខេមបូឌា ភីអិលស៊ី បាន​ដាក់​ចេញ​នូវ​វិធានការ​ជាក់ស្តែង​មួយចំនួន​ដើម្បី​ធានាថា​អតិថិជន​របស់ខ្លួន​មិន​ខកខាន​ក្នុង​ការបង់ប្រាក់​កម្ចី​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​បាន​និង​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​យ៉ាងធ្ងន់ធ្ងរ​នោះ​។

ធនាគារ ស៊ិនហាន បាន​ជួយ​អតិថិជន​របស់ខ្លួន​ប្រមាណ​ ១៨០ ​នាក់​ ក្នុង​ការសម្រួល​ប្រាក់កម្ចី​ និង​រៀបចំ​កាលវិភាគ​សង​ត្រឡប់​ឡើងវិញ ដើម្បី​ជួយ​កាត់បន្ថយ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រតិបត្តិករ​អាជីវកម្ម​។

«​យើង​បានសម្រេច​ដាក់ចេញ​នូវ​ការរៀបចំ​រចនាសម្ព័ន្ធ​ប្រាក់កម្ចី​សម្រាប់​អតិថិជន​របស់​យើង​តាំងពី​មុនពេល​ការប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ​ដើម្បី​ណែនាំ​ឲ្យ​ដាក់ចេញ​ឲ្យ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ម្ល៉េះ​។ យើង​កំពុង​ឆ្លើយតប​ទៅកាន់​អតិថិជន​ទាំងអស់​របស់​យើង​ហើយ​យើង​មិន​រឹតត្បិត​លើ​វិស័យ​ណាមួយ​សម្រាប់​ការរៀបចំ​ស្តារ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​នោះទេ​»​។

លោក Lee Tae Kyung អគ្គនាយក​ធនាគារ ស៊ិនហាន ខេមបូឌា បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​សំណើ​ភាគច្រើន​របស់​អតិថិជន​គឺ​ស្នើសុំ​ពន្យារពេល​សង​ប្រាក់​ដើម ពីព្រោះ​ជាទូទៅ​វា​ជា​បន្ទុក​របស់​អតិថិជន​។ អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ភាគច្រើន​គឺ​ការជួល​អចលនទ្រព្យ​ និង​ភោជនីយដ្ឋាន​»​។

កាលពី​ដើម​ខែ​មេសា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ឱ្យ​អនុវត្ត​ការធ្វើ​សមាហរណកម្ម​រចនាសម្ព័ន្ធ​ប្រាក់កម្ចី​ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​របស់​អតិថិជន ខណៈ​ពេល​ដែល​ប្រាក់ចំណូល​របស់​ពួកគេ​រង​ផលប៉ះពាល់​ដោយសារ​តែ​ការបិទ​អាជីវកម្ម​ ឬ​ការធ្លាក់ចុះ​នៃ​ប្រតិបត្តិការ​របស់​ពួកគេ​។

ធនាគារ ស៊ិនហាន គ្រោង​បើក​សាខា​ចំនួន​ ៣ ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំនេះ​។

វិស័យ​សំខាន់​ចំនួន​ ៤ ​ដែល NBC ផ្តោត​សំខាន់​គឺ​វិស័យ​ទេសចរណ៍​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វិស័យ​សំណង់ និង​វិស័យ​ដឹកជញ្ជូន​។

ធនាគារ ស៊ិនហាន ខេមបូឌា គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ធនាគារ ស៊ិនហាន ដែល​ជា​ធនាគារ​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៧ នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​រហូត​មក​ដល់ពេល​នេះ​ធនាគារ ស៊ិនហាន មាន​ចំនួន​ ៩ សាខា ដោយ​គ្រោង​បើក​ ៣ ​សាខា​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំនេះ​។

យោង​តាម​លោក Lee អ្នកទទួល​កម្ចី​ពី​ធនាគារ​ចំនួន ៤,៥ ភាគរយ ឬ​ស្មើនឹង​អតិថិជន​ចំនួន​ ១៨០ ​នាក់​ប្រឈម​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​គិត​ចាប់​តាំងពី​ជំងឺ​កូវីដ​ផ្ទុះឡើង ហើយ​កម្ចី​ប្រហែល​ ១៦ ​លាន​ដុល្លារ​បាន​រង​ផលប៉ះពាល់​។

លោក​បន្ថែមថា​៖ «​យើង​មាន​ផលិតផល​មួយ​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់​គឺ​កម្ចី​រថយន្ត​។ ដូច្នេះ​យើង​បាន​លើកលែង​មួយចំណែក​នៃ​ការបង់​ការប្រាក់​រយៈពេល​ ៦ ​ខែ មិន​ពន្យារពេល​ទេ ហើយ​បន្ទាប់ពី​រយៈពេល​ ៦ ​ខែ យើង​គិត​អត្រា​ការប្រាក់​ជាធម្មតា​។ ប៉ុន្តែ​ការបង់ប្រាក់​ដើម​គឺ​ត្រូវបាន​ពន្យារពេល​»​។

កម្ចី​របស់​ធនាគារ ស៊ិនហាន បច្ចុប្បន្ន​មាន​ចំនួន​ ៣៦៤ ​លាន​ដុល្លារ​ហើយ​កម្ចី​ទិញ​អចលនទ្រព្យ​ស្មើនឹង​ ៤០ ​ភាគរយ ខណៈ​កម្ចី​បុគ្គល​មាន​ចំនួន​ ៣០ ​ភាគរយ​ហើយ​កម្ចី​ពាណិជ្ជកម្ម​ និង​កម្ចី​ផ្សេងទៀត​មាន​ចំនួន​ ៣០ ​ភាគរយ​។

លោក Lee មាន​ទំនុកចិត្ត​ថា កម្ចី​ដែល​មិនបាន​សង​ត្រឡប់ (NPL) ​របស់​ធនាគារ​នឹង​មិន​កើនឡើង​នោះទេ ដោយសារ​តែ​ការធ្វើ​សមាហរណកម្ម​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ឆាប់រហ័ស​​ពី​ធនាគារ ដើម្បី​ជួយ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។

«​អតិថិជន​របស់​យើង​គឺ​រឹងមាំ​។ ខ្ញុំ​គិតថា NPL នឹង​មិន​កើនឡើង​ច្រើន​ទេ​ពី​ព្រោះ​យើង​កំពុង​ជួយ​សម្រួល​ពួកគេ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​សង​ប្រាក់កម្ចី​របស់​ពួកគេ​ឡើងវិញ ដូច្នេះ​ពួកគេ​អាច​គេច​ផុតពី​ភាពលំបាក​របស់​ពួកគេ​ក្នុងអំឡុង​ពេលនេះ​»​។

លោក Lee Tae Kyung អគ្គនាយក​ធនាគារ ស៊ិនហាន ខេមបូឌា។

លោក​បន្ថែមថា​៖ «​តាមរយៈ​ការពង្រឹង​ក្រុម​ការងារ​គ្រប់គ្រង​ហានិភ័យ​របស់​យើង​ និង​ការធ្វើ​ពិពិធកម្ម​ផលិតផល​ប្រាក់កម្ចី យើង​អាច​គ្រប់គ្រង​អនុបាត NPL ដល់ ០,៦ ភាគរយ​ដូច​នៅ​ខែ​ឧសភា ឆ្នាំ​ ២០២០​។ យើង​គ្រប់គ្រង អនុបាត NPL បាន​ល្អ​តាមរយៈ​ការគ្រប់គ្រង​ដ៏រឹងមាំ យើង​នឹង​រក្សា​ដំណើរការ​គ្រប់គ្រង​កម្ចី​ឲ្យ​មាន​ស្ថិរភាព​តាមរយៈ​ការថែរក្សា​ដំណើរការ​គ្រប់គ្រង​ប្រាក់កម្ចី​និង​ការពង្រីក​ផ្នែក​ត្រួតពិនិត្យ​ប្រាក់កម្ចី​»​។

លើសពីនេះ​ទៀត ធនាគារ ស៊ិនហាន បាន​ដាក់ចេញ​កញ្ចប់​ហិរញ្ញវត្ថុ​មួយ​ផ្សេងទៀត គឺ​ « Covid-19 Business Financial Recovery » ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ដែល​រងផលប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូវីដ តាមរយៈ​ការផ្តល់​អត្រា​ការប្រាក់​អំណោយផល និង​រយៈពេល​អនុគ្រោះ​មួយឆ្នាំ​ដើម្បី​បន្ធូរបន្ថយ​ការបង់​រំលស់ និង​មាន​រយៈពេល​វែង​រហូត​ដល់​ ១០ ​ឆ្នាំ​។

លោក Lee បាន​បន្ថែម​ទៀត​ថា​៖ «​ប្រាក់កម្ចី និង​ការរៀបចំ​រចនាសម្ព័ន្ធ​ប្រាក់កម្ចី​ដែល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ​​ ១៩ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​បន្ធូរបន្ថយ​ការលំបាក​ក្នុង​ការសង​ប្រាក់​របស់​អតិថិជន សម្រាប់​អ្នក​ដែល​កំពុង​រង​ផលប៉ះពាល់​ក្នុងពេល​វេលា​ដ៏លំបាក​នេះ ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ល្អ​ក្នុងការ​រស់រាន និង​ងើប​ឡើងវិញ​នៅពេល​ខាងមុខ​»​។

ធនាគារ ស៊ិនហាន ផ្តល់ជូន​កម្ចី​ខ្នាតតូច​ដូចជា​កម្ចី​មាន​វត្ថុ​បញ្ចាំ កម្ចី​បុគ្គល កម្ចី​រថយន្ត ប្រាក់កម្ចី​ឥត​វត្ថុ​ដាក់បញ្ចាំ​សម្រាប់​បុគ្គលិក (​ផ្អែកលើ​ប្រាក់ខែ​) ​ហើយ​យើង​ក៏​គ្រោង​នឹង​ណែនាំ​ប្រាក់កម្ចី​ទីផ្សារ​របស់​យើង (​កម្ចី​ដល់​អាជីវករ​ក្នុង​ផ្សារ ហើយ​យក​តូប​លក់ដូរ​ជា​វត្ថុ​ធានា​) នៅពេល​ខាងមុខ​។

រាល់​ប្រាក់កម្ចី​ទាំងអស់​ដែល​ត្រូវបាន​ផ្តល់​ដល់​អតិថិជន គឺ​មាន​លក្ខណៈ​អំណោយផល និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ដើម្បី​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ និង​ការរីកចម្រើន​នៃ​អាជីវកម្ម​របស់​ពួកគេ​រៀងៗ​ខ្លួន​៕