ធនាគារ ហ្វីលីព ភីអិលស៊ី (Phillip Bank Plc) ដែលបានរួមបញ្ចូលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (KREDIT MFI) កាលពីខែមករាកន្លងទៅ កំពុងបោះសំណាញ់ដ៏មានសុវត្ថិភាពសម្រាប់អ្នកទទួលកម្ចីរបស់ខ្លួនទាំងអស់ដែលកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
ធនាគារពាណិជ្ជមួយនេះបានផ្តល់ជំនួយដល់អ្នកទទួលកម្ចីប្រមាណ ២ ៧០០ នាក់ ដើម្បីជួយពួកគេក្នុងការកំណត់ពេលវេលាសងប្រាក់កម្ចីរបស់ពួកគេនៅពេលអាជីវកម្មកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដោយសារតែការភ័យខ្លាចលើបញ្ហាសុខភាពគិតចាប់តាំងពីខែមីនាមក។
ធនាគារ ហ្វីលីព បានផ្តោតលើអតិថិជនបីក្រុមគឺអតិថិជនបុគ្គល (ឥណទានរថយន្ត ឥណទានគេហដ្ឋាន និងឥណទានបុគ្គល) ក៏ដូចជាអតិថិជនដែលស្នើសុំឥណទានខ្នាតតូច ឥណទានសាជីវកម្ម និងឥណទានសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។
ធនាគារពាណិជ្ជកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាថា កំណើនប្រាក់កម្ចីរបស់ពួកគេនឹងមិនរងផលប៉ះពាល់ ហើយជាមួយគ្នានេះដែរ គឺដើម្បីទប់ស្កាត់ប្រាក់កម្ចីដែលមិនអាចសងត្រឡប់ ជាពិសេសកម្ចីមកពីវិស័យសាជីវកម្ម និងអ្នកទទួលកម្ចីខ្នាតតូច ដែលកើនឡើងដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ បណ្តាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ដែលមិនធ្លាប់មានពីមុនមក។
ដោយបានចូលរួមជាមួយធនាគារពាណិជ្ជផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ធនាគារ ហ្វីលីព បានដាក់ចេញនូវវិធានការកែលម្អឡើងវិញពីការរៀបចំការសងប្រាក់កម្ចី និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អាជីវកម្ម និងអ្នកទទួលកម្ចី និងជួយអាជីវកម្មឲ្យអាចនៅរស់រានមានជីវិតបានក្នុងអំឡុងពេលដ៏លំបាកនេះ។
«ក្នុងនាមជាធនាគារមួយ យើងត្រូវបម្រើ និងជួយដល់អតិថិជនរបស់យើង។ យើងបានរៀបចំរចនាសម្ព័ន្ធកម្ចីខ្នាតតូចឡើងវិញសម្រាប់អតិថិជនដែលទទួលកម្ចីប្រមាណ ២ ៦០០ នាក់។ អតិថិជនមានរយៈពេលអនុគ្រោះចំនួន ៦ ខែដែលភាគច្រើនគឺត្រូវបង់តែការប្រាក់ ហើយក្រោយមកបង់ប្រាក់ដើម។ សម្រាប់អតិថិជនខ្លះពួកគេមិនចាំបាច់បង់ទាំងការប្រាក់ និងប្រាក់ដើមសម្រាប់រយៈពេល ៦ ខែ»។
លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានឲ្យកាសែតភ្នំពេញ ប៉ុស្តិ៍ដឹងថា៖ «យើងអនុវត្តតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ហើយយើងចង់ជួយអតិថិជនរបស់យើង»។
រហូតដល់ខែមីនា ធនាគារបានចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធសងប្រាក់កម្ចីឡើងវិញដែលមានទឹកប្រាក់ចំនួន ៣៣,៥ លានដុល្លារ។ ការគិតអត្រាការប្រាក់របស់ធនាគារចំពោះអតិថិជនដែលទទួលកម្ចីខ្នាតតូច និងអតិថិជនលក្ខណៈសាជីវកម្ម គឺមានការប្រកួតប្រជែងនៅក្នុងទីផ្សារ។
លោកបានមានប្រសាសន៍ថាវិស័យសំខាន់ៗដែលរងផលប៉ះពាល់ខ្លាំងដោយសារការផ្ទុះឡើងជំងឺកូវីដ ១៩ គឺវិស័យទេសចរណ៍ ស្ថាប័នអប់រំឯកជនសណ្ឋាគារ និងភោជនីយដ្ឋាន។
«នៅក្នុងករណីខ្លះ ប្រតិបត្តិករអាជីវកម្មបានត្អូញត្អែរថា ពួកគេបានបាត់បង់ប្រាក់ចំណូលប្រចាំខែរបស់ពួកគេរហូតដល់ ៧០ ភាគរយ។ យើងត្រូវរង់ចាំមើលរយៈពេល ៦ ខែទៀត ខណៈអាជីវកម្មខ្លះកំពុងងើបឡើងវិញសន្សឹមៗ»។
បន្ទាប់ពីការច្របាច់បញ្ចូលគ្នាជាមួយមីក្រូហិរញ្ញវត្ថុក្រេឌីត ធនាគារហ្វីលីព មានសាខារហូតដល់ ៨៩ សាខានៅទូទាំងប្រទេស និងមានបុគ្គលិកបម្រើការងារប្រមាណ ១ ៩០០ នាក់។ លើសពីនេះធនាគារក៏កំពុងមមាញឹកក្នុងការពង្រឹងប្រតិបត្តិការរបស់ខ្លួនដោយផ្តល់ការបណ្តុះបណ្តាលដល់និយោជិតរបស់ខ្លួនយ៉ាងសកម្មហើយថែមទាំងបានបង្កើតកម្មវិធីទូរស័ព្ទចល័តថ្មីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់ខ្លួន។
លោកបន្ថែមថា៖ «រួមជាមួយនឹងការរួមបញ្ចូលគ្នានេះ យើងកំពុងកសាងនូវអ្វីដែលថ្មី ហើយសេវាធនាគារតាមអនឡាញក៏ដូចជាកាតនិមិត្តនឹងត្រូវដាក់ឲ្យប្រើប្រាស់ ហើយក៏ជាប្រភពកម្ចីដែលអាចជួយក្នុងការផ្តល់សេវាឲ្យបានកាន់តែឆាប់ហ័សដល់អតិថិជន និងដើម្បីកាត់បន្ថយការចំណាយរបស់យើងផងដែរ។ យើងនឹងផ្តោតកាន់តែខ្លាំងលើបច្ចេកវិទ្យាថ្មីៗ និងការមិនប្រើក្រដាស។ បន្តិចម្តងៗ យើងនឹងផ្លាស់ប្តូរសាខាចំនួន ១២ ទៅជាប្រតិបត្តិការធនាគារពាណិជ្ជ ដែលមានលក្ខណៈពេញលេញ»។
ធនាគារ ហ្វីលីព បានមើលឃើញអំពីសារៈសំខាន់នៃវិស័យ SMEs សម្រាប់សេដ្ឋកិច្ចប្រទេស ហើយធនាគារក៏មានមោទនភាពខ្លាំងដែលបានក្លាយជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល៕