
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (SME Bank) ដែលត្រូវបានផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ជាពេលវេលាដ៏សំខាន់មួយដើម្បីលើកកម្ពស់ការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដែលជារឿយៗតែងតែខ្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ។
គោលបំណងសំខាន់របស់ធនាគារ SME ដែលបានប្រតិបត្តិការនៅក្នុងខែកុម្ភៈ គឺដើម្បីផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានដែលមានតំលៃសមរម្យ ដល់ SMEs ក៏ដូចជាអភិវឌ្ឍន៍ជំនាញសហគ្រិន និងគាំទ្រការផ្គត់ផ្គង់បច្ចេកទេសជាដើម។
ធនាគារ SME រួមជាមួយស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមបានចាប់ផ្តើមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SCFS) ដែលមានទឹកប្រាក់ ១០០ លានដុល្លារ កាលពីខែមេសា ដើម្បីគាំទ្រ SMEs ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩។ «ក្នុងនាមជាធនាគារពាណិជ្ជដែលគ្រប់គ្រងដោយរដ្ឋធនាគារ SME មានអាណត្តិសង្គម ដើម្បីភ្ជាប់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា»។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SME មានប្រសាសន៍ថា៖ «គោលបំណងរបស់ខ្លួន គឺផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រ SMEs ក្នុងស្រុក ដើម្បីបង្កើនពិពិធកម្មសេដ្ឋកិច្ច និងការពង្រីកបរិមាណនាំចេញ»។
ធនាគារ SME ជាមួយនឹងការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួមចំនួន ៣៣ ដើម្បីដាក់ចេញនូវគម្រោង SCFS មុនពេលចាប់ផ្តើមប្រតិបត្តិការពេញលេញនៅខែវិច្ឆិកា។
នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច, SMEs នៅតែជាកត្តាជំរុញដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចជួយបង្កើតការងារ និងជួយកាត់បន្ថយភាពក្រីក្រ នាំមកនូវស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ ពួកគេក៏រួមចំណែកនៅក្នុងការអភិវឌ្ឍភាពជាសហគ្រិន និងនវានុវត្តន៍នៅក្នុងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
យោងតាមរបាយការណ៍ឆ្នាំ ២០១៨ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា SMEs ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយផ្តល់ការងារ ៧០ ភាគរយ និង ៩៩,៨៥ ភាគរយនៃក្រុមហ៊ុន និងរួមចំណែក ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ថ្លែងថា៖ « SCFS គឺជាគម្រោងដ៏ជោគជ័យមួយ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ SMEs ចំនួន ៧៥២ នៅទូទាំងប្រទេសកម្ពុជា។ គម្រោងហិរញ្ញប្បទាននេះ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែមេសា ហើយហិរញ្ញប្បទានត្រូវបានផ្តល់ទាំងស្រុងនៅថ្ងៃទី ១៦ ខែតុលា»។
ធនាគារ SME ខុសគ្នាពីធនាគារពាណិជ្ជផ្សេងទៀត ពីព្រោះធនាគារមួយនេះផ្តោតលើវិស័យ SMEs ដើម្បី ផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានដែលមានតំលៃសមរម្យ ផ្តល់ជំនួយបច្ចេកទេសដល់ SMEs ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព ដើម្បីកែលម្អការគាំទ្រដល់អាជីវកម្ម និងផ្តល់ភាពងាយស្រួលចូលទីផ្សារក្នុងតំបន់។

ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រង់ចាំជួយដល់ប្រតិបត្តិករ SMEs ដែលកំពុងខ្វះខាតហិរញ្ញវត្ថុ។
ដូចមានចែងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ធនាគារផ្តោតលើការផ្តល់ប្រាក់កម្ចីដល់វិស័យអាទិភាពសំខាន់ៗដូចជាផលិតកម្ម និងកែច្នៃចំណីអាហារ ផលិតកម្មផលិតទំនិញប្រើប្រាស់ក្នុងស្រុក និងការកែច្នៃសំរាមក៏ដូចជាការផលិតទំនិញសម្រាប់វិស័យទេសចរណ៍។
ហើយធនាគារក៏កំណត់គោលដៅផ្តល់ប្រាក់កម្ចីសម្រាប់ការផលិតផលិតផលសម្រេចដូចជាគ្រឿងបន្លាស់ ឬគ្រឿងបង្គុំផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតបច្ចេកវិទ្យា ព័ត៌មានវិទ្យា (IT) ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលជាប់ទាក់ទងជាមួយ IT ឬការផ្គត់ផ្គង់សេវាកម្មដែលផ្អែកលើបច្ចេកវិទ្យា IT និងការចាប់ផ្តើមអាជីវកម្មថ្មី និងឧស្សាហកម្មខ្នាតតូច ដែលទាក់ទងនឹងផលិតកម្ម និងការផលិតក៏ដូចជាសហគ្រាសដែលមានទីតាំងនៅតំបន់ចង្កោម SMEs និងតំបន់អភិវឌ្ឍន៍ទាំងនោះ។
«ធនាគារ SME ផ្តល់នូវផលិតផល និងសេវាកម្មកម្ចីដល់ SMEs យ៉ាងច្រើន។ ផលិតផលគម្រោងហិរញ្ញប្បទាននៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា (CSS) ថ្មីរបស់យើងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែវិច្ឆិកា»។
«នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ធនាគារក៏នឹងពង្រីកគម្រោងផ្តល់ប្រាក់កម្ចីផ្សេងទៀតផងដែរ ដូចជាគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីកម្ពុជា [CWES] និងគម្រោងហិរញ្ញប្បទានសម្រាប់វិស័យឌីជីថល និងទំនើបកម្ម (CDAS)»។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បន្តថា៖ «បន្ថែមលើផលិតផល និងសេវាកម្មដែលផ្តល់ជូន SMEs, ធនាគារ SME ក៏ផ្តល់ជូនសេវាកម្មធនាគារផ្សេងទៀតដែរ ដូចជាគណនីសន្សំ គណនីបុត្រធីតា គណនីនិវត្តន៍ជន គណនីចរន្ត និង គណនីបញ្ញើមានកាលកំណត់ជាដើម»។
ធនាគារ SME នឹងពង្រីកសមត្ថភាពឌីជីថលរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មដល់ SMEs តាមរយៈការអភិវឌ្ឍបណ្តាញឌីជីថលទន្ទឹមនឹងការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ។
«យើងក៏នឹងពង្រឹងប្រព័ន្ធគ្រប់គ្រងហានិភ័យដំណើរការឥណទាន និងការកសាងសមត្ថភាពនៅក្នុងផ្នែកហានិភ័យការអភិវឌ្ឍអាជីវកម្ម និងប្រតិបត្តិការផងដែរ»។
លោកបន្ថែមថា៖«យើងនឹងបន្តសហការ និងចូលរួមជាមួយក្រសួង ទីភ្នាក់ងារ និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍ SME និងផ្តល់នូវហិរញ្ញប្បទានដែលមានតំលៃសមរម្យ និងអាចទទួលបាន»៕