គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) កំពុង​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគិន​បរទេស​ដែល​មាន​ប្រាក់​ច្រើន ដើម្បី​ជំរុញ​ទីផ្សារ​មូលបត្រ​របស់​កម្ពុជា​ដែល​កំពុង​ត្រូវការ​ការវិនិយោគ​។

ចាប់តាំងពី​ត្រូវបាន​បង្កើត​មក SECC បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការបង្កើត​បទប្បញ្ញត្តិ​ចាំបាច់​ផ្សេងៗ​ដើម្បី​កសាង​ទីផ្សារ​មូលបត្រ​ឱ្យមាន​ភាពរស់រវើក និង​ពង្រឹង​ទំនុកចិត្ត​ក្នុង​ចំណោម​វិនិយោគិន​សក្តានុពល​។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​យើង​ចង់ឱ្យ​វិនិយោគិន​បរទេស​ចូលមក​ទីផ្សារ​របស់​យើង​កាន់តែច្រើន យើង​ចង់បាន​វិនិយោគិន​នីតិបុគ្គល​ដែលមាន​សក្តានុពល​។ ពេលនេះ​យើង​មិន​ត្រឹម​តែមាន​ទីផ្សារ​ភាគហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏មាន​ទីផ្សារ​សញ្ញាបណ្ណ​ផងដែរ​។ យើង​នឹង​បោះជំហាន​ទៅមុខ​មួយ​ជំហាន​ម្តងៗ ដូច្នេះ​នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ យើង​អាច​និយាយ​បាន​ថា​យើង​មាន​ទីផ្សារ​មួយ​ដ៏ទាក់ទាញ បើទោះបី​ជា​វា​មិន​ដល់​កម្រិត​ទីផ្សារ​ធំៗ​ដូចជា​ទីផ្សារ​ហុងកុង ឬ​សិង្ហបុរី​ក្តី​»​។

ក្នុងនាម​ជា​អាជ្ញាធរ​គ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​របស់​ប្រទេស​, SECC ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៩ បានដាក់​ចេញ​បទប្បញ្ញត្តិ​ចាំបាច់​សំខាន់ៗ​ជាច្រើន​សម្រាប់​ទីផ្សារ​មូលបត្រ និង​កំណែទម្រង់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទីផ្សារ លើកកម្ពស់​ការយល់ដឹង​លើ​ការជួញដូរ​ភាគហ៊ុន និង​ដើម្បី​លើក​កម្ពស់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យមាន​ស្តង់ដា អន្តរជាតិ ស្រដៀង​នឹង​សមាជិក​អាស៊ាន​ដទៃទៀត​ដែរ​។

ទោះជា​យ៉ាងណា​ការចាប់ផ្តើម​ហាក់​នៅមាន​ល្បឿន​យឺត ហើយ​រហូតមក​ដល់ពេល​នេះ​មាន​ក្រុមហ៊ុន​តែ ៥ ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន ៣ ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា (CSX) ប៉ុន្តែ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​នឹងចូលរួម​នៅក្នុង​ឆ្នាំនេះ ជាពិសេស​ការចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ដែល​គ្រោង​ធ្វើឡើង​នៅក្នុង​ខែមេសា​ឆ្នាំនេះ​។

អេស៊ីលីដា ជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​ចាប់ផ្តើម​ការចុះបញ្ជី​នេះ​ដើម្បី​ទទួល​បាន​ដើមទុន​បន្ថែម​តាមរយៈ​ការប្រើប្រាស់​ទីផ្សារ​មូលបត្រ​។

ទីផ្សារ​មូលធន​រឹងមាំ​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ហុង មិនា

«​ចាប់តាំងពី​ឆ្នាំ ២០០៩ ដល់ ២០១១ យើង​បានរៀបចំ​អ្វីៗ​គ្រប់យ៉ាង​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិ អន្តរការី​មូលបត្រ (​ក្រុមហ៊ុន​មូលបត្រ​) វិនិយោគិន​សាធារណៈ ហើយ​យើង​ក៏​ផ្តល់​ផងដែរ​នូវ​ការអនុញ្ញាត​ក្នុង​ការបង្កើត CSX ក្នុង​ឆ្នាំ ២០១១​។

លោក​បន្ថែមថា​៖ «​ក្នុងនាម​ជា​និយតករ ការខិតខំ​បន្ថែម​របស់​យើង​បច្ចុប្បន្ន​គឺ​ត្រូវ​ចុះបញ្ជី​ក្រុមហ៊ុន​ល្អៗ​បន្ថែម និង​នាំ​វិនិយោគិន​សក្តានុពល​មកកាន់​ទីផ្សារ​។ យើង​ត្រូវមាន​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​វិនិយោគិន​ខ្នាតតូច​ និង​ធំ​។ ប្រភព​ទុនវិនិយោគ​ធំ​ពី​ខាងក្រៅ​ត្រូវការ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ដើម្បី​ផ្តល់​សេវា​ដល់​ពួកគេ​ក្នុង​ការចូល​មកកាន់​ទី​នេះ ជាពិសេស​មូលនិធិ​វិនិយោគ​ធំៗ​មិន​សូវ​មក​វិនិយោគ​ដោយផ្ទាល់​ជាមួយ​ទីផ្សារ​តូច ដូចជា​កម្ពុជា​ទេ​»​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន​ ៦ កំពុង​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​។

ឯកឧត្តម សុជាតិ និង​ក្រុមការងារ នៅ SECC កំពុង​ខិតខំ​កសាង​ទីផ្សារ​មូលបត្រ​របស់​កម្ពុជា​ដែល​កំពុង​ស្ថិតនៅ​ក្នុងដំណាក់កាល​ចាប់ផ្តើម​នៅឡើយ ប៉ុន្តែ​ទីផ្សារ​នេះ​មាន​សារៈសំខាន់​សម្រាប់​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន ខណៈ​ទីផ្សារ​គឺជា​ឧបករណ៍​វាស់​ស្ទង់​ដែល​ឆ្លុះបញ្ចាំង​ផ្នែក​មួយ​នៃ​សុខភាព​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​។ ទីផ្សារ​មូលបត្រ​ដែលមាន​ភាពរស់រវើក​ក៏បង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន (​ទាំង​ក្នុងស្រុក​ និង​បរទេស​) នៅក្នុង​ប្រព័ន្ធ​អេកូហិរញ្ញវត្ថុ​របស់​ប្រទេសជាតិ​ដែរ​។

«​ទីផ្សារ​មូលបត្រ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​។ កាលពី​ពេលមុន​យើង​មាន​តែ​វិស័យ​ធានារ៉ាប់រង និង​ធនាគារ​ប៉ុណ្ណោះ​។ ទីផ្សារ​មូលបត្រ​អាច​គាំទ្រ​ដល់​ទីផ្សារ​ផ្សេងទៀត និង​ជួយ​ឱ្យ​វិស័យ​ធនាគារ​កាន់តែ​មាន​ភាពរឹងមាំ​។ នៅពេល​ផ្សារ​មូលបត្រ​កាន់តែ​រីកចម្រើន មនុស្ស​កាន់តែ​ច្រើន​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​របស់​យើង​»​។

«​ទីផ្សារ​ហិរញ្ញវត្ថុ​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​យើង​។ នៅពេល​នរណា​ម្នាក់​ចង់​មើល​សុខភាព​ហិរញ្ញវត្ថុ​របស់​ប្រទេសមួយ គេ​នឹង​ពិនិត្យមើល​ការវិវត្ត​នៃ​ទីផ្សារ​មូលបត្រ​»​។

ឯកឧត្តម សុជាតិ បន្ថែមថា​៖ «​យើង​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ក្មេងខ្ចី​នៅ​ឡើយ យើង​ទើប​តែមាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ៨ ប៉ុណ្ណោះ​ហើយ​ទីផ្សារ​នេះ​មិនសូវ​សកម្ម​នៅឡើយ​ទេ ការជួញដូរ​ក៏​មិនសូវ​សកម្ម ហើយ​មិនសូវ​រលូន​ដូច​ប្រទេស​ដទៃទៀត​ដែលមាន​ផ្សារ​មូលបត្រ​ជាច្រើន​ឆ្នាំមុន​កម្ពុជា​។

វា​អាចជា​បញ្ហា​ប្រឈម​ក្នុង​ការបញ្ចុះបញ្ចូល​វិនិយោគិន ប៉ុន្តែ SECC មាន​ទំនុកចិត្ត​ក្នុង​ការកសាង​ទីផ្សារ​មូលធន​ប្រកប​ដោយ​និរន្តរភាព​៕