លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ ទោះបី​ទីផ្សារ​ហិរញ្ញវត្ថុ​ហាក់​មាន​ភាពរង្គោះរង្គើ​នៅ​ក្រៅ​ប្រទេស​ក្តី​។ លោក​បណ្ឌិត ចាន់នី បាន​រំឭក​អំពី​ដំណើរ​ដ៏វែងឆ្ងាយ​របស់លោក​ជាមួយ​ធនាគារ អេស៊ីលីដា​ដែល​លោក​បាន​បង្កើតឡើង​កាលពី​ ២៧ ​ឆ្នាំមុន​។

កាលពី​ថ្ងៃ​អង្គារ​មុន​ភាគហ៊ុន​របស់​ធនាគារ​ត្រូវបាន​ដាក់សំណើ​ទិញ​លើស​ការកំណត់​ចំនួន​ ៣,២ ​ដង​ក្នុងពេល​បញ្ចប់​ដំណើរ​ការកំណត់ថ្លៃ​ភាគហ៊ុន (​ប៊ុកបៀលឌីង​) នៅមុន​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​របស់ខ្លួន​ (IPO) ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកសង្កេតការណ៍​ទីផ្សារ​ក្នុង​អំឡុងពេល​លក្ខខណ្ឌ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​មិនអាច​ទាយ​ទុក​មុន​បាន​។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​នៅ​ការិយាល័យ​របស់លោក​ជាន់​ទី​ ១៩ នៃ​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា លោក​បណ្ឌិត ចាន់នី បានលើក​ឡើង​ប្រកប​ដោយ​ភាពជឿជាក់​អំពី​អនាគត​ធនាគារ និង​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធ​ជា​សាធារណៈ​លើកដំបូង​របស់ខ្លួន​ (IPO) ដែល​បាន​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​ថ្មី​ទៀត​នៅក្នុង​ចំណោម​អ្នក​សង្កេតការណ៍​ក្នុង​វិស័យ​មួយ​នេះ​។

«​លទ្ធផល​គឺ​លើស​ ៣ ​ដង និង​ច្រើន​ជាង​ការព្យាករ​របស់​យើង សូម​អរគុណ​ចំពោះ​វិនិយោគិន​សក្តានុពល​ទាំងអស់​។ សូម្បីតែ​នៅក្នុង​អំឡុង​ពេលវេលា​ដ៏លំបាក​ជាមួយ​នឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ [Covid-19] ពួកគេ​ក៏​នៅតែ​មាន​ទំនុកចិត្ត​ចូលមក​វិនិយោគ​។ ធនាគារ អេស៊ីលីដា គឺជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត សូម្បី​តាំងតែ​ពីដំបូង​នៅពេល​ដែល​យើង​ចាប់ផ្តើម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​តូច​បំផុត យើង​បាន​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​របស់​យើង​ជា​រៀងរាល់​ឆ្នាំ​ដែល​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​សវនករ​អន្តរជាតិ​។

លោក​បណ្ឌិត អ៊ិន ចាន់នី មាន ប្រសាសន៍​ថា​៖ «​ហើយ​នៅពេល​ដែល​យើង​ក្លាយជា​ធនាគារ​ឯកទេស​ក្នុង​ឆ្នាំ​ ២០០០ យើង​ក៏បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន យើង​បាន​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម និង​របាយការណ៍​ប្រចាំឆ្នាំ​។ យើង​បាន​កសាង​ធនាគារ​នេះ​ឡើង​ដោយ​ឈរលើ​សសរស្តម្ភ​ចំនួន​ ៣ គឺ​តម្លាភាព គ្មាន​ការអត់ឱន​ចំពោះ​អំពើ​ពុករលួយ ហើយ​យើង​តែងតែ​ស្តាប់​អតិថិជន​របស់​យើង​ជានិច្ច​»​។

អ្នកសង្កេតការណ៍​បាន​លើកឡើង​ថា លោក​បណ្ឌិត​វ័យ​ ៦០ ​ឆ្នាំ​ដែល​មាន​ជំនាញ​ធនាគារ​រូបនេះ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការចុះបញ្ជី​ធនាគារ​របស់លោក​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) ដែល​ជា​ធនាគារពាណិជ្ជកម្ម​ដំបូង​គេ​ក្នុង​ការធ្វើ​ដូច្នេះ ទោះបី​ទីផ្សារ​ហិរញ្ញវត្ថុ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​ក្តី​។

វិនិយោគិន​កម្ពុជា​ជាង​ ២ ​ពាន់​នាក់​បាន​ចូលរួម​ធ្វើ​ការកំណត់ថ្លៃ​ភាគហ៊ុន​ (​ប៊ុកបៀលឌីង​) និង​ដាក់សំណើ​ទិញ​ភាគហ៊ុន​លើសពី​ចំនួន​ ៤ ​លាន​ដែល​បាន​បម្រុង​ទុក​សម្រាប់​ដំណាក់​កំណត់​ថ្លៃ​ភាគហ៊ុន​ (​ប៊ុកបៀលឌីង​) ​នេះ​គឺ​បង្ហាញ​យ៉ាងច្បាស់​ពី​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ទៅលើ​ធនាគារ​អេស៊ីលីដា​។

«​ខ្ញុំ​មិន​រំពឹងថា​មាន​ចំនួន​ដ៏ច្រើន​បែប​នេះ​ទេ យើង​គ្រោង​ចូលរួម​ចំណែក​តែ​ ២ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ភាគហ៊ុន​សរុប​ដែល​ស្មើនឹង ​៨ ៧៥១ ៣៩១ ភាគហ៊ុន​។ ការចុះបញ្ជី​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​មិន​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​ទីផ្សារ​មូលធន ឬ​ទទួល​ឥទ្ធិពល​ពី​ទីផ្សារ​ពិភពលោក​ទេ ហើយ​ធនាគារ អេស៊ីលីដា​ផ្តោត​សំខាន់​លើ​ទីផ្សារ​ក្នុងស្រុក​។

«​កាលពីមុន​នៅពេល​មាន​បញ្ហា​ជា​សកល កម្ពុជា​មាន​សុវត្ថិភាព​ខាង​សេដ្ឋកិច្ច​។ ខ្ញុំ​ជឿជាក់​ថា វិនិយោគិន​នឹង​បន្ត​វិនិយោគ​នៅ​កម្ពុជា ពីព្រោះ​នៅពេល​វិនិយោគិន​សម្លឹងមើល​ប្រទេស​កម្ពុជា​ពួកគេ​មិន​មើល​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ទេ ប៉ុន្តែ​គេ​សម្លឹងមើល​ជា​លក្ខណៈ​ប្រទេស​អាស៊ាន​ដែលមាន​ប្រជាជន​លើស​ ៦០០ ​លាន​នាក់​។ មនុស្ស​ជាច្រើន​ព្រួយបារម្ភ​រឿង​ការដក​ពន្ធ​អនុគ្រោះ​ (EBA) ប៉ុន្តែ​វា​មិនមាន​ផលប៉ះពាល់​ច្រើន​ទេ ហើយ​ផលប៉ះពាល់​រយៈពេល​ខ្លី​គឺ​វីរុស​ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា មិន​ត្រឹមតែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​។

«​ប៉ុន្តែ​កម្ពុជា​អាច​រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ប្រទេស​ចិន​នេះ​គឺជា​គន្លឹះ​សំខាន់​ដែល​វា​នឹង​ជួយ​ជំរុញ​ឱ្យ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​»​។

លោក​បណ្ឌិត ចាន់នី បាន​ប្រែក្លាយ​ធនាគារ​អេស៊ីលីដា​ដែល​ធ្លាប់ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ផ្តោតលើ​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ក្លាយ​ទៅ​ជា​ធនាគារ​លំដាប់​កំពូល​មួយ​នៅ​កម្ពុជា​ដែល​មាន​ចំណែក​ទីផ្សារ​ធំជាងគេ ទាំង​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ដែល​មាន​ចំណែក​ទីផ្សារ​ជិត​ ៥០% ​។ នៅ​ដំណាច់​ខែកុម្ភៈ​ឆ្នាំ​ ២០២០ ធនាគារ អេស៊ីលីដា ភី អិលស៊ី មាន​អតិថិជន​ឥណទាន​ចំនួន​ ៤០៥ ៦២០ និង​ប្រាក់​បញ្ញើ​មាន​ចំនួន ២ ៣៦៦ ៦១១ គណនី​។

សហគ្រិន​ដ៏មាន​បទពិសោធ​រូបនេះ​ហាក់​មិន​ត្រូវបាន​រំខាន​ដោយ​សំឡេង​អវិជ្ជមាន​នានា​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​នោះទេ ហើយ​លោក​នៅតែ​ជឿជាក់ថា IPO ដែល​បានគ្រោង​នឹង​បោះផ្សាយ​នៅពេល​ខាងមុខ​នឹង​ក្លាយជា​រឿង​ដ៏ជោគជ័យ​ដែល​មិន​ធ្លាប់មាន​ពីមុន ហើយ​ធនាគារ​នឹង​ប្រមូល​ទុន​ទៅធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​ធនាគារ​ឌីជីថល​របស់ខ្លួន​ដូចដែល​បានគ្រោង​ទុក​។

«IPO របស់​យើង​គឺ​សម្រាប់​ប្រជាជន​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា​នៅពេល​ធនាគារ អេស៊ីលីដា ចូលរួម​ក្នុង​ទីផ្សារ​មូលធន​នោះ​ទីផ្សារ​មូធន​នឹង​កាន់តែ​សកម្ម​ដូចជា​ទីផ្សារ​ហិរញ្ញវត្ថុ​ដែរ​។ យើង​មាន​អតិថិជន​ចំនួន​ ២,៥ ​លាន​នាក់​ដែល​ស្មើនឹង​ ៥០ ​ភាគរយ​នៃ​អតិថិជន​ធនាគារ​សរុប​នៅក្នុង​វិស័យនេះ​»​។

លោក​បណ្ឌិត​បានកត់សម្គាល់​ថា​៖ «​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​យើង យើង​ប្រមូល​ដើមទុន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​យើង​ដែល​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​គ្របដណ្តប់​ទាំង​នៅលើ​ប្រទេស​​ កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​។ យើង​កំពុង​បោះជំហាន​ទៅមុខ​ក្នុង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ដោយ​មិនចាំបាច់​មាន​ការិយាល័យ​នៅ​ទីនោះ​»​។

ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធ​ជា​សាធារណៈ (IPO) ដែល​ជោគជ័យ អាច​ជា​គំរូ​មួយ​នៃ​អាជីព​ធនាគារ​ដ៏អស្ចារ្យ​របស់លោក​។

យោងតាម​គេហទំព័រ​របស់​ធនាគារ​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំមុន ធនាគារ អេស៊ីលីដា គឺជា​ធនាគារ​ក្នុង​ស្រុក​ធំជាងគេ​ផ្អែកលើ​ប្រាក់កម្ចី​សរុប​មាន​ចំនួន​ ៣,៦១ ​ពាន់​លាន​ដុល្លារ និង​ដើមទុន​សរុប​ ៨៩៨,៥៦ ​លាន​ដុល្លារ និង​ធំ​បំផុត​លំដាប់​ទី​ ២ ​ទាក់ទង​នឹង​ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ ៦ ​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​សរុប​ចំនួន​ ៤,២៤ ​ពាន់​លាន​ដុល្លារ​៕