
ឯកឧត្តម ហុង សុហួរ
ជំងឺរាតត្បាតជាសកលកូវីដ ១៩ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបានធ្វើឱ្យស្ថានភាពប្រទេសភាគច្រើនធ្លាក់ចុះដែលបណ្តាលឱ្យកំណើន សេដ្ឋកិច្ចអវិជ្ជមាន ក្រុមហ៊ុនក្ស័យធន អត្រាអត់ការងារធ្វើ និងភាពក្រីក្រមានការកើនឡើង។
ការធ្លាក់ចុះនូវទំនុកចិត្តរបស់វិនិយោគិនទៅលើកំណើនអាជីវកម្មបានធ្វើឱ្យរង្គោះរង្គើដល់សន្ទស្សន៍ទីផ្សារភាគហ៊ុនស្ទើរតែទូទាំងពិភពលោក។ ទោះយ៉ាងណាយើងមិនគិតថាវាជាឧបសគ្គដែលអាចរាំងស្ទះដល់ចក្ខុវិស័យរបស់យើងក្នុងការ “កសាងមហាវិថីហិរញ្ញវត្ថុសម្រាប់កម្ពុជា” នោះទេ។
ភ័ស្តុតាងដ៏រឹងមាំដែលត្រូវលើកឡើងគឺថា ក្នុងឆ្នាំ ២០២០ នេះគឺយើងបានបំបែកនូវកំណត់ត្រាចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនបំផុតដែលពុំធ្លាប់មានពីមុនមកដែលក្នុងនោះផ្សារមូលបត្រកម្ពុជា (CSX) បានស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីចំនួន ៥ ក្នុងនោះ ២ ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុន និង ៣ ផ្សេងទៀតគឺជាក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ។
លើសពីនេះទៀតមូលធនូបនីយកម្មទីផ្សារសរុបមានកំណើនដល់ ២,៤៥ ពាន់លានដុល្លារពោលគឺកើនឡើងជិត ២៥០ ភាគរយធៀបនឹងឆ្នាំមុន។
ការចុះបញ្ជីរបស់ធនាគារក្នុងស្រុកដ៏ធំជាងគេ គឺធនាគារ អេស៊ីលីដា ភីអិលស៊ី បានជំរុញសកម្មភាពជួញដូរទីផ្សារ ដោយជំរុញការជួញដូររាយប្រចាំថ្ងៃ រហូតដល់ ១ លានដុល្លារក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។
លើសពីនេះទៀតការជួញដូរសញ្ញាបណ្ណតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចា (NTM) ក៏បានធ្វើឡើងនៅឆ្នាំ ២០២០ ផងដែរ ដោយធ្វើឱ្យទំហំជួញដូរសរុបបានឈានដល់ ១១,០៨ លានដុល្លារ។
យន្ដការទូទាត់ជាប្រាក់ដុល្លារដែលទើបបង្កើតថ្មី ក៏បានបង្ហាញពីជោគជ័យផងដែរ បន្ទាប់ពីត្រូវបានអនុវត្តជាលើកដំបូងលើការជួញដូរតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចាជាប្រាក់រៀលរបស់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលមានតម្លៃ ២ លានដុល្លារនៅឆ្នាំនេះ។
ទោះបីជាមានព្រឹត្តិការណ៍បំបែកកំណត់ត្រាច្រើនដូចនេះក៏ដោយ ក៏ទីផ្សារបានជួបប្រទះការលំបាកមួយចំនួនផងដែរ ឧទាហរណ៍ សន្ទស្សន៍ ផ.ម.ក ខាតបង់ ១៧ ភាគរយហើយទំហំជួញដូរភាគហ៊ុនជាមធ្យមប្រចាំថ្ងៃបានធ្លាក់ចុះ ២៧ ភាគរយនៅក្នុងរយៈពេល ១១ ខែ នៃឆ្នាំ ២០២០ ។
សកម្មភាពផ្សព្វផ្សាយមួយចំនួនរបស់យើងដូចជាសិក្ខាសាលាក្រៅប្រទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកម្មវិធីពិភពលោកក្នុងស្រុកក៏ត្រូវបានផ្អាកផងដែរ។
ទោះយ៉ាងណា យើងរំពឹងនូវទស្សនវិស័យវិជ្ជមានសម្រាប់ឆ្នាំបន្ទាប់ ដោយសារតែការមកដល់នៃវ៉ាក់សាំងកូវីដ១៩ ទន្ទឹមនឹងការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាថានឹងមានកំណើន ៥,៩ ភាគរយពីដក ៤ ភាគរយ (-៤%) នៅឆ្នាំ ២០២០ ។
កំណើនសេដ្ឋកិច្ច និងស្ថិរភាពនេះនឹងជួយពង្រឹងនិរន្តរភាពទីផ្សារហិរញ្ញវត្ថុ ស្របពេលដែលមានការស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ។ តាមរយៈទស្សនវិស័យដ៏ត្រចះត្រចង់នេះ យើងរំពឹងថាគម្រោងនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលត្រូវបានពន្យារក្នុងឆ្នាំ ២០២០ នឹងបន្តឡើងវិញហើយព្រឹត្តិការណ៍នេះនឹងញុំាងឱ្យចំនួនក្រុមហ៊ុនចុះបញ្ជីលើផ្សារហ៊ុនក្នុងឆ្នាំ ២០២១ មានកំណើនខ្ពស់។
ការជួញដូរភាគហ៊ុនចំនួនធំជាច្រើនត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំក្រោយ ដោយសារការយល់ដឹង និងទំនុកចិត្តរបស់វិនិយោគិនកាន់តែប្រសើរឡើង។ យើងដឹងថា អាជីវកម្មភាគច្រើននឹងមិនអាចវិលត្រឡប់ទៅរកប្រក្រតីភាពភ្លាមៗនោះទេ បើទោះបីជាមានវ៉ាក់សាំងកូវីដ១៩ក៏ដោយ ។
ក្រុមហ៊ុនចាំបាច់ត្រូវប្រកាន់យកវិធីថ្មីក្នុងការធ្វើអាជីវកម្ម។ ដោយគ្មានការលើកលែង CSX ប្តេជ្ញាថា នឹងនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីពង្រឹងជំហររបស់យើងក្នុងនាមជាអ្នកដើរតួលេចធ្លោនៅក្នុងវិស័យហិរញ្ញវត្ថុ និងបង្កើតការងារបន្ថែមទៀតសម្រាប់បេក្ខជនក្នុងស្រុក។
យើងជឿជាក់យ៉ាងមុតមាំថា ទីផ្សារមូលធននៅចុងបញ្ចប់នឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាមួយនឹងលំហូរមូលធនកាន់តែប្រសើរពីវិនិយោគិនដែលមានហិរញ្ញវត្ថុច្រើនទៅដល់ក្រុមហ៊ុនដែលមានសក្តានុពល និងពីអ្នកដែលមានមូលធនច្រើនទៅដល់អ្នកដែលត្រូវការមូលធនចាំបាច់៕
ឯកឧត្តម ហុង សុហួរ
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា