ទំនុកចិត្ត​គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាឱ្យមាន​ប្រតិបត្តិការ​ និង​ការអភិវឌ្ឍ​ធនាគារពាណិជ្ជ​ប្រកប​ដោយ​ភាពជោគជ័យ ហើយ​ជាមួយ​នឹង​ទំនុកចិត្ត​ដែលជា​ចំណុច​ស្នូល​នៃ​ប្រតិបត្តិការ​របស់ខ្លួន​លោក​បណ្ឌិត​ សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ឈីហ្វ (​ខេមបូឌា​) ​ជឿជាក់ថា ស្ថាប័ន​របស់លោក​មាន​ការគ្រប់គ្រង​បញ្ហា​ហិរញ្ញវត្ថុ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

«​ពិតណាស់​វា​នឹងមាន​បញ្ហា​ប្រឈម​មួយចំនួន ដោយសារ​តែ​ការដក​ពន្ធ​អនុគ្រោះ​ (EBA) ​មួយផ្នែក​ដោយ​សហភាព​អឺរ៉ុប​ និង​ផលប៉ះពាល់​អវិជ្ជមាន​លើ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ Covid-19 នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ ដោយសារ​តែ​យើង​មាន​ក្រុមការងារ​ដ៏ល្អ និង​កម្លាំង​ហិរញ្ញវត្ថុ​រឹងមាំ យើង​ជឿជាក់​ថា យើង​នឹង​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​ដោយ​ជោគជ័យ​»​។

លោក​បណ្ឌិត​ម៉ូរ៉ារិទ្ធិ​ថ្លែងថា​៖ «​លើសពីនេះ​ទៀត​យើង​ដឹង​ច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គោលនយោបាយ​ពង្រីក​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពី​បញ្ហា​សកល​ទាំងនេះ​មកលើ​សេដ្ឋកិច្ចកម្ពុជា​»​។

ធនាគារ​ឈីហ្វ (​ខេមបូឌា​) មាន​កំណើន​ដ៏រឹងមាំ​នៅ​កម្ពុជា​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ ២០១៣ ​ហើយ​លោក​ ម៉ូរ៉ារិទ្ធ ចាត់ទុក​អតិថិជន​គឺជា​ដៃគូ​ដ៏សំខាន់ ខណៈ​ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅតែ​បន្ត​រីកចម្រើន​។

«​ទស្សនវិជ្ជា​សាជីវកម្ម​របស់​យើង​គឺ​ «The Chief Way» ​កសាង​ការជឿ​ទុកចិត្ត​គ្នា និង​ភាព​ជា​ដៃគូ​ជាមួយ​អតិថិជន​របស់​យើង​ដែលជា​គន្លឹះ​ដើម្បី​វិបុលភាព​រួមគ្នា និង​របៀប​ដែល​អាជីវកម្ម​របស់​យើង​ត្រូវបាន​អនុវត្ត​ដោយ​ភាពស្មោះត្រង់ និង​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់បំផុត​»​។

លោក​បន្តថា​៖ «​ធនាគារ​ឈីហ្វ​បាន​ប្រើប្រាស់​គំរូ​អាជីវកម្ម​មួយ​ដែល​សមស្រប​បំផុត​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​បាន​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​ផលិតផល​របស់​យើង​ដែល​មាន​ស្រាប់​ និង​ណែនាំ​ផលិតផល​ និង​សេវាកម្ម​ថ្មីៗ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​យើង​ដែល​កំពុង​កើនឡើង​»​។

ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ទីក្រុង​ហុងកុង​ក្នុង​ឆ្នាំ​ ១៩៧៩ ធនាគារ​ឈីហ្វ​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ក្នុងនោះ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​ ១៩៩៧ និង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​ ២០០៧-២០០៨ ដោយបាន​ប្រកាន់ខ្ជាប់​នូវ​ជំនឿ​ស្នូល​របស់​ខ្លួន​គឺ​ការអនុវត្ត​ប្រកប​ដោយ​ក្រមសីលធម៌ និង​វិនិយោគ​ដោយ​ប្រុងប្រយ័ត្ន​។

លោក​សង្កត់ធ្ងន់​ថា​៖ «​យើង​បាន​បន្តដំណើរ​ទៅមុខ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ បេសកកម្ម គោលដៅ និង​ទស្សនវិជ្ជា​របស់​យើង​ដោយ​បម្រើ​អតិថិជន​ឱ្យបាន​កាន់តែ​ល្អ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។ ​ជោគជ័យ​របស់​យើង​គឺ​ដោយសារ​មាន​ស្មារតី​ក្រុម​រឹងមាំ ជាមួយ​ចក្ខុវិស័យ​ និង​គោលនយោបាយ​ច្បាស់លាស់​»​។

យោងតាម​លោក​ ម៉ូរ៉ារិទ្ធ ​បាន​ឲ្យ​ដឹងថា ធនាគារ​ឈីហ្វ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ ដោយមាន​ដើមទុន​ដំបូង​ត្រឹមតែ​ ១០ ​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ជាង​ ១០០ ​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់​ឆ្នាំមុន ហើយ​ទោះបីជា​មានការ​ព្យាករ​អំពី​ភាពច្របូកច្របល់​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅពេល​ខាងមុខ​ក្តី​ក៏លោក​មាន​ទំនុកចិត្ត​ថា វា​នឹង​នៅតែ​បន្ត​កើនឡើង​យ៉ាងរឹងមាំ​ដដែល​។

«​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​បុគ្គលិក​ និង​គណៈ​គ្រប់គ្រង​ និង​ដោយមាន​ការគាំទ្រ​ពី​អតិថិជន​ដ៏ស្មោះត្រង់ និង​និយតករ​ដែល​ពាក់ព័ន្ធ​ជាពិសេស​ធនាគារជាតិ​នៃ​កម្ពុជា​យើង​ជឿជាក់​ថា ធនាគារ​មាន​ជំហរ​រឹងមាំ​ក្នុង​ការបន្ត​ការអនុវត្ត​យ៉ាង​ល្អ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​»​។

ការប្រកាន់​ខ្ជាប់​របស់​ធនាគារ​ឈីហ្វ​ទៅនឹង​ស្តង់ដា​ខ្ពស់បំផុត​នៅក្នុង​វិស័យ​ធនាគារ​គឺ​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​គោលនយោបាយ​ដ៏ហ្មត់ចត់​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​។

«​ទោះបី​មាន​ទ្រព្យ​បញ្ចាំ​ ឬ​ការស្នើសុំ​ឥណទាន​ដែល​អាច​អនុវត្តបានរ​លូន​ក្តី​ក៏​យើង​ប្រកាន់យក​ភាពស្មោះត្រង់​ជា​អាទិភាព​ខ្ពស់ ដើម្បី​យុទ្ធសាស្ត្រ​អាជីវកម្ម​យូរអង្វែង និង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​»​។

លោក​ថ្លែងថា​៖ «​យើង​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​មូលធន ការគ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន បង្កើន​ប្រតិបត្តិការ​ និង​ការវិនិយោគ​របស់​យើង​៕

យើង​បន្ត​ផ្តោតលើ​ការគ្រប់គ្រង​ហានិភ័យ​ដើម្បី​ធានាថា​ធនាគារ​ឈីហ្វ​មាន​ភាពរឹងមាំ​ និង​មាន​ស្ថិរភាព​នៅក្នុង​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​មួយ​នេះ​»​។

លោក​បណ្ឌិត​ ម៉ូរ៉ារិទ្ធ​មាន​ប្រសាសន៍​ថា​គន្លឹះ​ដើម្បី​ទទួលបាន​ជោគជ័យ​ជា​លំដាប់​របស់​ធនាគារ​ឈីហ្វ​នៅ​កម្ពុជា​គឺ​ការប្តេជ្ញាចិត្ត​ចំពោះ​ប្រជាជន​ និង​ការវិនិយោគ​ប្រកប​ដោយ​ក្រមសីលធម៌​គួបផ្សំ​នឹង​គំរូ​ជោគជ័យ​របស់​ក្រុមហ៊ុន​ Chief Group ​និង​មានបទពិសោធន៍​ជាច្រើន​ទសវត្ស​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភព​លោកធំៗ​នៅ​ហុងកុង​។

«​ជាមួយ​សាវតា​របស់​ម្ចាស់​ភាគហ៊ុន​របស់​យើង​នៅ​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​អស់​រយៈពេល​ជាង ៤០ ​ឆ្នាំ ធនាគារ​ឈីហ្វ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនវិជ្ជា​ផ្តោតលើ​អតិថិជន​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ផ្តល់​សេវាកម្ម​ឥតឈប់ឈរ​ និង​ប្រកបដោយ​ឧត្តមភាព​។

លោក​ថ្លែងថា​៖ «​យើង​ប្តេជ្ញា​ធ្វើជា​ដៃគូ​ដ៏ល្អ​បំផុត​ជាមួយ​អតិថិជន​ដ៏ស្មោះត្រង់​របស់​យើង​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេច​គោលដៅ​ និង​ជោគជ័យ​។ ​ធនាគារ​ឈីហ្វ​កំពុង​ធ្វើការ​ដើម្បី​អនាគត​ប្រជាជន​កម្ពុជា​អតិថិជន និយោជិក​ និង​ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា​ និង​សង្គម​កម្ពុជា​ទាំងមូល​ឲ្យ​កាន់តែ​ប្រសើរ​។ ជោគជ័យ​របស់​ពួកគេ​ជា​ជោគជ័យ​របស់​យើង​»៕