មានការវិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ជុំវិញ​ផ្សារ​មូលបត្រ​កម្ពុជា​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។

ការចុះបញ្ជី​លក់​ភាគហ៊ុន​ក្នុង​ផ្សារមូលបត្រ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នៅពេល​ខាងមុខ​វា​ជា​ដំណើរ​មួយ​ដ៏ល្អ​នៅក្នុង​ផ្សារភាគហ៊ុន​ដែល​នឹង​ទទួលបាន​ការឆ្លើយតប​កាន់តែ​ច្រើន​ពី​សហគមន៍​វិនិយោគិន​។

ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​កត់សម្គាល់​ថា ការចូលរួម​របស់​ធនាគារ​អេស៊ីលីដា​ដែល​ជា​ធនាគារ​ក្នុង​ស្រុក​ដ៏ធំ​អាច​ជា​កម្លាំង​ដ៏សំខាន់​ជួយ​ជំរុញ​ដល់​ផ្សារហ៊ុន​។

ឯកឧត្តម សុហួរ បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​វា​ជា​ការបោះ ជំហាន​ទៅមុខ​មួយ​ដ៏ធំ​ចាប់ពី​ឆ្នាំ​ ២០១៨ ​មក​ដោយសារ​តែ​នៅក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ​វា​មាន​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​យើង​បាន​ផ្តួចផ្តើម​គម្រោង​ និង​យុទ្ធនាការ​ជាច្រើន​ដើម្បី​បង្កើត​ការយល់ដឹង​។ ព័ត៌មាន​ស្តីពី​ការចុះបញ្ជី​លក់​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ហាក់ដូចជា​កំពុង​បាន​ផ្លាស់ប្តូរ​អ្វីៗ​ជាច្រើន​។ តម្លៃ​ភាគហ៊ុន​បានចាប់ផ្តើម​កើនឡើង​ម្តងទៀត​»​។

រហូត​មក​ដល់​ពេលនេះ​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ចំនួន​ ៨ ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ចំនួន ៥ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង​ ៣ ​ទៀត​បាន​ចុះបញ្ជី​ជា​សញ្ញាបណ្ណ​។

ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ការឡើង​ចុះ ចាប់តាំងពី​ការចុះបញ្ជី​ដំបូង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១២ និង​ដល់​ឆ្នាំ​ ២០១៧ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ចុះបញ្ជី​។

នៅក្នុង​ចន្លោះ​នៃ​ការចុះបញ្ជី​នេះ​ក្រុមហ៊ុន Grand Twins International (Cambodia) Plc បាន​ចុះបញ្ជី​នៅក្នុង​ឆ្នាំ​ ២០១៤ បន្ទាប់មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុមហ៊ុន​ភ្នំពេញ​អេសអ៊ីហ្សិត ភីអិលស៊ី (​ភីភីអេសភី​) ​នៅក្នុង​ឆ្នាំ​ ២០១៦​។

ធនាគារ អេស៊ីលីដា​គ្រោង​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​នៅក្នុង​ខែមេសា​ក្នុងឆ្នាំ​នេះ​អាច​ជួយ​បំបែក​ភាព​នៅ​ទ្រឹង​នៃ​ទីផ្សារ​មួយ​នេះ ដោយ​គេ​រំពឹងថា​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​ទៀត​នឹង​អនុវត្តតាម​។

ឯកឧត្តម សុហួរ បន្តថា​៖ «​ប្រសិនបើ​យើង​បន្ត​រក្សា​សម្ទុះ​ដែល​យើង​បាន​កសាង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ និង​ជាមួយ​ធនាគារ​អេស៊ីលីដា យើង​នឹង​អាចបង្កើត​ទីផ្សារ​សកម្ម​ក្នុង​រយៈពេល​ ២ ​ឬ​ ៣ ​ឆ្នាំ​ខាងមុខ​។ ក្រុមហ៊ុន​កាន់តែ​ច្រើន​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍ ប៉ុន្តែ​ពួកគេ​មិនទាន់​បាន​ត្រៀមខ្លួន​នៅឡើយ​»​។

ប៉ុន្តែ​បញ្ហា​ប្រឈម​នឹងមាន​ច្រើន​ដែល​អាច​កាត់បន្ថយ​ទស្សន​វិជ្ជមាន​មួយចំនួន​។ ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​នៅ​មិនទាន់​មាន​គ្រប់គ្រាន់​នៅក្នុង​ផ្សារហ៊ុន បទ​ប្បញ្ញត្តិ​តឹងរ៉ឹង ការភ័យខ្លាច អស្ថិរភាព​ក្នុងចំណោម​ម្ចាស់​ហ៊ុន​បន្ទាប់ពី​ចុះបញ្ជី និង​កង្វះ​ការលើក​ទឹកចិត្ត​ក្នុងការ​ទាក់ទាញ​វិស័យ​ឯកជន​គឺជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​។

លើសពីនេះ​ទៀត​ការគំរាមកំហែង​របស់​ជំងឺ Covid-19 បាននិង​កំពុង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​នឹង​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​ដែល​ងាយ​ធ្វើឱ្យ​ចំណាប់​អារម្មណ៍​រយៈ​ពេល​ខ្លី​របស់​វិនិយោគិន​ធ្លាក់ចុះ​។

ប៉ុន្តែ​ឯកឧត្តម សុហួរ នៅតែមាន​សុទិដ្ឋិនិយម​ដោយ​លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​សក្តានុពល​យ៉ាងច្រើន​កំណើន​សេដ្ឋកិច្ច​របស់​យើង​ខ្ពស់​។ បច្ចុប្បន្ន​មិនទាន់​មានការ​ចាប់អារម្មណ៍​ច្រើន មិនមាន​ក្រុមហ៊ុន​ចុះបញ្ជី​ច្រើន​ហើយ​សន្ទនីយ​ភាព​គឺ​ទាប​។ ប៉ុន្តែ​នៅក្នុង​រយៈពេល​ ២ ​ឬ​ ៣ ​ឆ្នាំ​ទៅមុខទៀត​យើង​នឹង​មើល​ឃើញ​ថា​នឹងមាន​ក្រុមហ៊ុន​ចុះបញ្ជី​កាន់តែ​ច្រើន​ហើយ​សន្ទនីយភាព​កាន់តែ​ខ្ពស់​នៅ​លើ​ទីផ្សារ​។ ពេលនោះ​នឹងមាន​ឱកាស​កាន់តែ​ច្រើន​ដោយ​បច្ចុប្បន្ន​ភាគហ៊ុន​ខ្លះ​មាន​ភាពទាក់ទាញ​ខ្លាំង​»​។

ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១២ ប្រមូលទុន​ពី​ផ្សារមូលបត្រ​សរុប​ជាង ១៦០ ​លាន​ដុល្លារ​អាមេរិក​ដែល​មាន​វិនិយោគិន​ជាង​ ២ ​ម៉ឺន​នាក់​បាន​ជួញដូរ​លើ​ផ្សារមូលបត្រ​កម្ពុជា​៕