ប្រធានសមាគមធនាគារនៅកម្ពុជាលោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍អំពីវិស័យធនាគារនៅកម្ពុជាដែលមានភាពចាស់ទុំ និងកំពុងជម្នះគ្រាដ៏លំបាកនេះក៏ដូចកំពុងត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២១ ខាងមុខ។
តើវិស័យហិរញ្ញវត្ថុនៅកម្ពុជាមានដំណើរការយ៉ាងដូចម្តេច ខណៈជំងឺរាតត្បាតកូវីដ១៩នៅតែបន្តរំខានដល់សេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ?
ក្នុង ៣ ត្រីមាសដំបូងនៃឆ្នាំ ២០២០ ឥណទានកំពុងដំណើរការកើន ៨,២១ ភាគរយធៀបនឹង ១៧,៧៨ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបង្ហាញពីការធ្លាក់ចុះទីផ្សារនៅក្នុងឆ្នាំនេះ ដោយសារកំណើនឥណទានហាក់ដូចជាថយចុះជាង ៥០ ភាគរយ។ តាមពិតយើងដឹងថា ការធ្លាក់ចុះឥណទានកម្ចីបានកើតឡើងក្នុងអំឡុងខែមីនា រហូតដល់ខែមិថុនា។ ឧទាហរណ៍ចាប់ពីខែមករា ដល់ខែមេសា ការផ្តល់ប្រាក់កម្ចីថ្មីក្នុង ១ ខែបានថយចុះប្រហែល ៦០ ភាគរយ ខណៈពីខែមេសារហូតដល់ខែកញ្ញា នៅចុងត្រីមាសទី ៣ ការផ្ដល់ប្រាក់កម្ចីមានសម្ទុះងើបឡើងវិញជាង ៩០ ភាគរយ។
បច្ចុប្បន្នការបញ្ចេញប្រាក់កម្ចីប្រចាំខែគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និយាយជារួម ទីផ្សារហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារនៅកម្ពុជាកំពុងមានដំណើរការល្អប្រសើរ ទោះបីមានវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងពាក់ព័ន្ធការធ្លាក់ចុះនៃសេដ្ឋកិច្ចក្តី។ អត្រាកម្ចីដែលអតិថិជនមិនបានសងត្រឡប់ (NPL) មិនកើនឡើងខ្ពស់ជាងកម្រិតគួរឱ្យព្រួយបារម្ភទេ ដោយបច្ចុប្បន្ននេះគឺវាមានតិចជាង ២,៥ ភាគរយ។
តើអ្វីជាបញ្ហាប្រឈមចម្បងក្នុងវិស័យធនាគារ ហើយតើធនាគារក្នុងស្រុក និងបរទេសជម្នះឧបសគ្គទាំងនេះយ៉ាងដូចម្ដេច?
ធនាគារនៅកម្ពុជាភាគច្រើនមានមូលនិធិយ៉ាងល្អប្រសើរ ហើយជាមធ្យមអនុបាតប្រាក់កម្ចីធៀបនឹងប្រាក់បញ្ញើគឺមានតិចជាង ១០០ ភាគរយ។ ដូច្នេះធនាគារបច្ចុប្បន្នមិនមានបញ្ហាទាក់ទងនឹងការផ្តល់ហិរញ្ញប្បទាន និងការផ្តល់ប្រាក់កម្ចីថ្មីៗ ដើម្បីទ្រទ្រង់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញទេ។
តាមពិតនេះគឺជាគុណសម្បត្តិដ៏កម្រមួយដែលប្រទេសកម្ពុជាមានក្នុងស្ថានភាពបច្ចុប្បន្ន។ បណ្តាប្រទេសជាច្រើនទៀតនឹងប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារទីផ្សារឥណទានចុះខ្សោយ ដែលធ្វើឱ្យផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ បណ្តាលមកពីជំងឺរាតត្បាត។ ក្នុងនោះ ធនាគារនៅកម្ពុជាក៏ជួបប្រទះនឹងបញ្ហាប្រឈមដែរនៅឆ្នាំ ២០២០ នេះ។ បើនិយាយអំពីដំណាក់កាលដំបូងនៃទីផ្សារកម្ពុជា ធៀបទៅនឹងទីផ្សារធំៗឈានមុខ ប្រជាជនកម្ពុជានៅតែពឹងផ្អែកភាគច្រើនលើសាច់ប្រាក់ និងទម្រង់ធនាគារបែបប្រពៃណី។
ចំណុចនេះបានធ្វើឱ្យមានការលំបាកក្នុងការផ្តល់នូវបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជន និងសម្រាប់បុគ្គលិកធនាគារផងដែរ ក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតទូទាំងពិភពលោកបែបនេះ។ សូមអរគុណដល់រដ្ឋាភិបាលដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យនៅឆ្ងាយពីសង្គមកម្ពុជា ដូច្នេះហើយគ្រោះថ្នាក់បែបនេះមិនបានលេចចេញជារូបរាងធំដុំទេ។
ម្យ៉ាងវិញទៀតសម្ពាធនៃគម្លាតសង្គមបានធ្វើឱ្យធនាគារនៅកម្ពុជា បានលោតផ្លោះទៅរកប្រព័ន្ធឌីជីថលកាន់តែច្រើនពេញ ១ ឆ្នាំ ២០២០។ ប្រតិបត្តិការឌីជីថលមានការកើនឡើងគួរឱ្យកត់សម្គាល់ ការប្រើប្រាស់ដំណោះស្រាយធនាគារតែមួយ ត្រូវបានរកឃើញជាធម្មតាជាមួយគ្រួសារភាគច្រើននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ នេះគឺជាការផ្លាស់ប្តូរមួយ បើស្ថិតនៅក្នុងកាលៈទេសៈធម្មតា យើងអាចនឹងចំណាយពេលច្រើនឆ្នាំ។
តើទិសដៅមួយណាដែលវិស័យធនាគារនឹងផ្លាស់ប្តូរនៅឆ្នាំ ២០២១ ខណៈភាពមិនប្រាកដប្រជាមានទំហំធំធេងចំពោះសេដ្ឋកិច្ចពិភពលោក?
ទោះបីវ៉ាក់សាំងទំនងជាត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយក្តី ក៏យើងដឹងថា ជំងឺរាតត្បាត ជាពិសេសសង្គម និងផលវិបាកសេដ្ឋកិច្ចនឹងនៅតែបន្តកើតមាន។ ដូច្នេះធនាគារនឹងបន្តធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថលរបស់ខ្លួន ហើយស្ថាប័នហិរញ្ញវត្ថុ (FIs) នឹងពង្រីកទំនាក់ទំនងជាមួយគ្នាកាន់តែស៊ីជម្រៅ ហើយភាគីទី ៣ ដូចជា អ្នកផ្តល់សេវាទូទាត់នឹងកាន់តែមានភាពពាក់ព័ន្ធ និងចាំបាច់សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ធនាគារក៏នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិធានការគ្រប់គ្រងហានិភ័យផ្ទៃក្នុងរបស់ពួកគេ។ ប៉ុន្មានឆ្នាំមកនេះ ធនាគារនៅកម្ពុជាទទួលបានកំណើនគួរឱ្យកត់សម្គាល់ ហើយធនាគារថ្មីៗជាច្រើនបានចូលមកក្នុងទីផ្សារដែលផ្តល់ប្រាក់ចំណេញមួយនេះ។ ដោយសារតែស្ថិរភាពនៃកំណើន និងប្រាក់ចំណេញ FIs ជាច្រើនមិនបានមើលឃើញពីតម្រូវការក្នុងការវិនិយោគលើឧបករណ៍ហានិភ័យស្មុគស្មាញនោះទេ។ ប៉ុន្តែដោយសារពិភពលោកកាន់តែមានភាពស្មុគស្មាញដូចដែលយើងបានឃើញនាពេលនេះ ខ្ញុំគិតថា FIs ជាច្រើននឹងគិតពិចារណាឡើងវិញអំពីវិធីសាស្ត្រនេះ ហើយចាប់ផ្តើមកសាងរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ដើម្បីការពារនូវអ្វីដែលបានកសាងនាពេលកន្លងមក។

តើលោកមើលឃើញថា អាចនឹងមានការធ្លាក់ចុះប្រាក់បញ្ញើ និងកំណើនឥណទានទេនៅឆ្នាំក្រោយ? សូមពន្យល់។
បើប្រៀបធៀបប្រាក់បញ្ញើ និងកំណើនឥណទានកាលពីឆ្នាំមុនៗ យើងបានឃើញថា មានការធ្លាក់ចុះ។ តាមពិត កំណើននឹងធ្លាក់ចុះនៅគ្រប់ទីកន្លែងក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយប្រទេសកម្ពុជាក៏ចៀសមិនផុតដែរ។ ទោះយ៉ាងណានៅក្នុងប្រទេសកម្ពុជាយើងមិនទាន់មើលឃើញការធ្លាក់ចុះនៃប្រាក់បញ្ញើ ឬឥណទានកំពុងដំណើការនៅឡើយទេ។ ទីផ្សារនឹងនៅតែមានកំណើន ប៉ុន្តែវានឹងមិនកើនក្នុងអត្រាខ្ពស់ខ្លាំង ដូចប៉ុន្មានឆ្នាំកន្លងមកទេ។
សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ប្រមាណ ៧ ភាគរយក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីការព្យាកររបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី យើងទំនងជាមើលឃើញកំណើនប្រហែល ៤ ភាគរយ នាពេលអនាគតដ៏ខ្លីខាងមុខ។ ក្នុងនោះដែរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថានឹងមានកំណើន ៣,៥ ភាគរយក្នុងឆ្នាំ ២០២១ ហើយនឹងកើនឡើងដល់ ៦,៥ ភាគរយនៅឆ្នាំ ២០២៣ ។ យើងអាចសន្មតបានថាកំណើនប្រាក់បញ្ញើ និងឥណទាននឹងផ្លាស់ប្តូរសមាមាត្រ ហើយការព្យាករកំណើនឥណទាន និងប្រាក់បញ្ញើនៅតែមានច្រើនជាង ១០ ភាគរយធៀបនឹងជាង ២០ ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
តើការធ្លាក់ចុះវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានប៉ះពាល់ដល់ធនាគារនៅកម្ពុជាដែរឬទេ?
មាន/អត់, យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០១៩ ការផ្តល់ឥណទានសម្រាប់វិស័យសំណង់ អចលនទ្រព្យ និងលំនៅឋានមានប្រហែល ៣០ ភាគរយនៃឥណទានទាំងអស់។ ការធ្លាក់ចុះនៅក្នុងវិស័យទាំងនោះក៏កាត់បន្ថយតម្រូវការឥណទានផងដែរក្រៅពីនោះក៏មានផលប៉ះពាល់ផ្សេងទៀតដែលយើងត្រូវសង្កេតមើល។
ការធ្លាក់ចុះនៃប្រតិបត្តិការនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យអាចបណ្តាលឱ្យតម្លៃដីធ្លីធ្លាក់ចុះនៅតំបន់ខ្លះនៅក្នុងប្រទេស។ ដោយសារឥណទានភាគច្រើននៅក្នុងប្រទេសកម្ពុជាត្រូវបានដាក់បញ្ចាំជាមួយប័ណ្ណកម្មសិទ្ធិដីធ្លី យើងត្រូវមើលថាតើវាអាចជះឥទ្ធិពលដល់គុណភាពប្រាក់កម្ចីទាំងមូលដែរឬទេ។
ជាមួយនឹងកំណើនអាជីវកម្មធ្លាក់ចុះ និងភាពអត់ការងារធ្វើកើនឡើង តើលោករំពឹងថា NPLs នៅឆ្នាំក្រោយនឹងកើនឡើងដែរឬទេ?
ខណៈដែលយើងរំពឹងថា NPLs នឹងកើនឡើង យើងមិនគិតថាវិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងចូលទៅក្នុងតំបន់ ដែលមានគ្រោះថ្នាក់នោះទេ។ រហូតមកដល់ពេលនេះ ភាគច្រើននៃ FIs មានមូលនិធិយ៉ាងល្អប្រសើរ និងមិនមានកម្ចីច្រើនពេកនៅក្នុងប្រទេសកម្ពុជា។
ទោះបី NPLs មានការកើនឡើងគួរឱ្យកត់សម្គាល់ក៏មូលនិធិរបស់អ្នកដាក់ប្រាក់បញ្ញើនៅតែមានសុវត្ថិភាពហើយគ្មាន FIs ណាដាក់ពាក្យក្ស័យធន ឬតម្រូវឱ្យមានថវិការសង្គ្រោះ ដូចដែលគេបានសង្កេតឃើញជាញឹកញាប់នៅក្នុងទីផ្សារ «អភិវឌ្ឍន៍» នោះទេ ដោយក្នុងនោះ FIs មានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយក្នុងឥរិយាបទកាន់តែរឹងមាំជាងមុន។
ប៉ុន្តែទោះជាយ៉ាង វិសាលភាពនៃកំណើន NPLs គឺពិបាកប៉ាន់ស្មាន។ នៅក្នុងតំបន់អាស៊ាន ការពង្រីកគ្រោងការណ៍ដើម្បីគាំទ្រដល់អ្នកទទួលកម្ចី ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដនេះបានធ្វើឱ្យមានភាពមិនច្បាស់លាស់នៅក្នុងទំហំគុណភាពទ្រព្យសកម្មរបស់ធនាគារក្នុងតំបន់។ មានតែការបង្រួមបន្តិចម្តងៗនៃកម្មវិធីគាំទ្រទាំងនោះប៉ុណ្ណោះ ទើបអាចផ្តល់នូវភាពច្បាស់លាស់បន្ថែមទៀតអំពីទំហំដែល NPLs នឹងកើនឡើង។
នៅក្នុងប្រទេសកម្ពុជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំរចនាសម្ព័ន្ធឥណទានប្រាក់កម្ចីឡើងវិញមានជាង ៣.៥ ពាន់លានដុល្លារ។ ខណៈពេលនេះ វានៅតែជាអ្វីដែលត្រូវធ្វើដើម្បីផ្តល់ពេលវេលាដល់អ្នកទទួលកម្ចី និងអាជីវកម្ម ដើម្បីងើបឡើងពីវិបត្តិសេដ្ឋកិច្ច និងរៀបចំដំណើរការរចនាសម្ព័ន្ធឡើងវិញ អាចបិទបាំងចំនួនឥណទានពិតប្រាកដ ដែលមិនអាចប្រមូលបាននៅចំណុចខ្លះ។
ខណៈដែលយើងរំពឹងថាការរៀបចំរចនាសម្ព័ន្ធឥណទានប្រាក់កម្ចីឡើងវិញភាគច្រើននឹងប្រសើរឡើងវិញ និងអាចប្រមូលបាន ប៉ុន្តែច្បាស់ណាស់ អាជីវកម្មមួយចំនួនអាចនឹងមិនងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតមួយនេះទេ។ ទោះយ៉ាងណា វិសាលភាពគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើរយៈពេលនៃវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩ និងពេលវេលាដែលព្រំដែនទាំងអស់នឹងបើកម្តងទៀតសម្រាប់ប្រទេសកម្ពុជា។
ចំណុចនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់វិស័យធំៗមួយចំនួននៅកម្ពុជា ដូចជាវិស័យទេសចរណ៍ ការនាំចេញផលិតផលកសិកម្ម និងសម្លៀកបំពាក់។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះ ៥,៥ ភាគរយនៅឆ្នាំនេះហើយនឹងវិលទៅរកកំណើនវិជ្ជមានវិញនៅឆ្នាំក្រោយ។ តើវិស័យធនាគារឆ្លើយតបដូចម្តេចចំពោះបរិយាកាសនេះ?
ស្របពេលដែលសេដ្ឋកិច្ចពិភពលោក និងកម្ពុជា ស្ទើរតែឈានដល់ចំណុចជាប់ទ្រឹងនៅពាក់កណ្តាលឆ្នាំនេះ យើងកំពុងវិលត្រឡប់ទៅរកកម្រិតសកម្មភាពប្រក្រតីឡើងវិញសន្សឹមៗ។ ដូចដែលបានបញ្ជាក់ថាមានការរំពឹងទុកថានឹងមានកំណើនប្រហែល ៤ ភាគរយនៅឆ្នាំខាងមុខ ហើយប្រទេសកម្ពុជានឹងមិនត្រូវការពេលវេលាយូរក្នុងការដោះស្រាយឡើងវិញនូវការខូចខាតសេដ្ឋកិច្ចទាំងអស់ដែលបណ្តាលមកពីជំងឺរាតត្បាតនេះទេ។
នៅឆ្នាំ ២០២២ ពីរឆ្នាំបន្ទាប់ពីផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រទេសកម្ពុជាដែលបណ្តាលមកពីជំងឺរាតត្បាត កម្រិតប្រាក់ចំណូល និងអត្រាមានការការងារធ្វើនឹងវិលត្រឡប់ទៅរកកម្រិតដូចដើម មុនជំងឺកូវីដ។ យើងសង្ឃឹមថា FIs និងអ្នកទទួលកម្ចីរបស់ពួកគេនឹងឆ្លងផុតពេលវេលាដ៏លំបាកនេះ។
គិតចំណុចវិជ្ជមាន យើងអាចនិយាយបានថា ជំងឺរាតត្បាត ការបិទព្រំដែន និងការផ្លាស់ប្តូរសេដ្ឋកិច្ចបានជំរុញឱ្យអាជីវកម្មជាច្រើន រួមទាំង FIs អាចសម្របខ្លួនបាន ហើយសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញកាន់តែមានភាពចម្រុះ រឹងមាំ និងកាន់តែមានលក្ខណៈឌីជីថល ដោយសារវិបត្តិសុខភាពពិភពលោកមួយនេះ៕