កាលពីឆ្នាំមុន ៩៦ ភាគរយនៃនិស្សិតចំនួន ៣១៣ នាក់របស់វិទ្យាស្ថាន CamEd Business School ដែលបានបញ្ចប់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុទទួលបានការងារធ្វើ ខណៈនៅសល់ ៤% ទៀតអ្នកខ្លះធ្វើអាជីវកម្មផ្ទាល់ខ្លួន អាជីវកម្មគ្រួសារហើយមួយចំនួនទៀតនៅបន្តការសិក្សារបស់ពួកគេ។
សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាថ្មីៗ ពួកគេទទួលបានការងារយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារការងារដ៏ចង្អៀតដែលនេះជាមោទនភាពមួយសម្រាប់វិទ្យាស្ថាន CamEd។
តួលេខនេះបានបង្ហាញនូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ចំនួន ២ គឺតម្រូវការកើនឡើងនៅក្នុងវិស័យហិរញ្ញវត្ថុសម្រាប់បុគ្គលិកដែលមានទេពកោសល្យ និងសមត្ថភាពរបស់វិទ្យាស្ថាន CamEd ដែលបានបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាពសម្រាប់វិជ្ជាជីវៈគណនេយ្យ។
និស្សិតដែលបញ្ចប់ការសិក្សានៅ CamEd នឹងទទួលបានការងារយ៉ាងឆាប់រហ័សពីធនាគារ ក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនគណនេយ្យករធំៗ ដូចជា PwC, KPMG, Deloitte និង Ernst & Young ដែលផ្តល់នូវឱកាសដ៏អស្ចារ្យសម្រាប់ការរីកចម្រើន អាជីពបន្តទៀត។
លោក Casey Barnett នាយកវិទ្យាស្ថាន CamEd បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «នៅ CamEd ជារៀងរាល់ឆ្នាំការបង្រៀនជំនាញគណនេយ្យ និងហិរញ្ញវត្ថុរបស់យើងកាន់តែល្អប្រសើរឡើង។ នេះបានក្លាយជាគុណសម្បត្តិដ៏ធំបំផុតរបស់យើង ជាកម្លាំងដ៏ពិតប្រាកដរបស់យើង ហើយយើងនាំមកនូវគុណតម្លៃដ៏អស្ចារ្យដល់និស្សិត។ ដូច្នេះនេះជាទិសដៅដែលយើងកំពុងអនុវត្ត»។
រយៈពេល ២០ ឆ្នាំកន្លងមកនេះ វិទ្យាស្ថាន CamEd ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០០ បានបណ្តុះបណ្តាលនិស្សិតជាច្រើនឲ្យមានសមត្ថភាព និងជំនាញខ្ពស់បំផុតនៅក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យ។
វគ្គសិក្សាដ៏មានប្រជាប្រិយបំផុតមួយរបស់ CamEd គឺបរិញ្ញាបត្រគណនេយ្យនិងហិរញ្ញវត្ថុដូចថ្នាក់គណនេយ្យករជំនាញ (ACCA) និងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT)។ វគ្គសិក្សាជំនាញទាំងនេះជួយបើកទ្វារសម្រាប់អាជីពការងារដ៏ល្អនៅក្នុងពិភពគណនេយ្យ និងហិរញ្ញវត្ថុ។
«ខ្ញុំគិតថាបច្ចុប្បន្នមានយុវជនជាច្រើនពួកគាត់ចង់ជោគជ័យក្នុងអាជីវកម្មហើយគណនេយ្យគឺពិតជាគ្រឹះដ៏រឹងមាំ។ នៅពេលអ្នកមានគ្រឹះគណនេយ្យរឹងមាំអ្នកអាចធ្វើការនៅក្នុងអាជីវកម្មណាមួយក៏បាន ពីព្រោះគ្រប់អាជីវកម្មគឺត្រូវការគណនេយ្យ»។
លោក Barnett បានបន្ថែមថា៖ «បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុគឺនៅតែជាគន្លឹះដ៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ (Honours) គឺមានរយៈពេល ៤ ឆ្នាំ។ ទន្ទឹមនឹងនេះដែរ និស្សិតក៏អាចទទួលបានសញ្ញាបត្រជំនាញអ្នកបច្ចេកទេសគណនេយ្យ (CAT) ហើយថែមទាំងអាចបន្តសិក្សាថ្នាក់គណនេយ្យករជំនាញ (ACCA) បានទៀតផង។
ស្តង់ដាអន្តរជាតិទាំងនេះ និងអនុលោមតាមតម្រូវការរបស់សហព័ន្ធគណនេយ្យករអន្តរជាតិ ក្រសួងអប់រំយុវជន និងកីឡា និងក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។
វគ្គសិក្សាទាំងនេះផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងវិស័យគណនេយ្យដែលជួយនិស្សិតដែលបញ្ចប់ការសិក្សាឲ្យបានយល់កាន់តែស៊ីជម្រៅនៃពិភពហិរញ្ញវត្ថុ។
«គ្រប់គ្នាដែលធ្វើអាជីវកម្មគឺដើម្បីស្វែងរកប្រាក់ចំណេញ ហើយអ្នកនឹងមិនអាចដឹងអំពីប្រាក់ចំណេញរបស់អ្នកបានពិតប្រាកដទេ ដរាបណាអ្នកមិនមានប្រព័ន្ធគណនេយ្យត្រឹមត្រូវជាពិសេសនៅពេលអាជីវកម្មរបស់អ្នកចាប់ផ្តើមរីកចម្រើន»។
លោក Barnett មានប្រសាសន៍ថា៖ «នៅពេលអ្នកមានអាជីវកម្មតូចវាមិនមែនជាបញ្ហាទេ អ្នកអាចប៉ាន់ស្មានប្រាក់ចំណូល និងចំណាយរបស់អ្នកបាន ប៉ុន្តែនៅពេលអាជីវកម្មរបស់អ្នករីកចម្រើនកាន់តែធំ វិធីតែ ១ គត់ដើម្បីគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកបានត្រឹមត្រូវ និងដើម្បីធ្វើវាប្រកបដោយនិរន្តរភាពគឺត្រូវមានប្រព័ន្ធគណនេយ្យរឹងមាំ»។
ដោយមានសាស្ត្រាចារ្យដែលពោរពេញទៅដោយជំនាញវិជ្ជាជីវៈខ្ពស់មកពីជុំវិញពិភពលោក វិទ្យាសា្ថន CamEd ផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងសមស្របបំផុតទៅនឹងតម្រូវការទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕