វិទ្យាស្ថាន CamEd Business School ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ បានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងការបណ្តុះបណ្តាលគណនេយ្យករជាន់ខ្ពស់ជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។ ដោយមានការគាំទ្រពីសំណាក់សាស្ត្រាចារ្យ និងបុគ្គលិកដែលមានបទពិសោធខ្ពស់រួមជាមួយធនធាន និងបរិក្ខារដ៏សម្បូរ បែបវិទ្យាស្ថានមួយនេះបានរៀបចំគ្រឹះដ៏រឹងមាំ និងមានស្តង់ដាខ្ពស់ សម្រាប់ការសិក្សាជំនាញហិរញ្ញវត្ថុ និងគណនេយ្យ និងបណ្ដុះបណ្ដាលនិស្សិតប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានគុណភាពខ្ពស់សម្រាប់ទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសដែលកំពុងរីកចម្រើន។
ថ្មីៗនេះមាននិស្សិតប្រមាណ ៤០០០ នាក់បានចុះឈ្មោះចូលរៀនដោយពួកគេមានបំណងចាប់យកអាជីពដ៏មានកិត្យានុភាពមួយនេះនៅក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យដែលកំពុងមានការប្រកួតប្រជែងខ្ពស់ ដោយនិស្សិតវ័យក្មេងដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន CamEd ភាគច្រើនមានការងារដ៏ល្អ ទាំងនៅក្នុងវិស័យសាធារណៈ និងសាជីវកម្ម។
វិទ្យាស្ថាន CamEd បានផ្តល់ជូនវគ្គបណ្ដុះបណ្ដាលដែលមានការទទួលស្គាល់ខ្ពស់បំផុតនៅលើពិភពលោក គឺកម្មវិធីគណនេយ្យករជំនាញ ACCA ដែលជាកម្មវិធីមួយបណ្ដុះបណ្ដាលនិស្សិតនូវលក្ខណសម្បត្តិ វិជ្ជាជីវៈ ជំនាញ និងចំណេះដឹងខ្ពស់ដែលនិយោជកត្រូវការបំផុត និងកម្មវិធីអ្នកជំនាញអន្តរជាតិផ្នែកគណនេយ្យ CAT ដែលសិក្សាផ្តោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញគណនេយ្យផងដែរ។
លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា បានឲ្យកាសែតភ្នំពេញប៉ុស្ដិ៍ដឹងថា៖ «វិទ្យាស្ថាន CamEd ផ្តល់ការអប់រំជំនាញហិរញ្ញវត្ថុយ៉ាងពេញលេញ ដែលក្នុងនោះមានថ្នាក់បរិញ្ញាបត្ររួមជាមួយសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) និងថ្នាក់គណនេយ្យករជំនាញ ACCA ផងដែរ»។
យោងតាមគេហទំព័រ ACCA បានឲ្យដឹងថា គណនេយ្យករជំនាញបច្ចុប្បន្នមានចំនួន ២២៧ ០០០ នាក់ ដែលមានសមត្ថភាពពេញលេញ ហើយ ៥៤៤ ០០០ នាក់ផ្សេងទៀតនឹងក្លាយជាសមាជិកនៅទូទាំងពិភពលោកនាពេលខាងមុខ ដែលក្នុងនោះសមាជិកចំនួន ២៦៥ នាក់មកពីប្រទេសកម្ពុជា។
លោក នូវ រតនា បានមានប្រសាសន៍ថា៖ «តាមរយៈការស្រាវជ្រាវជាសកលរបស់ស្ថាប័ន ACCA បានរកឃើញថា និយោជកចំនួនប្រមាណជា ៩៤% ជឿជាក់លើគុណភាពដ៏រឹងមាំរបស់ ACCA ហើយត្រូវបានទទួលស្គាល់យ៉ាងខ្លាំងនៅលើពិភពលោក»។
ACCA ផ្តល់ជូននិស្សិតនូវជំនាញសំខាន់ៗជាច្រើនដូចជាការគ្រប់គ្រង វគ្គភាពជាអ្នកដឹកនាំ បច្ចេកវិទ្យាសវនកម្ម ការគិតស៊ីជម្រៅ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈដែលធ្វើឱ្យការងារមានសុវត្ថិភាពទាំងនៅក្នុងពេលធ្វើសវនកម្ម មិនថាសម្រាប់ធនាគារ ឬក្រុមហ៊ុនប្រឹក្សាពន្ធដារនោះទេ។
ជាមួយនឹងភាពល្បីល្បាញ និងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៃសមាគមគណនេយ្យ ACCA ក្នុងនាមជាអ្នកផ្ដល់ការបណ្តុះបណ្ដាលកម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA នៅក្នុងប្រទេសកម្ពុជា និយោជកជាច្រើនជាពិសេសអ្នកដែលមកពីវិស័យធនាគារ និងគណនេយ្យតែងតែស្វែងរកបេក្ខជនដែលមានសក្តានុពលពីវិទ្យាស្ថាន CamEd ។
លោកស្រី ជា លីមឈីង អតីតនិស្សិតវិទ្យាស្ថាន CamEd ដែលបានបញ្ចប់ការសិក្សាកម្មវិធី ACCA និង CAT ហើយបច្ចុប្បន្ន លោកស្រីជាមន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារជាតិបានឲ្យដឹងថា៖ «សូម្បីតែមុនពេលនាងខ្ញុំបញ្ចប់ការសិក្សាវគ្គ ACCA មកម្ល៉េះ គឺមាននិយោជកមួយចំនួនបានទូរស័ព្ទមកនាងខ្ញុំ សុំសម្ភាសសម្រាប់ការងារដែលមានប្រាក់ខែខ្ពស់»។
«នៅពេលនាងខ្ញុំចាប់ផ្តើមដាក់ពាក្យរកការងារធ្វើនៅក្រុមហ៊ុនគណនេយ្យធំ ២ ក្នុងចំណោមក្រុមហ៊ុនគណនេយ្យធំៗចំនួន ៤ នៅកម្ពុជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនគណនេយ្យទាំង ២ ពិតជាបានឲ្យតម្លៃខ្ពស់ទៅលើការសិក្សាវគ្គ ACCA របស់នាងខ្ញុំយ៉ាងខ្លាំង ហើយថែមទាំងផ្តល់ការងារឲ្យនាងខ្ញុំដោយគ្មានរយៈពេលសាកល្បងនោះទេ ទោះបីពេលនោះនាងខ្ញុំមិនទាន់មានបទពិសោធការងារពីមុនមកក៏ដោយ ប៉ុន្តែនាងខ្ញុំសម្រេចថានាងខ្ញុំចង់បានការងារនៅ PwC Cambodia ច្រើនជាង»។
ទន្ទឹមនឹងនេះដែរ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសហគ្រាសធុនតូច និងមធ្យមត្រូវបានបង្អាក់ដោយសារតែកង្វះខាតនូវគណនេយ្យករប្រកបដោយជំនាញវិជ្ជាជីវៈនេះផងដែរ។
ជាចុងក្រោយលោក នូវ រតនា ក៏បានថ្លែងថា៖ «ទីផ្សារគណនេយ្យករមានសារៈសំខាន់ណាស់ដោយសារកំណើននៃការវិនិយោគពីប្រទេសចិន និងពីបណ្តាប្រទេសផ្សេងទៀតដែលកំពុងហូរចូលមកក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការកើនឡើងនូវតម្រូវការគណនេយ្យករនេះ វិទ្យាស្ថាន CamEd បានត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តុះបណ្ដាល និងត្រួសត្រាយផ្លូវសម្រាប់និស្សិត ដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការចូលទៅបម្រើការក្នុងពិភពហិរញ្ញវត្ថុ»៕