
ឆ្នាំ ២០២០ ស្ទើរតែគ្មានវិស័យណាមួយគេចផុតពីផលប៉ះពាល់នៃជំងឺឆ្លងកូវីដ ១៩ ដែលរីករាលដាលពាសពេញពិភពលោកទេ ក្នុងនោះសេដ្ឋកិច្ចកម្ពុជាដែលជាចំណែកនៃសេដ្ឋកិច្ចសកលក៏មិនអាចគេចផុតពីវិបត្តិនេះផងដែរ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានមានវិធានការយ៉ាងច្បាស់លាស់ក្នុងការទប់ទល់វិបត្តិនេះបានយ៉ាងល្អប្រសើរ។
ចំពោះវិស័យធនាគារនៅកម្ពុជា ក្រោមបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ពាក់ព័ន្ធនឹងការបន្ធូរបន្ថយអនុបាតមូលធនផ្សេងៗ ក៏ដូចជា សារាចរណែនាំស្តីពីឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលនៃវីរុសកូវីដ ១៩ វិស័យនេះអាចគ្រប់គ្រង និងការពារហានិភ័យរបស់ស្ថាប័នខ្លួន ក៏ដូចជាជួយគាំទ្រការលូតលាស់របស់អតិថិជនខ្លួន ក្នុងស្ថានភាពដ៏លំបាក និងអនុលោមតាមរាល់បទប្បញ្ញត្តិជាធរមាន។
សមាគមធនាគារនៅកម្ពុជា (ABC) បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដើម្បីការពារសហគមន៍របស់យើងទាំងមូល។
សមាគមធនាគារនៅកម្ពុជាបានពង្រីកសមាសភាពក្រុមប្រឹក្សាភិបាលលើសពីធនាគារពាណិជ្ជ ធនាគារឯកទេស និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយរួមបញ្ចូល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ដែលនាំឲ្យយើងមានពហុជំនាញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារ ស្របតាមនិន្នាការវិវឌ្ឍន៍បច្ចេកវិជ្ជាហិរញ្ញវត្ថុ ទាន់សម័យជាសកល។
ដើម្បីចាប់យកពហុហេដ្ឋារចនាសម្ព័ន្ធទាន់សម័យ ដែលផ្តួចផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជា រួមមាន៖ Cambodian Shared Switch (CSS), ប្រព័ន្ធ Retail Pay និងប្រព័ន្ធបាគង បានញ៉ាំងឲ្យគ្រប់អតិថិជនរបស់បណ្តាធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចធ្វើស្វ័យប្រតិបត្តិការអន្តរធនាគារជាសកលក្នុងការផ្ទេរ និងទូទាត់ផ្សេងៗ មានភាពងាយស្រួល រហ័ស និងសុវត្ថិភាព ជាមួយនឹងកម្រៃសេវាសមរម្យ ដែលជាការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនាមសមាគមធនាគារនៅកម្ពុជា ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មគ្គុទ្ទេសក៍គតិយុត្តរបស់ធនាគារជាតិនៃកម្ពុជា ដែលបានធ្វើឲ្យវិស័យធនាគារ និងហិរញ្ញវត្ថុគេចផុតពីហានិភ័យទាំងឡាយ និងអាចបន្តការគាំទ្រការលូតលាស់របស់អតិថិជនថែមទៀត។
សរុបសេចក្ដីមក ឆ្នាំ ២០២០ ទោះបីជាមានការលំបាកក៏ពិតមែន ប៉ុន្តែយើងជឿជាក់ថា ការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ធ្វើឲ្យយើងមានបទពិសោធថ្មីមួយរួមគ្នាក្នុងការបម្រើ និងថែរក្សាអតិថិជន តាមរយៈហេដ្ឋារចនាសម្ព័ន្ធចម្រុះ ជាពិសេសប្រព័ន្ធឌីជីថល និង FinTech។
ជាកាលអវសាន ខ្ញុំបាទសូមគោរពជូនពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សមាជិកសមាជិកាសមាគមធនាគារ អតិថិជន និងក្រុមគ្រួសារជាទីស្រឡាញ់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អបរិបូណ៌ និងមានវិបុលភាពគ្រប់ក្រុមគ្រួសារ៕
បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា