
គិតត្រឹមខែវិច្ឆិកា ២០២០ ចំនួនគណនីជួញដូរភាគហ៊ុនសរុបបានកើនដល់ ២៦.៦៥៧ គណនី។ ហ៊ាន រង្សី
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញនូវសញ្ញាវិជ្ជមានជាច្រើននៅក្នុងឆ្នាំនេះរាប់ចាប់តាំងពីការចុះបញ្ជីធនាគារដំបូងគេរហូតដល់ការកើនឡើងចំនួនវិនិយោគិន។
I. ស្ថិតិទីផ្សារ
មូលធនូបនីយកម្ម ទីផ្សារសរុបកើនឡើងដល់ ២,៤៥ ពាន់លានដុល្លារនៅចុងខែវិច្ឆិកាឆ្នាំ ២០២០ ពោលគឺកើនឡើងពី ០,៧២ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការចុះបញ្ជីក្រុមហ៊ុនមូលបត្រកម្មសិទ្ធិចំនួន ២ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក្នុងនោះមានធនាគារ អេស៊ីលីដា ដែលជាធនាគារក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាដែលមាន ៧៦ ភាគរយនៃមូលធនូបនីយកម្មទីផ្សារសរុប។
មិនត្រឹមតែមូលធនូបនីយកម្មទីផ្សារមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែចំនួនគណនីជួញដូរដែលចុះបញ្ជីជាមួយក្រុមហ៊ុនឈ្មួញជើងសា ដែលជាសមាជិក CSX ក៏បានកើនឡើង ១៨,៣ ភាគរយផងដែរ។
ការកើនឡើងនេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងរបស់វិនិយោគិននៅក្នុងផ្សារមូលបត្រកម្ពុជា ដែលធ្វើឱ្យចំនួនគណនីជួញដូរសរុបបានឈានដល់ ២៦.៦៥៧ គណនីនៅចុងខែវិច្ឆិកា។
ទន្ទឹមនឹងកំណើនចំនួនគណនីជួញដូរនេះ, អ្នកប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត Mobile Trading System (MTS) ក៏មានកំណើនខ្ពស់ជាង ១០០ ភាគរយផងដែរ។
កំណើនតួលេខដ៏គួរឱ្យកត់សម្គាល់ដែលបានកើនឡើងពីអ្នកប្រើប្រាស់ត្រឹមតែជាង ៥ ០០០ នាក់ នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៩ រហូតដល់ជាង ១ ម៉ឺននាក់នៅក្នុងឆ្នាំនេះ បង្ហាញពីភាពងាយស្រួលនៃប្រព័ន្ធ MTS ដែលជាឧបករណ៍មួយជួយដល់ការគ្រប់គ្រងសកម្មភាពជួញដូរដោយខ្លួនឯង។
នៅក្នុងឆ្នាំនេះក៏មានការផ្លាស់ប្តូរគួរឱ្យភ្ញាក់ផ្អើលលើទំនោរនៃការជួញដូរនៅ CSX ផងដែរ។ វិនិយោគិនក្នុងស្រុកដែលធ្លាប់មានត្រឹមតែ ៨ ភាគរយនៃចំនួនជួញដូរសរុបរយៈពេល ១១ ខែក្នុងឆ្នាំ ២០១៩ បានកើនដល់ ៨៨ ភាគរយនៃចំណែកជួញដូរសម្រាប់រយៈពេលដូចគ្នានៅឆ្នាំនេះ។
ស្រដៀងគ្នានេះដែរ, វិនិយោគិនលក្ខណៈបុគ្គលដែលធ្លាប់មានត្រឹមតែជិត ១៣ ភាគរយនៃការជួញដូរសរុបក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ ២០១៩ បានកាន់កាប់ ៩១ ភាគរយនៃការជួញដូរសរុបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ផ្សារមូលបត្រកម្ពុជាបានណែនាំនូវយន្តការទូទាត់ជាប្រាក់ដុល្លារថ្មី។
យន្តការទូទាត់នេះ អនុញ្ញាតឱ្យវិនិយោគិនជួញដូរមូលបត្រកម្មសិទ្ធិតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចា (NTM) ជាប្រាក់រៀលហើយទូទាត់ជារូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក។ ការជួញដូរនេះត្រូវបានធ្វើឡើងលើភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (P WSA) ជាមួយបរិមាណជួញដូរចំនួន ១.៥៨៨. ៦៩៤ ហ៊ុនដែលគិតជាទឹកប្រាក់ស្មើនឹង ៧.៩៤៣.៤៧០.០០០ រៀល។
នៅក្នុងឆ្នាំនេះក៏មានសញ្ញាវិជ្ជមាននៃការជួញដូរមូលបត្របំណុលលើកដំបូងតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចា (NTM) ដែលបានធ្វើនៅថ្ងៃទី ៥ ខែឧសភាលើសញ្ញាបណ្ណ មីក្រូហិរញ្ញវត្ថុប្រាសាក់ដែលមានទឹកប្រាក់ចំនួន ១០ លានដុល្លារ។
II. សកម្មភាពក្រុមហ៊ុនផ្សារមូលបត្រ
A. សកម្មភាពផ្សព្វផ្សាយការចុះបញ្ជី
ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជី CSX បានរៀបចំព្រឹត្តិការណ៍ប្រចាំខែជាច្រើនដែលមានឈ្មោះថា “៣៥នាទីអំពីអាជីវកម្ម” ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្សារមូលបត្រកម្ពុជា។
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយគណៈគ្រប់គ្រងជាន់ខ្ពស់របស់អាជីវកម្មក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យមដែលពិភាក្សាអំពីប្រធានបទជាច្រើនទាក់ទងនឹងគំរូអាជីវកម្ម និងសារៈសំខាន់នៃការបង្កើនដើមទុនដើម្បីពង្រីកអាជីវកម្ម។
CSX ក៏បានសហការរៀបចំសិក្ខាសាលានៅតាមក្លឹបជំនួញ ឬសមាគមនានានៅក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ដើម្បីជជែកអំពីលក្ខខណ្ឌចុះបញ្ជីសម្រាប់អាជីវកម្មដែលចង់ចុះបញ្ជីនៅទីផ្សារហ៊ុន។
B. ការលើកកម្ពស់សម្មភាពជួញដូរ និងការយល់ដឹងជាសាធារណៈ
CSX បានផ្តួចផ្តើមសកម្មភាព និងយន្តការជាច្រើន ដើម្បីបង្កើតបរិយាកាសដ៏សមស្របសម្រាប់វិនិយោគិន និងបន្ថយឧបសគ្គនៃការជួញដូរ។
ឧទាហរណ៍ CSX បាននឹងកំពុងធ្វើការជាមួយ Acleda Securities Plc ដើម្បីធ្វើឱ្យវិនិយោគិនអាចបើកគណនីជួញដូរបានតាមអ៊ិនធឺណិតដោយមិនចាំបាច់ទៅក្រុមហ៊ុនមូលបត្រដោយផ្ទាល់។
ថ្មីៗនេះ CSX បានសម្រេចពន្យាការមិនគិតថ្លៃសេវាលើការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (MTS) រយៈពេល ២ ឆ្នាំទៀតរហូតដល់ចុងឆ្នាំ ២០២២ ដើម្បីលើកកម្ពស់ និងជំរុញសកម្មភាពជួញដូរបន្ថែមទៀត។
ដើម្បីកសាងទំនុកចិត្តចំពោះក្រុមហ៊ុនដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា, CSX បានរៀបចំ “វេទិកាក្រុមហ៊ុនចុះបញ្ជី” ដើម្បីអនុញ្ញាតឱ្យប្រធានគ្រប់គ្រងមកពីក្រុមហ៊ុនចុះបញ្ជី បង្ហាញពីការរីកចម្រើនអាជីវកម្មរបស់ពួកគេ ស្ថានភាពហិរញ្ញវត្ថុ ផែនការយុទ្ធសាស្ត្រក៏ដូចជាហានិភ័យ។
ហើយដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការវិនិយោគលើផ្សារហ៊ុន CSX ក៏បានដាក់ចេញនូវ “ការប្រកួតប្រជែងវីដេអូផ្សារមូលបត្រកម្ពុជា” (CSX VDO Competition)។
លើសពីនេះទៀត CSX បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី (Post Media Co Ltd) ដែលជាម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ ដើម្បីធ្វើជាដៃគូផ្សព្វផ្សាយផ្លូវការរបស់ CSX។
អនុស្សារណៈនៃការយោគយល់គ្នានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទីផ្សារមូលបត្រនៅកម្ពុជា និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានដ៏ពិតប្រាកដ ទាន់ពេលវេលា និងគួរឱ្យទុកចិត្ត ដើម្បីផ្តល់ព័ត៌មានអំពីការអភិវឌ្ឍវិស័យទីផ្សារមូលបត្រដល់វិនិយោគិន និងសាធារណជន៕