The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​មាន​ការថយចុះ




អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​មាន​ការថយចុះ

Content image - Phnom Penh Post
លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​មាន​ការថយចុះ

ចំនួន​អ្នកទទួល​កម្ចី​ខ្នាតតូច​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩ មាន​ការថយចុះ​ក្នុង​ការស្នើសុំ​ពន្យារពេល​សង​ប្រាក់កម្ចី​។

លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា និន្នាការ​បច្ចុប្បន្ន​ពិតជា “​សញ្ញា​ល្អ​” ដោយសារ​ការជះឥទ្ធិពល​របស់​កូវីដ ១៩ ទៅលើ​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​។

“​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កត់សម្គាល់​ឃើញថា ការកើនឡើង​នៃ​ការស្នើសុំ​រៀបចំ​ប្រាក់កម្ចី​ឡើងវិញ​របស់​អតិថិជន​នៅ​ខែមេសា និង​ឧសភា ដែលមាន​ចំនួន​ ២០ ០០០ នាក់​រៀងរាល់​សប្តាហ៍ ប៉ុន្តែ​ក្រោយមក​បាន​ធ្លាក់ចុះ​មកដល់​ត្រឹម ១០ ០០០ នាក់​ក្នុង​ខែមិថុនា​ និង​កក្កដា​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ចំនួន​ការស្នើសុំ​បាន​ធ្លាក់​ចុះមក​ត្រឹម​ប្រមាណ ១ ០០០ ក្នុង​ ១ ​សប្តាហ៍​ប៉ុណ្ណោះ​។

"​នេះ​ពិតជា​សញ្ញា​ល្អ​ដែល​បង្ហាញថា​ផលប៉ះពាល់ ដោយសារ​កូវីដ ១៩ កំពុង​ថយចុះ ហើយ​សេដ្ឋកិច្ច​កំពុង​ងើបឡើង​វិញ​។ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា កំពុង​ពិភាក្សា​ជាមួយ​សមាជិក និង​អ្នកពាក់ព័ន្ធ​ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៃ​ការបន្ត​ការរៀបចំ​ឥណទាន​ឡើងវិញ​រហូតដល់​ឆ្នាំ​ ២០២១ ខណៈ​អតិថិជន​មួយចំនួន​មកពី​វិស័យ​ទេសចរណ៍​នៅតែ​រង​ផលប៉ះពាល់​គួរឱ្យ​កត់សម្គាល់​។

គិត​ត្រឹម​ខែកញ្ញា អ្នកទទួល​ប្រាក់កម្ចី​មីក្រូហិរញ្ញវត្ថុ​ជាង ២៧០ ០០០ នាក់​បានដាក់​ស្នើសុំ​ធ្វើការ​រៀបចំ​កម្ចី​ឡើងវិញ​ពី​គ្រឺះ​ស្ថាន​ចំនួន ១០៣ ស្ថានប័ន​ដែលជា​សមាជិក សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។ លោក​ថា សំណើរ​សរុប​ចំនួន ២៦០ ០០០ ឬ ៩៤ ភាគរយ​ត្រូវ​បាន​អនុម័ត​ឱ្យ​រៀបចំ​ឡើងវិញ ជាមួយ​នឹង​ប្រាក់កម្ចី​ចំនួន ១ ២៧០ លាន​ដុល្លារ​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានផ្តល់​ប្រាក់កម្ចី​ដែលមាន​តម្លៃ ៧ ២០០ លាន​ដុល្លារ ដល់​អតិថិជន​ចំនួន ២,១ លាន​នាក់ ខណៈ​ដែល​អ្នក​ដាក់​ប្រាក់​បញ្ញើ​ចំនួន ២,៨ លាន​នាក់​ដែល​មាន​ទឹកប្រាក់​បញ្ញើ​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​ចំនួន ៦ ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ប្រាក់កម្ចី​មិន​ដំណើរការ (NPL) នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ពី ១,៥ ភាគរយ​ដល់ ២,៥ ភាគរយ ដោយ​ចាប់​កើនឡើង​ក្នុង​ខែមីនា និង​បាន​ឡើងដល់​កំពូល​នៅ​ខែឧសភា ប៉ុន្តែ​បាន​ថយចុះ​បន្តិច​ម្តងៗ​នៅ​ខែ​បន្តបន្ទាប់​។

នៅក្នុង​ខែសីហា ប្រាក់កម្ចី​មិន​ដំណើរការ​មាន​ចំនួន ២,៧ ភាគរយ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ខណៈ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំងមូល​មាន​ចំនួន ២,៣ ភាគរយ​។ ទោះយ៉ាងណា​កម្រិត​ប្រាក់កម្ចី​មិន​ដំណើរការ​ត្រូវ​បាន​គេ​ចាត់ទុកថា​មាន​និរន្តរភាព ផ្អែក​តាម​ស្តង់ដា​សកល​។ នេះ​បើ​យោងតាម​តួលេខ​របស់​សមាគម​។

ដូចគ្នា​នឹង​វិស័យ​ផ្សេងទៀត​ដែរ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​ផងដែរ​ដោយ​ត្រូវ​ទទួល បន្ទុក​ជាមួយ​នឹង​ការកើនឡើង​ថ្លៃដើម​ប្រតិបត្តិការ និង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ដោយសារ​តម្រូវការ​ប្រាក់កម្ចី​បាន​ធ្លាក់ចុះ​។

បើ​ក្រឡេកមើល​ភាពវិជ្ជមាន​វិញ ជំងឺ​រាតត្បាត​នេះ​គ្រាន់​តែ​ជា​វិញ្ញាសា​សាកល្បង​មួយទៀត​ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ក្នុង​គ្រា​ដ៏លំបាក​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ត្រឹមតែ​អាច​ទប់ទល់ ប៉ះពាល់ ហើយ​នៅ​បន្ត​ដំណើរការ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​កៀរគរ​ធនធាន​របស់​ខ្លួន​ទៅ​ជួយ​ដល់​អតិថិជន និង​សហគមន៍​ដែល​រង​ផលប៉ះពាល់​។

សមាគម​ និង​សមាជិក​របស់ខ្លួន​បាន​ចាត់វិធានការ​យ៉ាងសកម្ម​ដោយ​រៀបចំ​យុទ្ធសាស្ត្រ​ស្តារ​អាជីវកម្ម ដូចជា​ផែនការ​ត្រៀម​អាជីវកម្ម​ពេល​មាន​ហានិភ័យ រួមទាំង​ផែនការ​បន្ត​អាជីវកម្ម​ចាប់តាំងពី​ខែ​មករា ដើម្បី​ដឹកនាំ​វិស័យ​ហិរញ្ញវត្ថុ នៅពេលដែល​បាន​រំខាន​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ដោយសារ​ការរាលដាល​នៃ​ជំងឺ​កូវីដ​១៩ ។

សមាជិក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ត្រៀម​ទប់ទល់​ផលប៉ះពាល់​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​។ ប្រសិន​បើ អតិថិ​ជនណាម្នាក់​របស់​គ្រឹះស្ថាន​ដែលជា​សមាជិក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩ គាត់​អាច​ស្នើសុំ​ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ​បាន ប្រសិន​បើ​គាត់​មិនទាន់មាន​លទ្ធភាព​សង​ត្រឡប់​ជាធម្មតា​។ សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ជឿជាក់​ថា​ជោគជ័យ​របស់​អតិថិជន​ទើប​ជា​ភាពជោគជ័យ​ពិតប្រាកដ​របស់​គ្រឹះស្ថាន​។

“​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កំពុង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​សមាជិក​ទាំងអស់​របស់ខ្លួន​, ដូចជា ធនាគារជាតិ​នៃ​កម្ពុជា និង​ការិយាល័យ​ឥណទាន​កម្ពុជា ដើម្បី​តាមដាន​ដោយផ្ទាល់​ជាក់ស្តែង​នូវ​ការប្រែប្រួល​នៃ​ទីផ្សារ​ឥណទាន ដើម្បី​ជួយ​ឱ្យ​វិស័យនេះ​អាច​ទប់ទល់ និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ មកលើ​អតិថិជន​មីក្រូហិរញ្ញវត្ថុ​។

លោក​ វ៉ាន់ឌី បាន​មានប្រសាសន៍​ថា​ “​ប្រាក់​បម្រុង​ទុក​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ធំៗ​ទាំង​ ១០ នៅតែ​ភាពរឹងមាំ​”​។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​ថា CMA មាន​សមាជិក​រួមមាន​ធនាគារ​ចំនួន ៤, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​៧៦, គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន ១១ និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​ចំនួន ១២៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។