លោក​បណ្ឌិត អ៊ិន ចាន់នី សហស្ថាបនិក​ធនាគារ ​អេស៊ីលីដា ​ភីអិលស៊ី​ មាន​សារ​ដ៏​សំខាន់​សម្រាប់​ឆ្នាំ​ថ្មី ខណៈ​ធនាគារ​មួយ​នេះ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ឆ្នាំ ​២០២១​។​ ធនាគារ អេស៊ីលីដា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ដើម្បី​ធ្វើ​ឱ្យ​ធនាគារ​មាន​ដំណើរការ​ទៅ​មុខ​ដ៏​ល្អ​ប្រសើរ​នៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​នេះ​។

ធនាគារ អេស៊ីលីដា បាន​ចុះបញ្ជី​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ខែ​ឧសភា ​ឆ្នាំ​ ២០២០ ជា​ពេលវេលា​ដែល​ធនាគារ​បាន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ​ឌីជីថល​របស់​ខ្លួន ដោយ​បាន​ណែនាំ​សេវា​ទូទាត់​ផ្សេងៗ​ដែល​អាច​បត់បែន​បាន​សម្រាប់​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ខ្លួន សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (​កម្មវិធី​ទូរស័ព្ទ​ចល័ត​) ហើយ​ថែម​ទាំង​បាន​ប្តូរ​ស្លាក​សញ្ញា​ថ្មី ​(​ឡូហ្គូ​) ​របស់​ខ្លួន​ថែម​ទៀត​ផង​។

ធនាគារ អេស៊ីលីដា ​បាន​គ្រប់គ្រង​យ៉ាង​ប្រយ័ត្នប្រយែង និង​ប្រកាន់​គោល​ជំហរ​បាន​យ៉ាង​ល្អ​នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​ ខណៈ​ដែល​គូប្រកួត​ប្រជែង​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ភាព​ថមថយ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​។​

«​ទោះបី​ជួប​វិបត្តិ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ក្តី ក៏​ធនាគារ​ អេស៊ីលីដា ​នៅ​តែ​បន្ត​រីក​ចម្រើន​ប្រកប​ដោយ​ទំនុក​ចិត្ត​។ ធនាគារ​ជឿជាក់​ថា ​ខ្លួន​នឹង​រក្សា​កំណើន​របស់​ខ្លួន​សម្រាប់​ត្រីមាស​នេះ និង​នៅ​ឆ្នាំ​ខាង​មុខ​ជា​បន្ត​បន្ទាប់​ទៀត​»​។​

លោក​បណ្ឌិត អ៊ិន ចាន់នី​ ដែល​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ បាន​មាន​ប្រសាសន៍​ថា​៖ «​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង ​៣ គឺ​សាខា ​និង​បណ្តាញ​ការិយាល័យ​ធំ​ជាង​គេ​ប្រព័ន្ធ​អេឡិចត្រូនិច​ ហើយ​ជា​ពិសេស ​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​បង្កើត​បាន​នូវ​លក្ខខណ្ឌ​ងាយស្រួល​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ទទួល​បាន​ផលិតផល ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​ទាំង​អស់​»​។

នៅ​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​នេះ​ធនាគារ​អេស៊ីលីដា ទទួល​បាន​ផល​ចំណូល​ចំនួន ១៤២,៤៧ លាន​ដុល្លារ​អាមេរិក​ ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ដល់ ៣៤,៦២ លាន​ដុល្លារ​អាមេរិក ដែល​ជា​តួលេខ​ដ៏​ល្អប្រសើរ​បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។​

គិត​ត្រឹម​ខែ​កញ្ញា ​ប្រាក់​បញ្ញើ​សរុប​បាន​កើន​ឡើង​ចំនួន ១៥៨,១៧ លាន​ដុល្លារ​អាមេរិក ហើយ​កម្ចី ​(outstanding loans) ​សរុប​មាន​ចំនួន ២៦៤,៥៤ លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​ចុង​ឆ្នាំ ២០១៩។​

«​ធនាគារ អេស៊ីលីដា ​បាន​បន្ថែម​ភាព​ងាយ​ស្រួល ​និង​សាមញ្ញ​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើសុំ​ប្រាក់​កម្ចី ​និង​ស្រប​តាម​បទពិសោធន៍​ខ្ពស់​របស់​អ្នក​ប្រើប្រាស់​តាម​មធ្យោបាយ​ឌីជីថល​​ គឺ​តាមរយៈ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (​កម្មវិធី​ទូរស័ព្ទ​ចល័ត​)»។​

លោក​បណ្ឌិត ​ចាន់នី​ បាន​បន្ថែម​ទៀត​​ថា​៖ «​ហើយ​វា​ក៏​អនុវត្ត​ចំពោះ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​រួម​ទាំង​អត្រា​ការ​ប្រាក់​ដែល​អាច​បត់បែន​បាន​សម្រាប់​ការ​ផ្តល់​ប្រាក់​កម្ចី​ផង​ដែរ​។ ចំណុច​នេះ​វា​បាន​ជួយ​ដល់​កំណើន​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ត្រីមាស​នេះ ​និង​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​របស់​ធនាគារ​ចំនួន ១,៦៩ លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​ ២០១៩»​។​

ជាមួយ​នឹង​សាខា​ចំនួន ​២៦៣ ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា និង​ម៉ាស៊ីន​ដក​ប្រាក់​អេធីអឹម​ចំនួន ៧២៣ ដែល​គ្មាន​គូ​ប្រជែង​ណា​មាន​ដូច ធនាគារ​អេស៊ីលីដា​ អាច​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ទាំង​សម្រាប់​អតិថិជន​នៅ​ក្នុង​ទីក្រុង ​និង​អតិថិជន​នៅ​តំបន់​ជនបទ រាប់​ចាប់​ពី​ផ្នែក​សាជីវកម្ម​រហូត​ដល់​អតិថិជន​លក់​រាយ​»​។​

លោក​បណ្ឌិត​ ចាន់នី បាន​បន្ថែម​ថា​៖ «​សាខា ​និង​ការិយាល័យ ​គឺ​ស្ថិត​នៅ​ជិត​អតិថិជន​ក្នុង​វិស័យ​នេះ ​ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​ប្រាក់​កម្ចី​ផ្តល់​ដល់​វិស័យ​កសិកម្ម​កាន់​តែ​មាន​ភាព​ងាយស្រួល ​ហើយ​ដែល​ជា​វិស័យ​មាន​​​សុវត្ថិភាព​បំផុត​»​។​

នៅ​ដំណាច់​ខែកញ្ញា ​ឆ្នាំ ​២០២០ សម្ពាធ​​នៃ​ប្រាក់​កម្ចី​សរុប​ទាក់ទង​នឹង​កសិកម្ម​មាន​ចំនួន ២០,០៤ ភាគរយ​។​

ប្រាក់​ចំណូល​ការ​ប្រាក់ ​​គឺ​ជា​​​ប្រភព​ដ៏​សំខាន់​ដែល​បាន​ជំរុញ​ឱ្យ​ធនាគារ​មាន​កំណើន ​និង​ប្រាក់​ចំណេញ​។​

នៅ​ត្រីមាស​ទី​៣ ឆ្នាំ ​២០២០ ចំណូល​ការ​ប្រាក់ ដែល​បាន​មក​ពី​ប្រាក់​កម្ចី​របស់​ធនាគារ​មាន​ចំនួន ១២៧,៣៧ លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ៩៩,៧៨ ភាគរយ ​នៃ​ចំណូល​ការ​ប្រាក់​សរុប​ឬ ៨៩,៤១% នៃ​ផល​ចំណូល​សរុប​។​

«​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ទើរ​តែ​គ្រប់​វិស័យ​អាជីវកម្ម រួម​ទាំង​វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផង​ដែរ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​បរិបទ​នេះ ធនាគារ​អេស៊ីលីដា​បាន​គ្រប់គ្រង​កំណើន​អាជីវកម្ម​របស់​ខ្លួន​ប្រកប​ដោយ​គុណភាព​»​។​

ស្លាក​សញ្ញា​ (​ឡូហ្គូ​) ​ថ្មី របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា ​«​និមិត្តិ​រូប​បក្សី​សួគ៌​» ឈរ​នៅ​ចំ​កណ្តាល​រង្វង់​មូល​ពណ៌​ខៀវ​ទឹក​ប៊ិក ដែល​បង្ហាញ​ពី​ភាព​រឹងមាំ និង​វឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព​។

ស្លាក​សញ្ញា ​(​ឡូហ្គូ​) ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែមករា ​ឆ្នាំ ​២០២១ ខាង​មុខ​៕