នៅ​ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​មួយ​នឹង​ភ្នំពេញ ​ប៉ុស្តិ៍ អ្នកស្រី Pauline Teoh (​ប៉ូលីន ទាវ​) អគ្គនាយិកា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត AIA Cambodia លើក​ឡើង​អំពី​ការ​ប្តេជ្ញា​របស់​ខ្លួន​សម្រាប់​កម្ពុជា​!

AIA ប្រារព្ធ​ខួប ១០០ ឆ្នាំ របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​។ អ្នកស្រី​បាន​ចាប់​ផ្តើម​ដឹកនាំ AIA Cambodia ក្នុង​ពេល​វេលា​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​។ តើ​អ្វី​ជា​ចក្ខុវិស័យ​របស់​អ្នកស្រី​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​?

ពិតណាស់​ខួប ​១០០ ឆ្នាំ របស់ AIA គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​។ AIA បាន​រីក​ចម្រើន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក ដោយ​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​ចំនួន ​១៨ ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ​២៨៤ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី ​៣១ ខែ​ធ្នូ ឆ្នាំ​មុន​។

ទោះយ៉ាង​ណា ខួប ​១០០ ​ឆ្នាំ​របស់​យើង​មិនមែន​ជា​ទិសដៅ​ទេ វា​គ្រាន់​តែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បន្ត​ដំណើរ​របស់​យើង ហើយ​វា​ជា​ពេលវេលា​ដ៏​ល្អ​ឥត​ខ្ចោះ ​ដើម្បី​សម្លឹង​ទៅ​រក​អនាគត​ដ៏​អស្ទារ្យ និង​ទៅ​រយៈពេល ​១០០ ​ឆ្នាំ​ខាង​មុខ​។ វា​គឺជា​អនាគត​ដែល​នឹង​មើល​ឃើញ​ពី​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ថ្មី​ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង និង​សម្រាប់​ជីវិត​របស់​យើង​។ អនាគត​ដ៏​អស្ទារ្យ​ដែល AIA ប្រកាន់​ជំហរ​ដ៏​រឹងមាំ គឺ​ការ​រីក​ចម្រើន ​១០០​ ​ឆ្នាំ​និង​ទៅ​មុខ​បន្ត​ទៀត​។ នេះ​គឺ​ជា​ចក្ខុវិស័យ របស់​យើង​សម្រាប់ AIA នៅ​គ្រប់​ទីកន្លែង​រួម​ទាំង​ប្រទេស​កម្ពុជា ​ផង​ដែរ​។

ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា យើង​បាន​កត់​សម្គាល់​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន និង​សហគមន៍​របស់​យើង ដូចជា​ការ​ផ្តល់​ជូន​បន្ថែម​នូវ​ការ​ធានា​រ៉ាប់រង​ដ៏​ពេញ​លេញ និង​ជា​អចិន្ត្រៃយ៍​ដោយ​ឥត​គិត​ថ្លៃ ការ​ផ្តល់​សម្ភារ​បាល់ទាត់​ដែល​មាន​គុណភាព​ខ្ពស់​ដល់​សាលារៀន​រដ្ឋ​ចំនួន ​១០០ ​សាលា ដោយ​​​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ប្រជាជន​ជាង ២៨០ ០០០ នាក់​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​ការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​រាប់​ពាន់​នាក់​ផង​ដែរ​។ ទាំង​នេះ ​គឺ​ជា​សកម្មភាព​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​ប្រជាជន​ឱ្យ​មាន​សុខភាព និង​ជីវិត​កាន់​តែ​ប្រសើ។

ទោះបី​មាន​ការ​គាំទ្រ​ពី​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​មាន​បទពិសោធន៍ ​១០០ ឆ្នាំ​ក្តី ក៏​អ្នកស្រី​កំពុង​ដឹកនាំ​ក្រុមហ៊ុន​ដែល​ទើប​តែ​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។ តើ​រហូត​មក​ដល់ ពេល នេះ AIA Cambodia មាន​ការ​រីក​ចម្រើន​ដូច​ម្តេចខ្លះ​ដែរ​?

ឧស្សាហកម្ម​ធានា​រ៉ាប់រង​កម្ពុជា នៅ​ក្មេង​ខ្ចី​ណាស់​។ ការ​ចាប់​ផ្តើម​របស់​ក្រុមហ៊ុន AIA Cambodia គឺ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​។ វា​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​សិក្សា​ស្រាវជ្រាវ​ទីផ្សារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា​យើង​មក​កាន់​ទីនេះ ​គឺ​ដើម្បី​បន្ថែម​គុណ​តម្លៃ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​ទាំង​អស់​នៅ​ទីនេះ​។​

ដោយ​បាន​ប្តេជ្ញា​ថា​នឹង​ដើរ​តួនាទី​ដឹកនាំ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្រោម​លក្ខខណ្ឌ​អំណោយ​ផល​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា យើង​បាន​បង្កើត​ដំណោះស្រាយ​ធានារ៉ាប់រង​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​នេះ ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាជន​កម្ពុជា និង​ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុ​ជីវិត​នៅ​ទី​នេះ ដោយ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​បាន​ដើរ​តាម​គន្លង​នេះ​ផង​ដែរ​។

ដំណោះស្រាយ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដំបូង​បង្អស់​របស់​យើង​ក៏​ត្រូវ​បាន​រៀបចំ​ទៅ​ជា​ច្រើន​បែប​ផែន ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផ្សេងៗ​គ្នា​របស់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​រាប់​ចាប់​ពី​គម្រោង​ធានា​រ៉ាប់រង​ដែល​មាន​តំលៃ​សមរម្យ រហូត​ដល់​គម្រោង​ការ​ការពារ​ខ្ពស់​បំផុត​។​

ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ​១៩ បាន​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា​នៅ​គ្រប់​ទីកន្លែង​។ តើ AIA បាន​ផ្តល់​ការ​ទំនុក​បម្រុង​ដល់​ប្រជាជន​កម្ពុជា​យ៉ាង​ណា​ខ្លះ ដើម្បី​ការពារ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ជំងឺ​នេះ​?

ជំងឺ​រាតត្បាត​កូវីដ ​១៩ គឺ​ជា​បញ្ហា​ប្រឈម​សកល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។ ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ គេ​បាន​មើល​ឃើញ​វិធាន​ការណ៍​ទប់ស្កាត់​ជាច្រើន​ដែល​ដាក់​ចេញ​ដោយ​​រដ្ឋាភិបាល ខណៈ​មនុស្ស​រាប់​លាន​គ្រួសារ​កំពុង​ជួប​ទុក្ខ​លំបាក ឬ​បាត់បង់​ការងារ ហើយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជាច្រើន​កំពុង​ជួប​ប្រទះ​នូវ​វិបត្ដិ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ខ្លី​នេះ​។

​អ្នកស្រី​ Pauline Teoh អគ្គនាយិកាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia។

បើ​ទោះបី​ស្ថានភាព​មិនមាន​ភាព​ប្រាកដ​ប្រជា​ក្នុង​រយៈពេល​ខ្លី​នេះ​ក្តី​ក៏​ការ​យល់ដឹង និង​តម្រូវការ​ចំពោះ​ដំណោះ​ស្រាយ​និង សេវាកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត AIA នៅ​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​វែង​។ AIA មាន​គោល​ជំហរ​រឹងមាំ​ពិសេស ដោយ​មាន​ភ្នាក់ងារ​ចែកចាយ និង​ហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ចាប់​យក​ឱកាស​រយៈពេល​វែង​ដ៏​ធំធេង​នៅ​ក្នុង​ទីផ្សារ​ធានា​រ៉ាប់រង​អាយុ​ជីវិត និង​សុខភាព​នៅ​កម្ពុជា​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ យើង​បាន​ផ្តល់ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​អតិថិជន​ថ្មី និង​ចាស់​ទាំង​អស់​នូវ​ការ​ធានា​រ៉ាប់រង​ដែល​មាន​ទឹក​ប្រាក់​ចំនួន ​៥០០ ដុល្លារ ​សម្រាប់​ការ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ និង​ចំនួន ៥ ០០០ ដុល្លារ សម្រាប់​មរណភាព​ដោយសារ​ជំងឺ​កូវីដ ​១៩។ នេះ​ជា​អត្ថប្រយោជន៍​បន្ថែម​លើ​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ស្រាប់​គ្រប​ដណ្ដប់​លើ​ការ​បាត់បង់​អាយុ​ជីវិត​ចំពោះ​រាល់​ជំងឺ​រួច​ជា​ស្រេច​។ ហើយ​ការ​ផ្តល់​ជូន​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ដល់​ថ្នាក់​យើង​ត្រូវ​បន្ត​ផ្តល់​ជូន​រហូត​ដល់​ចុង​ខែ​កញ្ញា​។​

ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​ជា​អចិត្រៃ្តយ៍​លើ​វិស័យ​ធានា​រ៉ាប់រង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ តើ AIA Cambodia បាន​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្តេច ​ដើម្បី​ភាព​ជោគជ័យ​បន្ត​ទៅ​មុខ​?

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ​១៩ បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​ជា​អចិត្រៃ្តយ៍៍​លើ​គ្រប់​ផ្នែក​នៃ​ជីវិត​ហើយ​វា​នឹង​មាន​បទដ្ឋាន​ថ្មី​ក្នុង​ការ​រស់​នៅ និង​ការ​ធ្វើ​ជំនួញ​។ ខណៈ​អ្នក​ផ្សេង​ទៀត​ប្រហែល​ជា​កំពុង​​ប្រញាប់ប្រញាល់​រៀបចំ​ខ្លួន​ឲ្យ​ស្របគ្នា​នឹង​ការ​ផ្លាស់ប្តូរ​ទាំង​នេះ AIA Cambodia បាន​ត្រៀម​លក្ខណៈ​បែប​នេះ​តាំង​ពី​ការ​បើក​សម្ពោធ​កាល​ពី ​៣ ​ឆ្នាំ​មុន​ម្លេះ។

ទោះ​យ៉ាងណា យើង​ក៏​បន្ត​អភិវិវឌ្ឍ​ខ្លួន​យើង​ជា​និច្ច ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ជំហរ​ឈាន​មុខ​គេ នៅ​ពេល​ដែល​ស្ថានភាព​កំពុង​វិវឌ្ឍ​ទៅ​មុខ​ផង​ដែរ​នោះ​។ វា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ជា​អចិត្រៃ្តយ៍​ហើយ​យើង​មើល​ឃើញ​ថា ​វា​ជា​ឱកាស​ដើម្បី​ការ​រីក​ចម្រើន​ថែម​ទៀត​។ មួយ​ក្នុង​ចំណោម​នោះ ​គឺ​ប្រជាជន​ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ការពារ​សុខភាព​របស់​ពួក​គេ​។

ចំណុច​នេះ​ គឺ​ស្រប​គ្នា​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​ជំរុញ​ការ​អប់រំ​សុខភាព​សាធារណៈ​សម្រាប់​ប្រជាជន​កម្ពុជា​។ ស្រប​គ្នា​ទៅ​នឹង​សារ​ជួយ​សង្គ្រោះ​ជីវិត និង​គោលការណ៍​ណែនាំ​សំខាន់​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក យើង​បាន​ធ្វើ​ការ​ជាមួយ​អ្នក​តំណាង​របស់​យើង ​គឺ​លោក David Beckham និង​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ​បាល់​ទាត់​កំពូល​អង់គ្លេស Premier League គឺ​ក្លិប Tottenham Hotspur ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​ផង​ដែរ​។​

ឧស្សាហកម្ម​ធានា​រ៉ាប់រង​នឹង​ត្រូវ​វិវឌ្ឍ​ខ្លួន​ក្រោយ​ជំងឺ​កូវីដ​នេះ​។ តើ​អ្នកស្រី​គិត​ថា ​វិស័យ​នេះ​នៅ​កម្ពុជា​នឹង​មាន​ការ​អភិវឌ្ឍ​ក្នុង​រយៈពេល​វែង​យ៉ាង​ដូចម្តេច​ដែរ​?

តម្រូវ​ការ​សម្រាប់​ធានា​រ៉ាប់រង​អាយុ​ជីវិត ​និង​សុខភាព បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​កើន​ឡើង​រយៈពេល​ខ្លី​នោះ​ទេ នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​កាន់​តែ​មាន​ការ​យល់ដឹង​ច្រើន អំពី​ការ​រៀបចំ​ផែនការ​ការពារ​សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​។ ពេល​ដែល​ដំណោះស្រាយ​ធានា​រ៉ាប់រង​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា​របស់ AIA Cambodia ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​ទីផ្សារ​ឆ្នាំ ២០១៧ វា​គ្រាន់​តែ​ជា​ជម្រើស​បន្ថែម​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។ បច្ចុប្បន្ន​ជាមួយ​នឹង​កំណើន​ដែល​អាច​មើល​ឃើញ​ជា​មុន ក្នុង​ការ​ទទួល​យក​ធានា​រ៉ាប់រង​នេះ ខ្ញុំ​ជឿជាក់​ថា ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កាន់​តែ​ច្រើន​នឹង​ធ្វើ​តាម​ការ​នាំ​មុខ​នេះ​។​

វា​មិនមែន​ជា​ជំរើស​ទៀត​ទេ ប៉ុន្តែ​ជា​ភាព​ចាំបាច់​មួយ​ដែល​ឧស្សាហកម្ម​ទាំង​​មូល​ត្រូវ​រួម​បញ្ចូល​នៅ​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​ពួក​គេ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​មាន​សេរីភាព និង​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​ការ​ការពារ​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ នេះ​គឺ​ជា​ការ​ប្រកួតប្រជែង​ដ៏​ល្អ ហើយ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា ដោយ​បង្កើន​អត្រា​នៃ​ការ​ជ្រាប​ចូល​ទីផ្សារ​នៃ​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត កើន​ឡើង​ច្រើន​ជា​បច្ចុប្បន្ន ដែល​មាន​តិច​ជាង​មួយ​ភាគរយ​។​

ការ​ប្តេជ្ញា​របស់ AIA ថា​នឹង​ជួយ​មនុស្ស​គ្រប់គ្នា​ឱ្យ​មាន​សុខភាព និង​ជីវិត​កាន់​តែ​ប្រសើរ​នឹង​ក្លាយ​ជា​បែប​ផែន​អាជីវកម្ម​ទូទៅ​សម្រាប់​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា​។ យើង​នឹង​មាន​មោទនភាព ព្រោះ​ថា​សម្រាប់​យើង នេះ​គឺ​ជា​បែប​ផែន​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព​តែ​មួយ​គត់ ដើម្បី​ជំរុញ​ឧស្សាហកម្ម​មួយ​នេះ​ឱ្យ​រីក​ចម្រើន​បាន​យូរ​អង្វែង​។

បើ​ទោះបី​ធ្លាប់​មាន​វិបត្តិ​កើត​ឡើង​ជាច្រើន​ពី​មុន​ក្តី​ក៏ AIA មិន​ដែល​ចាកចេញ​ពី​ទីផ្សារ​ទាំង ​១៨ របស់​ខ្លួន​ដែរ​។ ដូច្នេះ ក្នុង​អំឡុង​ពេល​កំពុង​ជួប​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​នេះ សូម​អ្នក​ស្រី​រៀបរាប់​អំពី​ភាព​រឹងមាំ​របស់ AIA Cambodia​។

នៅ​ពេល​ដែល AIA បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ គឺ​យើង​នៅ​ទីនេះ​យូរ​អង្វែង​ជា​រៀង​ដរាប​សម្រាប់​អតិថិជន​របស់​យើង​រាប់​សិប​ជំនាន់​ទៅ​មុខ​ បើ​ទោះបី​ជា​មាន​ហេតុការណ៍​ណា​មួយ ដែល​អ្នក​ផ្សេង​មើល​ថា ​ជា​ការ​លំបាក​ក៏​ដោយ​។ យើង​មិន​ដែល​ទុក​អតិថិជន​យើង​ចោល​ម្តង​ណា​ឡើយ ទោះបី​ស្ថានភាព​លំបាក​យ៉ាង​ណា​ក្តី ហើយ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នេះ​ក៏​មិន​ខុស​គ្នា​ដែរ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក យើង​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ លើ​បទពិសោធន៍ ជំនាញ និង​ហិរញ្ញវត្ថុ​របស់​យើង​។ បច្ចុប្បន្ន យើង​ទទួល​បាន​ទំនុក​ចិត្ត​ពី​សំណាក់​អតិថិជន​រាប់​លាន​នាក់​នៅ​ទូទាំង​តំបន់ ជាមួយ​នឹង​ទឹក​ប្រាក់​ធានារ៉ាប់រង​សរុប​ចំនួន ១៧៤ ម៉ឺន​លាន​ដុល្លារ​អាមេរិក​។ នៅ​ក្នុង​ឆ្នាំ ២០១៩ យើង​បាន​ផ្តល់​ការ​ការពារ​ច្រើន​ជាង ​១៤ ​លាន​សំណង ជួយ​អតិថិជន ​និង​គ្រួសារ​របស់​​ពួក​គាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៅ​គ្រប់​ដំណាក់​កាល​នៃ​ជីវិត ជាមួយ​នឹង​សេវាកម្ម​លំដាប់​ពិភព​លោក​របស់​យើង​។​

ជំងឺ​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពិភព​លោក​ទាំង​មូល ប៉ុន្តែ​គ្រឹះ​ដែល​មិន​អាច​រង្គោះរង្គើរ​របស់​យើង គឺ​​មាន​ន័យថា AIA មាន​សមត្ថភាព​គ្រប់គ្រាន់​មិន​ត្រឹមតែ​អាច​ទប់ទល់​នឹង​បញ្ហា​បែប​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​អតិថិជន​របស់​យើង​ឱ្យ​ឆ្លង​កាត់​ពេលវេលា​ដ៏​លំបាក​នេះ​ផង​ដែរ​។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ប្រតិបត្តិការ​ដ៏​រឹងមាំ​ដែល​បាន​រៀបចំ​រួច​រាល់ ដោយ​ចក្ខុវិស័យ​របស់​យើង​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ត្រៀម​ខ្លួន​របស់​ក្រុមហ៊ុន​សម្រាប់​ប្រតិបត្តិការ​ផ្អែក​លើ​បច្ចេកវិទ្យា​តាំង​តែ​ពី​មុន​មក​ម្ល៉េះ​។

ពេល​នេះ គឺ​ជា​ពេលវេលា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ ហើយ​យើង​កំពុង​មើល​ឃើញ​ពី​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភព​លោក ប៉ុន្តែ​អតិថិជន​របស់​យើង​អាច​បន្ត​ពឹង​ផ្អែក​លើ​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់ AIA និង​កិត្តិនាម​ឈាន​មុខ​គេ​នៅ​លើ​ទីផ្សារ ស្រប​ពេល​ដែល​យើង​ជួយ​ការពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ​​របស់​ពួក​គាត់​៕ ​